អន្តរជាតិ
កិច្ចប្រជុំកំពូលជីវៈចម្រុះរបសអង្គការសហប្រជាជាតិចាប់ផ្តើមបើកដំណើរការដោយចិនជាអ្នកដឹកនាំ
11, Oct 2021 , 11:30 pm        
រូបភាព
ដោយ:
កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការការពារជីវៈចម្រុះ (COP15) បានចាប់ផ្តើមជាផ្លូវការនៅ ទីក្រុងគុនមីង ចិន តាមប្រព័ន្ធវីដេអូ ក្នុងថ្ងៃទី១១ ខែតុលា។ កិច្ចប្រជុំ COP15 ធ្វើឡើង ស្របពេលបណ្តាប្រទេសនានា កំពុងព្យាយាមដោះស្រាយបញ្ហាការបំពុល និងការពារការផុតពូជទ្រង់ទ្រាយធំ មុនសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ COP26 ប្រព្រឹត្តិទៅ នៅចុងខែតុលា។

 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនដែលជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេលើពិភពលោក បានព្យាយាមធ្វើខ្លួនជាមេដឹកនាំពិភពលោកលើបញ្ហាអាកាសធាតុ បន្ទាប់ពីអាម៉េរិក ក្រោមការដឹកនាំរបស់លោកដូ ណាល់ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន។ 
 
កិច្ចប្រជុំ COP15 នេះ ត្រូវបានបែកចែងជាពីរដំណាក់កាល ដោយកិច្ចប្រជុំក្នុងដំណាក់ការទីមួយ ធ្វើឡើងប្រព័ន្ធវីដេអូ ដោយចាប់ផ្តើមពីរសៀលថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែតុលា។ ចំណែកដំណាក់ទី២ នឹងធ្វើឡើងក្នុងជំនួបជួបផ្ទាល់នៅថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភាឆ្នាំ២០២២។
 
ការបើកប្រជុំ COP15 ឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុង គុនមីង ភាគនិរតីនៃចិន។ គោលដៅរបស់កិច្ចប្រជុំមួយនេះ នឹងកំណត់ឱ្យបានលើដែនការពារចំនួន ៣០ភាគរយ ទាំងនៅលើដី និងសមុទ្រ, បញ្ចប់ការបោះឆ្នោតកាកសំណល់ក្នុងសមុទ្រ, ការគ្រប់គ្រងប្រកបដោយចីរភាពលើវិស័យកសិកម្ម និងព្រៃឈើ។ 
 
បច្ចុប្បន្ននេះសត្វ និងរុក្ខជាតិប្រហែលមួយលានប្រភេទត្រូវបានរងការគំរាមកំហែងជិតផុតពូជ ខណៈសកម្មភាពទន្រ្ទានរបស់មនុស្សលើជម្រកសត្វ ការកេងប្រវ័ញ្ចហួសកម្រិត ការបំពុល និងបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង។ ចិន នៅសប្តាហ៍មុន បានអះអាងថា៖ «ខ្លួននឹងផ្តល់អាទិភាពខ្ពស់លើការការពារជីវៈចម្រុះ ដោយបង្កើតតំបន់ការពារ និងឧទ្យានជាតិ»។ 
 
ចិន ក៏បានសន្យាផងដែរថា នឹងកាត់បន្ថយកាបូនចំនួន ៣០ភាគរយត្រឹមឆ្នាំ២០៣០ និងសម្រេចដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ ប៉ុន្តែសព្វថ្ងៃនេះ ចិនជាប្រទេសនាំចូលធ្យូងថ្ម ច្រើនជាងគេលើពិភពលោក និងជាប្រភពនៃការបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេ៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com