អន្តរជាតិ
ទីក្រុងស៊ីដនីបើកឡើងវិញក្រោយបិទខ្ទប់ជិត៤ខែ ខណៈអូស្រ្តាលីគ្រោងបើកប្រទេសរស់នៅជាមួយជំងឺកូវីដ-១៩
11, Oct 2021 , 3:29 pm        
រូបភាព
អាគារ Sydney Opera House ក្នុងទីក្រុងស៊ីដនី។ រូបថត Xinhua
អាគារ Sydney Opera House ក្នុងទីក្រុងស៊ីដនី។ រូបថត Xinhua
ដោយ៖ឡាយ ស្រីពេជ្រ 
 
បន្ទាប់ពីការបិទអស់រយៈពេលជិត៤ខែ ហាងកាហ្វេ ​កន្លែងហាត់ប្រាណ និងភោជនីយដ្ឋាននៅទីក្រុងស៊ីដនី ចាប់ផ្ដើមស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងពេញលេញឡើងវិញនៅថ្ងៃទី១១ ខែតុលា ខណៈអូស្រ្តាលីមានបំណងរស់នៅ និងសម្របខ្លួនជាមួយនឹងជំងឺកូវីដ-១៩ ។ អត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ជាកត្តាដែលជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ប្ដូរយុទ្ធសាស្រ្តដើម្បីបើកប្រទេសឡើងវិញបន្តិចៗម្តង។

 
«ខ្ញុំគិតថា អ្នករាល់គ្នានៅទូទាំងរដ្ឋពិតជារំភើបចំពោះអ្វីដែលបានទន្ទឹងរង់ចាំអស់រយៈពេល១០០ថ្ងៃ មកនេះ»។ ​លោក Dominic Perrottet នាយករដ្ឋមន្ត្រីនៃរដ្ឋ New South Wales ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Seven News នៅថ្ងៃទី១១ ខែតុលា ខណៈស៊ីដនី ដែលជាទីក្រុងធំរបស់រដ្ឋមួយនេះ ចាប់ផ្ដើមបើកសកម្មភាពជាថ្មីសម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។
 
ហាងស្រាមួយចំនួននៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់អូស្រ្តាលី បានបើកទ្វារនៅម៉ោង ១២:០១ នាទីព្រឹកចូលថ្ងៃទី១១ខែតុលា ខណៈប្រជាជនអូស្ត្រាលី បានជួបជុំគ្នាផឹកស្រាបៀរទាំងកណ្តាលយប់ផងនោះ ជាមួយនឹងរូបភាពបង្ហាញពីសកម្មភាពរបស់ប្រជជន ត្រូវបានបង្ហាញតាមរយៈទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេង។
 
លោក Perrottet​​​​​​ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថា​​​​ លទ្ធផលនេះ ជាការរួមចំណែករបស់ប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការ ​ហើយវាជាភាពជោគជ័យមួយផងដែរ។ ប៉ុន្តែលោកបានជំរុញឱ្យអ្នករស់នៅទីក្រុងស៊ីដនី កាត់បន្ថយក្ដីរំភើបសប្បាយរបស់ពួកគេចំពោះការបើកឡើងវិញនេះ ដោយលោកបានព្រមានថា ការឆ្លងជំងឺកូវីដ-១៩ នឹងអាចកើនឡើងបន្ទាប់ពីនេះ។
 
នៅក្រោមវិធានការបន្ធូបន្ថយនេះ មនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ អាចប្រមូលផ្តុំគ្នានៅផ្ទះបាន ឯពិធីមង្គលការ និងបុណ្យសពអាចមានអ្នកចូលរួម១០០នាក់។ បន្ថែមពីនេះទៀត ហាងផ្សេងៗអាចបើកបានទទួលភ្ញៀវបានខ្លះឡើងវិញរហូតដល់ចុងខែតុលា ទើបអាចមានការបន្ធូរបន្ថយកាន់ច្រើនជាងនេះ នៅពេលប្រជាជន៨០ភាគរយទទួលបានវ៉ាក់សាំពេញលេញ។ ប៉ុន្តែអ្នកមិនទាន់ទទួលវ៉ាក់សាំង នឹងត្រូវនៅផ្ទះរហូតដល់ថ្ងៃទី១ ខែធ្នូ។
 
ខណៈការចាក់វ៉ាក់សាំងមានសន្ទុះកើនឡើង អូស្ត្រាលី កំពុងរៀបចំផែនការវិលត្រឡប់ទៅរកភាពប្រក្រតីវិញបន្តិចម្តងៗដោយអនុញ្ញាតឱ្យអ្នកដែលទទួលបានវ៉ាក់សាំងពេញលេញចូលនិងចាកចេញពីប្រទេសដោយសេរីចាប់ពីខែវិច្ឆិកាខាងមុខនេះ។ រដ្ឋ New South Wales គ្រោងពន្លឿនគោលដៅនេះឱ្យលឿនជាងការកំណត់របស់រដ្ឋាភិបាល ក្រោយឈានដល់គោលដៅ៧០ភាគរយនៃការចាក់វ៉ាក់សាំងពេញលេញសម្រាប់ប្រជាជនពេញវ័យរបស់ខ្លួន។ ជាមួយនឹងការបើកទីក្រុងស៊ីដនីឡើងវិញ រដ្ឋនេះកំពុងមើលថា តើស្ថានភាពរស់នៅជាមួយជំងឺកូវីដ-១៩ នឹងទៅជាយ៉ាងណា?
 
អូស្រ្តាលី បិទព្រំដែនអន្តរជាតិតាំងពីខែមិនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩នៅអូស្រ្តាលីមានចំនួនប្រហែល១២ម៉ឺនករណី និង ស្លាប់ចំនួន១៤៤០នាក់៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com