ជាតិ
ADB នឹងបង្កើនការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដល់១០០ពាន់លានដុល្លារ ​
13, Oct 2021 , 10:21 am        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសមហិច្ឆតាបង្កើនការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងអាកាសធាតុ ឱ្យដល់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០។ ហិរញ្ញប្បទាននេះ នឹងផ្តល់ដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិករបស់ខ្លួន (DMCs) ដោយក្នុងនោះក៏មាន​កម្ពុជាដែរ។ បើតាម ADB ការបង្កើនការផ្តល់ហិរញ្ញវត្ថុ​នេះ គឺជាផ្នែកសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ​គាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលកំពុងប្រឈមមុខនឹងបញ្ហា​ជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអាកាសធាតុ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសនៅថ្ងៃទី១៣តុលានេះថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ ​ដល់ ១០០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៩-២០៣០ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs) ក្នុងនោះក៏មាន​កម្ពុជាដែរ​។
 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ADB ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា៖ “ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក នឹងឈ្នះ ឬក៏ចាញ់។ វិបត្តិអាកាសធាតុ កាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ត្រឹមឆ្នាំ ២០៣០ ដោយប្រើធនធាន របស់យើងផ្ទាល់”។
 
នៅឆ្នាំ ២០១៨ ADB បានប្តេជ្ញាធានាយ៉ាងហោច ៧៥ភាគរយនៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួនគាំទ្រសកម្មភាពទាក់ទងនឹងអាកាសធាតុ ហើយធនធានហិរញ្ញវត្ថុអាកាសធាតុរបស់ខ្លួនឈានដល់យ៉ាងហោចណាស់ ៨០ ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ ការប្រកាសថ្ងៃនេះបង្កើនមហិច្ឆតា នៃការផ្តល់ហិរញ្ញប្បទានទាំងនេះ។
 
ធនាគារអភិវឌ្ឍន៍ អាស៊ីរំពឹងថា ហិរញ្ញប្បទានអាកាសធាតុសរុប ដោយប្រើធនធានរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩-២០២១ នឹងឈានដល់ប្រមាណ ១៧ពាន់លានដុល្លារ។
 
មហិច្ឆតាហិរញ្ញវត្ថុដែលបានបង្កើននេះ គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ជាមួយការប្រឈមមុខនឹងបញ្ហាប្រទាក់ក្រឡាគ្នានៃជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិអាកាសធាតុ DMCs ជាច្រើនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់ការងើបឡើងវិញប្រកបដោយបៃតង ធន់ និងបរិយាប័ន្ន។
 
បើតាម ADB ថវិកាចំនួន ២០ ពាន់លានដុល្លារបន្ថែមនេះ នឹងផ្តល់ការគាំទ្រដល់របៀបវារៈអាកាសធាតុនៅក្នុង វិស័យសំខាន់ៗចំនួន ៥គឺ៖ ទីមួយ មធ្យោបាយថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមមានការរក្សាថាមពលប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូនកាបូនទាប។ ADB រំពឹងថាហិរញ្ញប្បទានសរុបសម្រាប់កាត់ បន្ថយការប្រែប្រួលអាកាសធាតុរបស់ខ្លួននឹងឈានដល់ ៦៦ ពាន់លានដុល្លារ។ 
 
 ទីពីរ គម្រោងពង្រីកការសម្របទៅនឹងការប្រែប្រួល។ គម្រោងក្នុងវិស័យងាយរងផលប៉ះពាល់ដោយសារអាកាសធាតុទាំងនេះ ដែលរួមមានដូចជា សេវាទីក្រុង កសិកម្ម និង ទឹក នឹងត្រូវបាន រចនាឡើងក្នុងគោលបំណងចម្បងសម្រាប់ការបន្សាំនឹងអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពធន់។ ADB រំពឹងថា ហិរញ្ញប្បទានសរុបរបស់ខ្លួន សម្រាប់សកម្មភាពបន្ស៊ាំនេះ នឹងកើនដល់ ៣៤ ពាន់លានដុល្លារ។
 
 វិស័យទីបី គឺការបង្កើនហិរញ្ញវត្ថុអាកាសធាតុ ក្នុងប្រតិបត្តិការវិស័យឯកជនរបស់ ADB។ វារួមបញ្ចូលទាំងការបង្កើតគម្រោង ដែលអាចធ្វើពាណិជ្ជកម្មបានបន្ថែមទៀត សម្រាប់ទាំង ADB និងវិនិយោគិនឯកជន។ ការពង្រីកនេះ នឹងត្រូវបានគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការការស្តារឡើងវិញ ពីជំងឺរាតត្បាត នូវតម្រូវការទីផ្សារសម្រាប់ការផ្តល់ហិរញ្ញប្បទាន បច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុ និង វិស័យអាជីវកម្មថ្មី សម្រាប់ប្រតិបត្តិការ អាកាសធាតុឯកជន។ ADB មានបំណងគាំទ្រគំនិតផ្តួចផ្តើមទាំងនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ១២ ពាន់លានដុល្លារ សម្រាប់វិស័យហិរញ្ញវត្ថុអាកាសធាតុឯកជន ដោយប្រើធនធានផ្ទាល់របស់ខ្លួន ហើយរំពឹងថា នឹងអាចកៀរគរចំនួនទឹកប្រាក់បន្ថែម ពី ១៨ ពាន់លានដុល្លារ ទៅ ៣០ ពាន់លានដុល្លារសម្រាប់ការងារនេះ​។
 
​ទីបួន គាំទ្រដល់ការងើបឡើងវិញបៃតង ធន់ និងបរិយាប័ន្ន ពីជំងឺកូវីដ១៩ រួមទាំងតាមរយៈ វេទិកាហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត ដូចជាវេទិកាយន្តការហិរញ្ញវត្ថុបៃតង និងការស្តារឡើងវិញបៃតង ជាកាតាលីករអាស៊ាន (ASEAN Catalytic Green Finance Facility and Green Recovery Platform) ដែលត្រូវបានគេរំពឹងថា នឹងផ្តល់មូលនិធិពីទីផ្សារមូលធននិងវិនិយោគិន វិស័យឯកជនសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប។
 
វិស័យទីប្រាំ ការគាំទ្រដល់ការធ្វើកំណែទម្រង់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន(DMCs) ដើម្បីដំណើរការសកម្មភាពផ្តល់ប្រាក់កម្ចី ផ្អែកលើគោលនយោបាយគាំទ្រដល់គោលនយោបាយ និងស្ថាប័ននានា សម្រាប់ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
 
តាមរយៈវិស័យទាំងនេះ ADB នឹងបន្តពង្រីកលទ្ធភាព ទទួលបានបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើអាកាសធាតុ និងប្រមូលទុនឯកជនដើម្បីគាំទ្រហិរញ្ញវត្ថុអាកាសធាតុ។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេសមកពីតំបន់ខាងលើនេះ៕

Tag:
 អាកាសធាតុ
  ADB
 ហិរញ្ញប្បទាន
 DMCs
© រក្សាសិទ្ធិដោយ thmeythmey.com