អន្តរជាតិ
វិស្វករនាវាមុជទឹកនុយក្លេអ៊ែរអាម៉េរិកម្នាក់ ត្រូវបានចាប់ខ្លួនពីបទលក់ទិន្នន័យសម្ងាត់
11, Oct 2021 , 4:29 pm        
រូបភាព
វិស្វករអាម៉េរិកម្នាក់ឈ្មោះ Jonathan Toebbe ដែលធ្វើការក្នុងកងទ័ពជើងទឹក និងភរិយា ត្រូវបានចាប់ខ្លួនពីបទលក់ព័ត៌មានសម្ងាត់​នៃនាវាមុជទឹកនុយក្លេអ៊ែរ។ នេះបើតាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាម៉េរិកនៅថ្ងៃទី១០​ ខែតុលា។ ប្ដីប្រពន្ធមួយគូ ត្រូវបានចោទប្រកាន់ពីបទរំលោភ​ច្បាប់​ថាមពល​អាតូមិក​តាមរយៈការចែកចាយព័ត៌មានទាក់ទងថាមពលនុយក្លេអ៊ែរដោយខុសច្បាប់។

 
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាម៉េរិក លោក Jonathan Toebbe និងភរិយា របស់លោក Diana Toebbe ត្រូវបានចាប់ខ្លួនដោយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នៅ ថ្ងៃ ទី៩ ខែតុលាក្នុងរដ្ឋ West Virginia។​ ក្រសួង​យុត្តិធម៌អាម៉េរិកបញ្ជាក់ថា លោក Toebbe វ័យ៤២ឆ្នាំ​ ជា វិស្វករសាងសង់នាវាមុជ​ទឹក​អាម៉េរិក​ផ្នែកថាមពលនុយក្លែអ៊ែរ​។ 
 
នៅឆ្នាំ២០២០ លោកបានបញ្ជូនកញ្ចប់ទិន្នន័យសម្ងាត់​មួយទៅកាន់​ប្រទេស​ដែល​មិនបញ្ចេញអត្តសញ្ញាណ។ ក្រោយមកលោក Toebbe បានចាប់ផ្តើមបន្ត​លក់ទិន្នន័យ​សម្ងាត់​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ក្នុងទម្រង់រូបិយប័ណ្ណអេឡិចត្រូនិកទៅឱ្យបុគ្គលដែលប្ដីប្រពន្ធទាំងពីរនាក់ជឿថា ជាមន្ត្រីបរទេស ដែលតាមពិតជាមន្រ្តី FBI សោះ។ 
 
ក្រសួងយុត្តិធម៌អាម៉េរិកលើកឡើងទៀតថា ទីភ្នាក់ងារ FBI បានផ្ញើប្រាក់ចំនួន១ម៉ឺនដុល្លារជារូបិយ​ប័ណ្ណអេឡិចត្រូនិកទៅលោក Toebbe ជាការទូទាត់មុនពេលលោកយល់ព្រមធ្វើ ដំណើរទៅ​កាន់​ទីតាំង​មួយនៅរដ្ឋ West Virginia ដើម្បីដោះដូរទិន្នន័យ។ ភរិយារបស់លោកបា​នជួយឃ្លាំមើល​ផ្លូវនៅ​ពេល​ដែលលោកបានលាក់កាតមេម៉ូរីនៅក្នុងសាំងវិចនៅទីតាំងដោះដូរសម្ងាត់មួយដែលបានរៀបចំទុកជាមុន។
 
កាតមេម៉ូរីខាងលើ មានផ្ទុកទិន្នន័យរសើបនៃរចនាសម្ព័ន្ធយោធាប្រតិបត្តិការ ប៉ារ៉ាម៉ែត្រ និង​លក្ខណៈ​ប្រតិបត្តិការនៃរ៉េអាក់ទ័រនាវាមុជទឹក USS Virginia ។ នេះបើយោងតាមឯកសារ​របស់តុលាការសហព័ន្ធ​អាម៉េរិក។
 
លោក Toebbe និងភរិយា នឹងត្រូវបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Martinsburg រដ្ឋ West Virginia នៅថ្ងៃទី១២ ខែតុលា៕
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com