អន្តរជាតិ
តបទៅកូរ៉េខាងជើង មន្ទីរបញ្ចកោណថា ទ័ពអាម៉េរិកនៅឧបទ្វីបកូរ៉េធានាស្ថិរភាពនិងសន្តិសុខ
13, Oct 2021 , 2:28 pm        
រូបភាព
អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby ។ រូបថត AFP
អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby ។ រូបថត AFP
ដោយ៖ ឡាយ ស្រីពេជ្រ
 
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក John Kirby នៅថ្ងៃទី១២ ខែតុលា បញ្ជាក់ថា កងកម្លាំងអាម៉េរិកនៅកូរ៉េខាងត្បូងជួយរក្សាសន្តិភាព និងស្ថិរភាព។ ការលើកឡើងបែបនេះ ជាការឆ្លើយតបការអធិប្បាយរបស់មេដឹកនាំកូរ៉េខាងជើងដែលចាត់ទុកកងកម្លាំងអាម៉េរិកដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង​ ជាការបង្ហាញពីអរិភាពរបស់អាម៉េរិកចំពោះកូរ៉េខាងជើង។

 
​​«វត្តមានរបស់យើងនៅឧបទ្វីបកូរ៉េនិងវត្តមានរបស់យើងនៅតំបន់អាស៊ីខាងកើត មានបំណងរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់»។ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ និយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១២ ខែតុលា មួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន លើកឡើងថា អាម៉េរិកជាដើមចមនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ។
 
ថ្លែងក្នុងពិព័រណ៍ការពារជាតិនៅថ្ងៃទី១១ ខែតុលា លោក គីម បានរិះគន់អាម៉េរិកចំៗថា ជា​ឫសគល់នៃអស្ថិរភាពនៅឧបទ្វីបកូរ៉េ ហើយលោកក៏អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពយោធារបស់កូរ៉េខាងជើងដើម្បីប្រឆាំងកម្លាំងបង្កអរិភាព។ មេដឹកនាំកូរ៉េខាងជើងរូបនេះ ថែមទាំងនិយាយថា កូរ៉េខាងជើងឥឡូវ​នេះប្រឈមនឹងការគំរាមកំហែងផ្នែកយោធាធ្ងន់ធ្ងរជាងពេលមុនទៅទៀត តែអាម៉េរិក និងកូរ៉េខាងត្បូង មិនមែនជាសត្រូវឡើយ។
 
ក្នុងសន្និសីទដដែល លោក Kirby បន្ថែមទៀតថា អាម៉េរិកនឹងបន្តធ្វើឱ្យប្រាកដថា សម្ព័ន្ធភាពរបស់ខ្លួនជាមួយកូរ៉េខាងត្បូង នៅតែមានភាពរឹងមាំដូចសព្វថ្ងៃ ​​និងធានាសម្ព័ន្ធមិត្តកូរ៉េខាងត្បូងឱ្យមានសមត្ថភាពយោធាគ្រប់គ្រាន់ដើម្បីការពារខ្លួននៅពេលត្រូវការចាំបាច់។ បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនរក្សាកងកម្លាំងប្រមាណ២ ៨៥០០នាក់នៅក្នុងកូរ៉េខាងត្បូង។
 
ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អាម៉េរិកក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើងតាមរយៈការទូត អ្នកនាំពាក្យដដែលលើកឡើងថា មន្ទីរបច្ចកោណ នឹងបន្តគាំទ្រគោលនយោបាយរដ្ឋបាលលោក ចូ បៃដិន ចំពោះកិច្ចខិតខំប្រឹងប្រែងតាមវិធានការការទូតដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ក៏ដូចជាដើម្បីធានាការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាមអ្នកនាំពាក្យរូបនេះ វាជាផលប្រយោជន៍ដ៏ល្អបំផុតមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ផងដែរ។
 
ជាជំហរបស់អាម៉េរិក លោក Kirby អះអាងថា អាម៉េរិកមិនមានបំណងបង្កអរិភាពចំពោះកូរ៉េខាងជើងទេ ហើយអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុនហើយ។ អាម៉េរិកសង្ឃឹមថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីកូរ៉េខាងជើងដែរ៕

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com