អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសរបបតាលីបង់ថា អាហ្វហ្កានីស្ថានចង់បានទំនាក់ទំនងល្អជាមួយពិភពលោក
12, Oct 2021 , 7:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថត Xinhua
ពីវេទិកាមួយនៅទឹកដីកាតា រដ្ឋមន្ត្រីការបរទេសស្ដីទីអាហ្វហ្កានីស្ថាន  Amir Khan Muttaqi បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្សារ​ភ្ជាប់ទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលថ្មីដែលដឹកនាំដោយក្រុមតាលីបង់។ ប៉ុន្តែ លោក Muttaqi  មិនបានបញ្ជាក់ការប្ដេជ្ញាចិត្តរបស់ក្រុមតាលីបង់ក្នុងការធានាឱ្យក្មេងស្រី​ទទួល​បាន​ការ​សិក្សាពេញលេញដូចក្មេងប្រុសនោះទេ។ លើបញ្ហាសន្តិសុខ លោកអះអាងថា កងកម្លាំងតាលីបង់​បាន​គ្រប់គ្រងប្រទេសយ៉ាងពេញលេញហើយ។

 
អស់រយៈពេលជាងពីរខែមកហើយដែលដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយអាម៉េរិក ត្រូវបាន​ផ្ដួល​រលំ ហើយតាលីបង់បានដណ្ដើមកាន់កាប់អំណាចជាថ្មី។ យ៉ាងណាមិញ ក្រុមតាលីបង់ នៅមិនទាន់ទទួលបានការទទួលស្គាល់ដោយអន្តរជាតិនៅឡើយ បើទោះជាក្រុមនេះប្រកាសជំហរ ចង់បង្កើត​ទំនាក់​ទំនងល្អជាមួយប្រទេសដទៃទៀតដើម្បីជួយទប់ទល់នឹងវិបត្តិសេដ្ឋដ៏ធ្ងន់ធ្ងរ។
 
«សហគមន៍អន្តរជាតិត្រូវចាប់ផ្តើមសហការជាមួយពួកយើង»។ លោក Amir Khan Muttaqi អំពាវនាវបែបនេះអំឡុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីជម្លោះ និង​មនុស្សធម៌នៅវិទ្យាស្ថានដូហា នៅថ្ងៃទី១១ ខែតុលា។​ លោក Muttaqi ក៏បានបញ្ជាក់ថា ការសហការ​បែបនេះនឹងជួយឱ្យតាលីបង់អាចបញ្ចប់បញ្ហាអសន្តិសុខផ្សេងៗក្នុងប្រទេស​ ក៏ដូចជាអាចចូលរួម​ធ្វើ​ការ​ជាមួយសហគមន៍អន្តរជាតិផងដែរ។
 
យ៉ាងណាមិញ​ តាលីបង់មិនទាន់បានធ្វើតាមអ្វីដែលសហគមន៍អន្តរជាតិទទូចចង់បាននោះឡើយ​ដូចជា​ការមិនអនុញ្ញាតឱ្យក្មេងស្រីទទួលបាន​ការសិក្សាក្នុងថ្នាក់វិទ្យាល័យឱ្យស្មើភាពគ្នាជាមួយ​ក្មេង​ប្រុសដែលទទួលបានសិទ្ធិចូលរៀនលើសពីថ្នាក់ទី៦។​ ជុំវិញរឿងនេះ លោក Muttaqi អះអាងថា រដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់កំពុងគិតគូរយ៉ាងប្រុងប្រយ័ត្ន។ លោកពន្យល់ថា តាលីបង់​បាន​ឡើងកាន់អំណាចតែប៉ុន្មានសប្ដាហ៍តែប៉ុណ្ដោះ ដូចច្នេះសហគមន៍​អន្តរជាតិ​មិនអាច​រំពឹងថា ពួកគេ​អាច​កែទម្រង់ និងអនុវត្តតាមអ្វីដែលសហគមន៍អន្តរជាតិចង់បានទាំងស្រុងនោះឡើយ។
 
ក្រៅពីនេះ លោក ​Muttaqi ក៏បានទទូចជាថ្មីឱ្យអាម៉េរិកលុបចោលការដាក់ ទណ្ឌកម្មលើ​ទ្រព្យ​សម្បត្តិ​ជាង១០ពាន់លានដុល្លាររបស់ធនាគារកណ្តាលអាហ្វហ្កានីស្ថាន​ដែលបានរក្សាទុកនៅអាម៉េរិក​និង​បរទេស។ ប៉ុន្តែលោកក៏បាននិយាយថា រដ្ឋាភិបាលមានប្រាក់ចំណូលផ្ទាល់ខ្លួនពីពន្ធគយ និងផ្នែក​កសិកម្ម ប្រសិនបើទ្រព្យសម្បត្តិទាំងនោះនៅតែត្រូវបានបង្កក។
 
លើសពីនេះ រដ្ឋមន្ត្រីខាងលើ ក៏បានបញ្ជាក់ថា កងកម្លាំងតាលីបង់បានគ្រប់គ្រងប្រទេស យ៉ាង​ពេញលេញ និងអាចទប់ទល់ការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមដែលបាន​វាយ​ប្រហារ​ប្រជាជនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com