អន្តរជាតិ
អង់គ្លេសនិងអាម៉េរិក ព្រមានពលរដ្ឋខ្លួនពីគ្រោះថ្នាក់នៅតាមសណ្ឋាគារក្នុងក្រុងកាប៊ុល
11, Oct 2021 , 5:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ប្រទេសលោកខាងលិចមាន​អាម៉េរិក និងអង់គ្លេស នៅថ្ងៃទី១១ ខែតុលា បានព្រមានទៅកាន់ប្រជាជនខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការស្នាក់នៅតាមបណ្តាសណ្ឋាគារនៅអាហ្វហ្គានីស្ថាន។ការព្រមាននេះធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏សាហាវជាបន្តបន្ទាប់ពីសំណាក់សាខាក្រុមរដ្ឋឥស្លាម។


សាខាក្រុមរដ្ឋឥស្លាមនៅអាហ្វហ្កានីស្ថាន (ISIS-K) បានបង្កើនសកម្មភាពរបស់ខ្លួននៅអាហ្វហ្កានីស្ថានក្រោយក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី។ ក្រុម ISIS-K និងក្រុមតាលីបង់ ជាសត្រូវស៊ីសាច់ហុតឈាមដែលដណ្ដើមការត្រួតត្រាទឹកដីនៅអាហ្វហ្កានីស្ថាន។ ក្រុម ISIS-K នេះ ប្រកាសនៅពីក្រោយការវាយប្រហារធំៗចំនួននៅទីក្រុងកាប៊ុល និងខេត្ត Kunduz ដែលសម្លាប់ជីវិតមនុស្សរាប់សិបនាក់។ 
 
អាមេរិក និងអង់គ្លេស នៅថ្ងៃទី១១ ខែតុលា បានចេញសារព្រមានពលរដ្ឋខ្លួនដែលស្នាក់នៅអាហ្វហ្កានីស្ថានឱ្យបង្កើនការប្រយ័ត្នប្រយែង ពិសេសចៀសវាងការស្នាក់នៅតាមសណ្ឋាគារ។ នៅទីក្រុងកាប៊ុល សណ្ឋាគារសេរ៉េណា ត្រូវមើលឃើញថា ជាគោលដៅមួយនៃការវាយប្រហារ។
 
«ពលរដ្ឋអាម៉េរិកដែលស្នាក់នៅឬជិតសណ្ឋាគារ សេរ៉េណា គួរតែឆាប់ចាកចេញជាបន្ទាន់។» ក្រសួងការបរទេសអាម៉េរិកចេញសារព្រមានបែបនេះដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខក្នុងតំបន់។
 
ចំណែកក្រសួងការបរទេសអង់គ្លេសវិញ ព្រមានដែរថា ​កម្រិតហានិភ័យបានកើនឡើង។ ប្រជាជនអង់គ្លេស ក៏ត្រូវបានណែនាំមិនឱ្យស្នាក់នៅតាមសណ្ឋាគារជាពិសេសក្នុងក្រុងកាប៊ុលដូចជាសណ្ឋាគារ សេរ៉េណាជាដើម។
 
សណ្ឋាគារ សេរ៉េណា ជាសណ្ឋាគារដ៏ល្បីល្បាញនិងប្រណីតប្រចាំក្រុងកាប៊ុលដែលអ្នកស្នាក់នៅភាគច្រើនសុទ្ធជាអ្នកជំនួញបរទេស និងភ្ញៀវបរទេស មុនពេលក្រុមតាលីបង់ឡើងគ្រប់គ្រងឡើងវិញ។  សណ្ឋាគារនេះ ក៏ធ្លាប់ជាគោលដៅវាយប្រហារពីរដងដោយក្រុមតាលីបង់ផងដែរ៕
 

Tag:
 អង់គ្លេស
  អាម៉េរិក
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com