អន្តរជាតិ
លោក គីម ជុងអ៊ុន៖ អាម៉េរិកជាដើមចមនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ
12, Oct 2021 , 1:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អង្គុយអមដោយក្រុមមន្រ្តីជាន់ខ្ពស់។ រូបថតពី KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អង្គុយអមដោយក្រុមមន្រ្តីជាន់ខ្ពស់។ រូបថតពី KCNA
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃទី១១ ខែតុលា បានបន្ទោសអាម៉េរិកចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ តែលោកអះអាងថា ការពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ក៏មិនមែនសំដៅអាម៉េរិក ឬកូរ៉េខាងត្បូងនោះដែរ។



ក្នុងសុន្ទរកថាអំឡុង​ពិព័រណ៍ការអភិវឌ្ឍប្រព័ន្ធការពារជាតិដើម្បីប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតបក្សពលករកូរ៉េ ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន បានរិះគន់អាម៉េរិកចំៗ ជាដើមចមនៃអស្ថិរភាពនៅឧបទ្វីបកូរ៉េ។ លោក គីម ក៏មិនជឿជំហររបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន ដែលប្រកាសថា អាម៉េរិកមិនមានគោលនយោបាយបង្កអរិភាពដាក់កូរ៉េខាងជើង។
 
«អាម៉េរិកតែងតែថា ខ្លួនមិនមានអរិភាពចំពោះប្រទេសរបស់យើងទេ ប៉ុន្តែមិនមានមូលដ្ឋានណាបញ្ជាក់ពីសម្តីនេះឡើយ»។ លោក គីម​ ដែលមានមីស៊ីលបាលីស្ទិកពីក្រោយខ្នងលើកឡើងបែបនេះ ដោយចោទសួរវិញថា តើមានប្រជាជនឬប្រទេសណាជឿលើពាក្យនេះទេ?
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវឱ្យបង្កើនសមត្ថភាពយោធារបស់ប្រទេសដើម្បីប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលចិញ្ចឹមចិត្តធ្វើទុក្ខបុកម្នេញទីក្រុងព្យុងយ៉ា​​ង។ ប៉ុន្តែលោក គីម ក៏បានបញ្ជាក់ថា ការអភិវឌ្ឍអាវុធទាំងនេះ មិនមានបំណងធ្វើសង្គ្រាមប្រឆាំងនឹងកូរ៉េខាងត្បូង ឬអាម៉េរិកឡើយ។
 
ក្នុងការថ្លែងសុន្ទរកថាដដែល  មេដឹកនាំកូរ៉េខាងជើង បានចោទទីក្រុងសេអ៊ូលថា លាក់ពុតនិងប្រើប្រាស់ស្តង់ដារពីរជាន់ ដោយម្ខាងបន្តបង្កើនសមត្ថភាពយោធាខ្លួន ឯម្ខាងទៀតលើកឡើងពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពលើឧបទ្វីបកូរ៉េ។ លោក គីម ក៏ព្រមានថា កូរ៉េខាងជើងនឹងតបតវិញឱ្យបានខ្លាំងក្លា ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តរំលោភសិទ្ធិកូរ៉េខាងជើងក្នុងការការពារខ្លួន។
 
បច្ចុប្បន្ន ទីក្រុងព្យុងយ៉ាង ស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិជាច្រើនជុំវិញកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលីស្ទិករបស់ខ្លួនកន្លងមក។ កិច្ចចរចាលើពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ជាការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង បានជាប់គាំងតាំងពីឆ្នាំ២០១៩មក។ 
 
អាម៉េរិកក្រោមរដ្ឋបាលលោក ចូ បៃឌិន បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនមានបំណងអរិភាពចំពោះកូរ៉េខាងជើងទេ ហើយអំពាវនាវឱ្យកូរ៉េខាងជើង ត្រលប់ចូលតុចរចាជាថ្មី។ រដ្ឋបាលបៃឌិន ធ្លាប់បានលើកឡើងថា ខ្លួនមានឆន្ទៈក្នុងការជួបជាមួយមន្រ្តីកូរ៉េខាងជើង គ្រប់ពេលវេលា ឬទីកន្លែងដោយគ្មានលក្ខខណ្ឌជាមុន ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីស្វែងរក ការរំសាយអាវុធនុយក្លេអ៊ែរ។
 
កាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានភ្ជាប់បណ្តាញទំនាក់ទំនងឡើងវិញផងដែរ ដែលជាសញ្ញាអាចបន្តកិច្ចសន្ទនា ជាមួយកូរ៉េខាងត្បូងឡើងវិញ៕

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com