អន្តរជាតិ
ថៃ លុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេសចាក់វ៉ាក់សាំងរួច និងមកពីប្រទេសមាន​ហានិភ័យ​ទាប
12, Oct 2021 , 10:25 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសនៅថ្ងៃទី១១ ខែតុលា ថា ថៃនឹងលុប ចោលការធ្វើ​ចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ពេញលេញ និងធ្វើដំណើរមកពីប្រទេសមានហានិភ័យទាប។ យ៉ាងណាមិញ ភ្ញៀវទេសចរមកពី​ប្រទេស​ដែល​មិន​ស្ថិត​ក្នុងបញ្ជីប្រទេសមានហានិភ័យទាប នៅតែតម្រូវឱ្យធ្វើចត្តាឡីស័កដដែល។

 
«ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ថៃនឹងចាប់ផ្តើមបើកដំណើរការឡើងវិញដោយមិនចាំបាច់មានតម្រូវ​ការ​ចត្តាឡីស័កសម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញ និងធ្វើដំណើរតាមផ្លូវអាកាសពី​ប្រទេស​ក្នុងចំណោមប្រទេសដែលយើងចាត់ថ្នាក់ថា មានហានិភ័យទាបឡើយ»។ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចន្ទអូចា បានលើកឡើងបែបនេះក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី១១ ខែតុលា។
 
បើតាមលោក ប្រាយុទ្ធ ប្រទេសដែលស្ថិតក្នុងបញ្ជីប្រទេសហានិភ័យទាបមានចំនួនជាង១០ប្រទេស​ រួម​មានចិន, អាល្លឺម៉ង់ , សិង្ហបុរី, អង់គ្លេស និងអាម៉េរិក។ ប្រទេសទាំងនេះសុទ្ធតែមានអត្រាអ្នកទទួលបានវ៉ាក់សាំងពេញលេញច្រើន។ ប្រទេសផ្សេងៗ​នឹង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នៅ​ខែ​ធ្នូខាងមុខ។
 
យ៉ាងណាមិញ លោក ប្រាយុទ្ធ បញ្ជាក់ថា ភ្ញៀវទេសចរបរទេសទាំងនោះនឹងតម្រូវឱ្យធ្វើតេស្ដ PCR និង​ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ មុនពេលពួកគេធ្វើដំណើរមកថៃ។ នៅពេលទៅដល់ថៃ ពួកគេ​នឹងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ម្ដងទៀត។ បន្ទាប់ពីការធ្វើតេស្តរួចរាល់​ភ្ញៀវទេសចរ​ទាំង​នោះ​នឹង​អាចដំណើរទៅកាន់តំបន់ផ្សេងៗដោយសេរីដូចជនជាតិថៃដែរ។
តម្រូវការធ្វើចត្តាឡីស័ក នឹងនៅតែអនុវត្តចំពោះជនបរទេសដែលធ្វើដំណើរមកពីប្រទេសដែល​មិន​រាប់​បញ្ចូលក្នុងបញ្ជីខាងលើ។
 
ជាមួយគ្នានេះដែរ​ នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ការសេពគ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន នៅតែត្រូវបានហាមឃាត់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដូចជាទីក្រុងបាងកក។ យ៉ាងណាមិញ រដ្ឋាភិបាលនឹងពិចារណាលុបចោលការហាមឃាត់គ្រឿងស្រវឹងត្រឹមថ្ងៃទី១ ខែធ្នូ ហើយ​កន្លែង​កម្សាន្ត​ក៏​អាចនឹងអនុញ្ញាតឱ្យដំណើរការឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍ផងដែរ។
 
ទាក់ទងការចាក់វ៉ាក់សាំងវិញ លោក ប្រាយុទ្ធ អះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃថៃចា​ក់វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ជាង​៧០​ម៉ឺនដូស ខណៈកាលពីខែឧសភាក្នុងមួយថ្ងៃចាក់បានតែ៨ម៉ឺនដូសតែប៉ុណ្ណោះ។
 
ករណីឆ្លងសរុបនៅថៃ មានចំនួនលើសពី១លានករណី ហើយអ្នកស្លាប់មានចំនួនជាង២ម៉ឺននាក់។ ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញមានចំនួន៣៣ភាគរយនៃប្រជាជនសរុប៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com