អន្តរជាតិ
WHO ណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ «RTS,S»ឱ្យបានទូលំទូលាយ
12, Oct 2021 , 10:06 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៦ ខែតុលា បានណែនាំឱ្យប្រើប្រាស់វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនចាញ់ RTS,S/AS01 (RTS,S) សម្រាប់កុមារឱ្យបានទូលំទូលាយក្នុងតំបន់​ប្រឈមការឆ្លង​ជំងឺខ្លាំងដូចជា អនុតំបន់សាហារ៉ា ក្នុងទ្វីបអាហ្រ្វ៊ិក។ វ៉ាក់សាំងបង្ការជំងឺ​គ្រុនចាញ់ RTS,S គឺជាវ៉ាក់សាំង​ដំបូង​បង្អស់ ដែលបានបង្កើតឡើង ដើម្បីបង្ការជំងឺគ្រុន​ចាញ់ និងទប់ស្កាត់​ការរងគ្រោះ​ធ្ងន់ធ្ងរ​ចំពោះកុមារ។

 
វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ RTS,S/AS01 (RTS,S) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧ និងមានការរីកចម្រើន​គួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នៅថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឱ្យប្រើ​ប្រាស់​វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់រកឃើញដំបូងនេះ ក្នុងលក្ខខណ្ឌទូលំទូលាយជាងមុន ចំពោះកុមារ​នៅតំបន់ប្រឈម​ការឆ្លងជំងឺខ្លាំង ពិសេសនៅអនុតំបន់សាហារ៉ា ទ្វីបអាហ្រ្វិក។ នេះបើតាមការ​ចុះផ្សាយលើទំព័រផ្លូវការ WHO។
 
កន្លងមក វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ (RTS,S) ប្រមាណជាង ២,៣លានដូស ត្រូវបានចាក់​ឱ្យ​កុមារនៅ ហ្គាណា កេនយ៉ា និងម៉ាឡាវី សរុបបានជាង ៨០ម៉ឺននាក់​ រួចហើយគិតតាំងពីឆ្នាំ​២០១៩។ កម្មវិធីចាក់វ៉ាក់សាំងនេះ ទទួលបានលទ្ធផលល្អប្រសើរ ដែលអាចកាត់បន្ថយករណី​ឆ្លងជំងឺគ្រុន​ចាញ់​ថ្មី និងករណីស្លាប់បានយ៉ាងច្រើន។ ដោយមើលឃើញបែបនេះ WHO ក៏ណែនាំឱ្យប្រើ​ប្រាស់​វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ (RTS,S) ឱ្យបានទូលំទូលាយជាង​មុន។
 
«ការយកវ៉ាក់សាំងប្រភេទនេះធ្វើជាឧបករណ៍ចម្បងដើម្បីការពារជំងឺគ្រុនចាញ់ អាចជួយសង្គ្រោះជីវិត​ក្មេងៗបានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ»។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត។
 
ជារៀងរាល់ឆ្នាំ កុមារអាយុក្រោម ៥ឆ្នាំ ចំនួនជាង ៤០ម៉ឺននាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់។ ក្នុងនោះ ករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ភាគច្រើនបានកើតមាននៅអនុតំបន់សាហារ៉ា ​ទ្វីបអាហ្វ្រិក ពោលគឺជាង២៦ម៉ឺននាក់ ដែលធ្វើឱ្យវាក្លាយជាវិបត្តិសុខភាពដ៏ធំក្នុងតំបន់​។ ដូច្នេះ WHO បានជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ឱ្យបានទូលំទូលាយក្នុង​ទ្វីបអាហ្រ្វិកដែលជាតំបន់រងគ្រោះខ្លាំង។
 
គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ត្រូវចាក់ចំនួន ៤ដូស ចំពោះទារកចាប់ពីអាយុ៥ខែ រហូតដល់កុមារអាយុ ៥ឆ្នាំ។ ទាក់ទិននឹងប្រសិទ្ធភាពវ៉ាក់សាំង RTS,S អង្គការ WHO បានអះអាងថា វាអាចកាត់បន្ថយហានិភ័យ​ស្លាប់បាន ៣០ភាគរយ។ ដោយឡែក ការស្រាវជ្រាវមួយដែលបាន​ចុះផ្សាយ​លើទិនានុប្បវត្តិវេជ្ជសាស្ត្រ New England កាលពីចុង​ខែសីហា បានរកឃើញថា ការប្រើប្រាស់​វ៉ាក់​សាំង RTS, S រួមជាមួយឱសថ​ប្រឆាំងជំងឺ​គ្រុនចាញ់បន្ថែម នឹងអាចកាត់បន្ថយ​ហានិភ័យ​នៃការស្លាប់របស់​កុមារបានដល់ជាង ៧០ភាគរយ​ឯណោះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com