អន្តរជាតិ
លោក អ៊ែរដូហ្កាន់ ចង់ជួបលោក បៃឌិន ជជែកពីកិច្ចព្រមព្រៀងទិញយន្តហោះតម្លៃ៦ពាន់លានដុល្លារ
12, Oct 2021 , 9:29 pm        
រូបភាព
រូបថត The National Interest
រូបថត The National Interest
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ កំពុងស្វែងរកជំនួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នាកិច្ចប្រជុំអន្តរជាតិមួយនៅពេលខាងមុខ ដើម្បីជជែកពីកិច្ចព្រមព្រៀងទិញយន្តហោះតម្លៃ៦ពាន់លានដុល្លារ។ ទីក្រុងអង់ការ៉ាបារម្ភថា ការទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី អាចជាឧបសគ្គដល់គម្រោងទិញយន្តហោះរបស់ខ្លួន ព្រោះសភាអាម៉េរិក នៅតែខកចិត្តនឹងតួកគីខ្លាំង។



តួកគីបានផ្ញើសំណើជាផ្លូវការទៅកាន់ភាគីអាម៉េរិកនៅថ្ងៃទី ៣០ ខែកញ្ញា ដើម្បីទិញយន្តហោះថ្មី F-16 Block 70 ចំនួន៤០គ្រឿង និងឧបករណ៍យោធាជិត ៨០ ពីក្រុមហ៊ុន Lockheed Martin ដើម្បីធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ដែលមានស្រាប់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Bloomberg ដែលស្រង់សម្ដីមន្រ្តីតួកគី។ សំណើដែលមានទំហំទឹកប្រាក់៦ពាន់លានដុល្លារនេះ អាចពិបាកសម្រេចបាន ដ្បិតអាម៉េរិកនៅថ្នាំងថ្នាក់ចិត្តរឿងតួកគីទិញប្រព័ន្ធការពារមីស៊ីល S-400។
 
ដើម្បីបញ្ចៀសបញ្ហា ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ រំពឹងចង់ជួបលោក ចូ ដៃឌិន ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសមាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G20) នៅទីក្រុងរ៉ូមដែលប្រព្រឹត្តទៅនៅចុងខែនេះ។ កិច្ចប្រជុំទ្វេភាគីនេះ មិនទាន់កំណត់ជាក់លាក់នៅឡើយ។
 
លោក Arda Mevlutoglu អ្នកជំនាញអាកាសចរណ៍តួកគីគីដែលមានមូលដ្ឋាននៅទីក្រុង Ankara បាននិយាយនៅថ្ងៃទី១១ ខែតុលាថា ប្រសិនបើ តួកគីអាចទិញបានយន្តហោះថ្មី F-16 Block 70 របស់អាម៉េរិក និងឧបករណ៍ថ្មីៗ វានឹងក្លាយជាកម្លាំងដ៏ធំដល់កងទ័ពអាកាសតួកគី ព្រោះយន្តហោះទាំងនោះអាចប្រើប្រាស់បានរហូតដល់ឆ្នាំ ២០៣០។
 
ការប្រឈមមុខដាក់គ្នារវាងតួកគីនិងអាម៉េរិក ពាក់ពន្ធនឹងការទិញប្រព័ន្ធការពារមីស៊ីល S-400 នៅមិនទាន់មានការដោះស្រាយនៅឡើយ។ អាម៉េរិក ព្រួយបារម្ភថា ប្រព័ន្ធការពារមីស៊ីល S-400 អាចត្រូវបានប្រើដើម្បីប្រមូលព័ត៌មានទៅឱ្យរុស្ស៉ីពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-35 ដែលតួកគីចង់ទិញពីអាម៉េរិកដែរ។ អាម៉េរិក បានដកតួកគីចេញពីកម្មវិធី F-35 នេះទៅហើយ។ 
 
ដូចជាការចាក់សាំងលើភ្លើង ប្រធានាធិបតីតួកគី ក៏ធ្លាប់បានប្រកាសថាមានបំណងចង់ទិញប្រព័ន្ធការពារមីស៊ីល S-400 បន្ថែមពីរុស្ស៉ីផងដែរ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានទាមទារឱ្យទីក្រុងអង់ការ៉ា ឈប់ប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល S-400 ជាថ្នូរនឹងការដកទណ្ឌកម្មដែលអាម៉េរិកបានដាក់ ប៉ុន្តែតួកគីមិនមានបំណងធ្វើបែបនេះឡើយ៕

Tag:
 តួកគី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com