អន្តរជាតិ
ចិននិងឥណ្ឌា បន្ទោសគ្នាទៅវិញទៅមក ក្រោយការចរចាកាត់បន្ថយភាពតានតឹងតាមព្រំដែនបរាជ័យ
11, Oct 2021 , 10:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
កិច្ចពិភាក្សារវាងមេបញ្ជាការកងទ័ពឥណ្ឌានិងចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ ដែលមានការប៉ះទង្គិចតាមព្រំដែន ដែលធ្វើឡើងនៅចុងសប្ដាហ៍មុន បានបញ្ចប់ដោយភាពជាប់គាំងគ្មានលទ្ធផល។ ចិននិងឥណ្ឌា ក៏បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យនៃកិច្ចចរចានេះ។


មេបញ្ជាការយោធាចិន និងឥណ្ឌា បានជួបចរចាគ្នានៅថ្ងៃទី១០ ខែតុលា ដើម្បីជជែកពីការបន្ធូរបន្ថយការប្រឈមមុខដាក់គ្នានៅតាមព្រំដែន។ ប៉ុន្តែការចរចាលើកនេះ មិនទទួលបានលទ្ធផលផ្លែផ្កាឡើយ ខណៈភាគីទាំងពីរ ចង្អុលមុខដាក់គ្នា និងចោទគ្នាទៅមកថា ធ្វើឱ្យការចរចាមិនបានផល។ ការជាប់គាំងនេះ មានន័យថាប្រទេសទាំងពីរនឹងរក្សាកងទ័ពនៅតំបន់ Ladakh ដែលជាតំបន់ជម្លោះរហូតដល់រដូវ​រងារជាលើកទី២។ 
 
ក្រសួងការពារជាតិឥណ្ឌា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១១ ខែតុលា បានលើកឡើងថា ខ្លួនបានលើកឡើងសំណូមពរក្នុងន័យស្ថាបនា ប៉ុន្តែភាគីចិនមិនយល់ព្រមនឹងសំណូមពរនេះ។ ​ ឯក្នុងសេចក្តីថ្លែងការណ៍ដោយឡែក អ្នកនាំពាក្យយោធាចិនបាននិយាយថា ភាគីឥណ្ឌាប្រកាន់ខ្ជាប់ការទាមទារមិនសមហេតុផលនិងមិនប្រាកដនិយម ដែលសកម្មភាពនេះជាការបន្ថែមការលំបាកដល់ការចរចា។
 
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការភូមិភាគខាងលិច វរសេនីយ៍ឯកលោក Long Shaohua ដែលជាអ្នកនាំពាក្យ និយាយថា ការប្តេជ្ញាចិត្តរបស់ចិនក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនគឺមិនប្រែប្រួលឡើយ ហើយចិនក៏ព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនដែរ។ អ្នកនាំពាក្យដដែលនេះ ក៏បានព្រមានឥណ្ឌាថា កុំគិតគូរខុសស្ថានការណ៍ និងត្រូវធ្វើសកម្មភាពដោយស្មោះត្រង់។
 
គួរបញ្ជាក់ថា នៅតាមបណ្ដោយព្រំដែនដែលមានជម្លោះក្រោយសង្រ្គាមតាំងពីឆ្នាំ១៩៦២ ភាគីទាំងពីរបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់រួមនឹងកាំភ្លើងធំ រថពាសដែក និងយន្តហោះចម្បាំងជាដើម៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com