អន្តរជាតិ
ម៉ាឡេស៊ីបើកទេសចរណ៍ក្នុងស្រុកឡើងវិញ ខណៈប្រជាជនពេញវ័យជាង៩០ភាគរយចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់
11, Oct 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ម៉ាឡេស៊ី បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញដល់ប្រជាជនពេញវ័យចំនួន៩០,០២ភាគរយនៃប្រជាជនពេញវ័យសរុប បន្ទាប់ពីវ៉ាក់សាំងជិត១៣ម៉ឺនដូសទៀត ត្រូវបានចាក់នៅថ្ងែទី១០ ខែតុលា។ នេះបើតាមការប្រកាសគណៈកម្មាធិការពិសេសទទួលបន្ទុកផ្គត់ផ្គង់វ៉ាក់សាំងម៉ាឡេស៊ី។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក៏បានប្រកាសបើកដំណើរការទេសចរណ៍ក្នុងស្រុកឡើងវិញផងដែរក្រោយប្រជាជនជាង៩៤ភាគរយ ទទួលវ៉ាក់សាំងមួយដូស។


នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញ Twitter នៅថ្ងៃទី១១ ខែតុលា គណៈកម្មាធិការវ៉ាក់សាំងម៉ាឡេស៊ី អះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជាង៤៥លានដូស ត្រូវបានប្រើប្រាស់ចាប់តាំងការចាប់ផ្តើមកម្មវិធីចាក់ថ្នាំវ៉ាក់សាំងថ្នាក់ជាតិរហូតមកដល់ពេលនេះ។ គណៈកម្មាធិការដដែល ក៏បានរាយការណ៍ផងដែរថា៩៤,៨ភាគរយនៃប្រជាជនពេញវ័យទាំងអស់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងតិចមួយដូសរួចហើយ។
 
ទន្ទឹមកនឹងចំនួនពលរដ្ឋចាក់វ៉ាក់សាំងរួចមានចំនួនលើស៩០ភាគរយបែបនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប ប្រកាសនៅថ្ងៃទី១០ ខែ តុលាថា នឹងបើកដំណើរការទេសចរណ៍ក្នុងស្រុកចាប់ពីថ្ងៃទី ១១ ខែតុលា។ ប៉ុន្តែប្រជាជនទាំងនោះត្រូវចាក់វ៉ាក់សាំងឱ្យបានពេលលេញជាមុនទើបអាចធ្វើដំណើរបាន។ 
 
«ប្រជាជនម៉ាឡេស៊ីមានសេរីភាពជួបជុំជាមួយពុកម្តាយរបស់ពួកគេ ហើយថែមទាំងធ្វើដំណើរកំសាន្តផងដែរ» ។ លោក អ៊ីស្មាអ៊ីល លើកឡើងបែបនេះស្របពេល ៩០ ភាគរយនៃប្រជាជនពេញវ័យបានចាក់វ៉ាក់សាំងពេលលេញហើយ។
 
យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ី ចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ជាង២លាន៣សែននាក់ ខណៈអ្នកស្លាប់សរុបកើនឡើងដល់ជាង២ម៉ឺន៧ពាន់នាក់។
ម៉ាឡេស៊ីបានប្រើប្រាស់ វ៉ាក់សាំង AstraZeneca, CanSino Biologic, វ៉ាក់សាំង Janssen របស់ក្រុមហ៊ុន Johnson & Johnson និងវ៉ាក់សាំង Sinovac ផងដែរ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com