អន្តរជាតិ
ប្រមុខ UN រិះគន់ក្រុមតាលីបង់ដែលសន្យាខ្យល់ជុំវិញសិទ្ធិស្ត្រីនិងក្មេងស្រី
12, Oct 2021 , 3:18 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
ដោយ៖ ឡាយ ស្រីពេជ្រ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស រិះគន់ក្រុមតាលីបង់ជុំវិញអ្វីដែលហៅថាការសន្យាបោកប្រាស់លើបញ្ហាសិទ្ធិរបស់ស្រ្តីនិងក្មេងស្រីនៅអាហ្វហ្គានីស្ថាន។ ប៉ុន្តែបញ្ហាសិទ្ធិនេះ ក៏មិនបានរារាំងលោកក្នុងការជំរុញឱ្យពិភពលោកបរិច្ចាគប្រាក់បន្ថែមទៅអាហ្វហ្គានីស្ថានដើម្បីទប់ទល់នឹងការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសនេះឡើយ។

 
​​​​​​អាហ្វហ្គានីស្ថានដែលកំពុងតែលំបាកយ៉ាប់យឺនស្រាប់ជាមួយគ្រោះរាំងស្ងួតនិងភាពក្រីក្រយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមកនេះ កំពុងប្រឈមមុខវិបត្តិសេដ្ឋកិច្ចដែលអាចឈានដល់ការដួលរលំក្រោយពួកតាលីបង់ចូលកាន់កាប់ប្រទេសនៅថ្ងៃទី១៥ ខែសីហា។ ប្រទេសម្ចាស់ជំនួយជាច្រើន បានផ្អាកសកម្មភាពរបស់ខ្លួនដោយចាំមើលទង្វើរបស់ក្រុមតាលីបង់សិន ពិសេសការគោរពសិទ្ធិមនុស្ស និងស្រ្តី។ ប៉ុន្តែគេមិនទាន់ឃើញសកម្មភាពជាក់លាក់នៅឡើយទេ។ 
 
«ខ្ញុំពិតជាព្រួយបារម្ភយ៉ាងខ្លាំង ទៅលើស្រ្តីនិងក្មេងស្រីអាហ្វហ្គានីស្ថាន ដែលពួកតាលីបង់ មិនធ្វើតាមការសន្យារបស់ខ្លួន»។ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ប្រាប់អ្នកសារព័ត៌មានបែបនេះនៅ​ថ្ងៃទី ១១ ខែតុលា។ ប្រឈមមុខស្ថានការណ៍បែបនេះ លោក ហ្គូតេរ៉េស បានអំពាវនាវដល់ពួកតាលីបង់ ឱ្យរក្សាការសន្យារបស់ពួកគេ និងបំពេញកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ ហើយថា UN មិនបោះបង់ចោល ឬចុះញ៉មនឹងបញ្ហានេះឡើយ។
 
លោកអគ្គលេខាធិការ បានរិះគន់ក្រុមនេះចំៗថា ​​​ការសន្យាបោកប្រាស់របស់ពួកគេ នឹងអាចបំផ្លាញក្តីសុបិនរបស់ស្រ្តី និងក្មេងស្រីអាហ្វហ្គានីស្ថានជាច្រើន ខណៈ៨០ភាគរយនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថានក្រៅផ្លូវការ ពឹងផ្អែកលើតួនាទីយ៉ាងសំខាន់របស់ស្រ្តី។ លោកព្រមានថា សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថាន នឹងមិនអាចងើបឡើងវិញ ប្រសិនបើគ្មានការចូលរួមពីស្រ្តីទាំងនោះ។​​ 
 
វិបត្តិសេដ្ឋកិច្ចនិងវិបត្តិមនុស្សធម៌ ត្រូវរំពឹងថា នឹងផ្តល់ផលវិបាកដល់ប្រជាជនយ៉ាងតិច១៨លាននាក់ ដែលស្ទើរតែពាក់កណ្តាល នៃប្រជាជនអាហ្វហ្គានីស្ថានសរុប។ ត្រង់រឿងនេះ លោក ហ្គូតេរ៉េស លើកឡើងដល់ការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសនេះនៅបរទេស និងការផ្អាកជំនួយអភិវឌ្ឍន៍ដោយបរទេស។ ​​​ប្រមុខ UN ជំរុញឱ្យពិភពលោក ចាត់វិធានការលើរឿងនេះ និងផ្តល់សាច់ប្រាក់ឱ្យអាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសការដួលរលំសេដ្ឋកិច្ច តែក៏មិនត្រូវបំពានច្បាប់អន្តរជាតិដែរ៕

Tag:
 តាលីបង់
  UN
© រក្សាសិទ្ធិដោយ thmeythmey.com