រថយន្ត
អន្តរជាតិ
រុស្ស៊ីចាប់ផ្តើមនាំចេញរថយន្តទំនើបទៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៅឆ្នាំ២០២២
11, Oct 2021 , 8:29 pm        
រូបភាព
រថយន្ត Aurus Senat នាព្រឹត្តិការណ៍ Moscow International Motor Show នៅមូស្គូ កាលពីខែសីហា ឆ្នាំ២០១៨។ រូបថត AFP
រថយន្ត Aurus Senat នាព្រឹត្តិការណ៍ Moscow International Motor Show នៅមូស្គូ កាលពីខែសីហា ឆ្នាំ២០១៨។ រូបថត AFP
ដោយ: ធីតា
លោក Adil Shirinov អគ្គនាយកក្រុមហ៊ុនយានយន្តរុស្ស៊ី Aurus បានបង្ហាញពីគម្រោងនៃការនាំចេញរថយន្តទំនើបប្រភេទ Premium ទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង នាឆ្នាំ២០២២ ខាងមុខនេះ។

 
«ខ្ញុំរំពឹងថា ការនាំចេញនឹងដំណើរការបានយ៉ាងជាក់ច្បាស់នៅឆ្នាំក្រោយ។ រថយន្តប្រណីតរបស់យើងគឺផ្តោតទៅលើការនាំចេញ»។ នេះជាការអះអាងរបស់លោក Shirinov ដោយមានដៃគូភាគហ៊ុនបរទេស Tawaszun ជាអ្នករ៉ាប់រងទីផ្សារនៅតំបន់ MENA (មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង)។
 
អគ្គនាយកក្រុមហ៊ុន Aurus បានបញ្ជាក់ថា ការនាំចេញប្រមាណ៧០ភាគរយ គឺជារថយន្តដែលផលិតនៅរោងចក្រ Yelabuga នៃសាធារណរដ្ឋ Tatarstan របស់រុស្ស៊ី ហើយ៣០ភាគរយទៀត គឺដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
 
ក្រុមហ៊ុនរុស្ស៊ី ក៏បានដាក់គោលដៅទៅកាន់ទីផ្សារចិន និងអឺរ៉ុប ផងដែរ ប៉ុន្តែវាជាជំហានបន្ទាន់។ «ក្នុងផែនការផ្នែកលក់ រថយន្តទាំងអស់ដែលត្រូវបានចែកចាក ដោយអនុវត្តតាមកូតា មិនមែនតែប្រភេទរថយន្ត Avilon នោះឡើយ»។ លោក Shirinov បានបញ្ជាក់យ៉ាងដូច្នេះ។
 
Aurus ជាប្រភេទរថយន្តប្រណីតរុស្ស៊ីដំបូងដែលមានវត្តមាននៅលើទីផ្សារអន្តរជាតិ។ វាមានប្រភេទរថយន្ត Limousine, Sedan, Minivan និង Off-road ជាដើម។ Aurus Senat ជារថយន្តសំណព្វរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ផងដែរ ដោយមានវាមានតម្លៃក្នុងខ្ទង់ជាង៣៣ម៉ឺនដុល្លារអាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com