អន្តរជាតិ
ASEAN ស្នើឱ្យកម្ពុជានិពន្ធបទភ្លេង សម្រាប់គោរពទង់ស៊ីហ្គេម រួមគ្នា
13, Oct 2021 , 3:51 pm        
រូបភាព
ភ្នំពេញ៖ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្នើសុំឱ្យកម្ពុជាជួយនិពន្ធបទភ្លេង គោរពទង់ស៊ីហ្គេម សម្រាប់ ប្រើប្រាស់រួមគ្នា ក្នុងពេលប្រកួតស៊ីហ្គេម នាពេលខាងមុខ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បទភ្លេងគោរពទង់ស៊ីហ្គេម មិនទាន់មានរួមជាគោលតែមួយឡើយ ដោយអាស្រ័យម្ចាស់ផ្ទះស៊ីហ្គេមនីមួយៗ ចាក់បទភ្លេងប៉ុណ្ណោះ។ «កន្លងមក ក្នុងពេលគោរពទង់ស៊ីហ្គេម បណ្តាម្ចាស់ផ្ទះស៊ីហ្គេមនានា បានចាក់បទភ្លេងផ្សេងៗ ពោលគឺមិនទាន់មានបទភ្លេង១ ដែលត្រូវបានប្រើប្រាស់ជារួមតែមួយ សម្រាប់ម្ចាស់ផ្ទះនីមួយៗនោះទេ។ ដូច្នេះហើយ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឯកភាពគ្នាស្នើសុំឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងពេលដែលឯកឧត្តមបណ្ឌិតក្លាយជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជួយរៀបចំនិពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ ហើយបន្តយកទៅប្រើប្រាស់ សម្រាប់ស៊ីហ្គេម នាពេលខាងមុខជាបន្តបន្ទាប់»។ នេះបើតាមលោក វ៉ាត់ ចំរើន ។
 
បើតាមអគ្គលេខាធិការកីឡាជាតិអូឡាពិក និងជាអគ្គលេខាធិការ CAMSOC រូបនេះ កម្ពុជានឹងសម្រេចឱ្យបាននូវបទភ្លេងគោរពទង់ស៊ីហ្គេម សម្រាប់យកទៅប្រើប្រាស់រួមគ្នានេះ។ CAMSOC បានស្រង់សម្ដីលោក វ៉ាត់ ចំរើន មកសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ដូច្នេះក្រោយពីចេញពីស៊ីហ្គេម នៅកម្ពុជាទៅ ក្រោមភាពជាអ្នកដឹកនំារបស់ឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធានប្តូរវេននោះ នឹងត្រូវចារចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ានថា បទភ្លេងគោរពទង់ស៊ីហ្គេមត្រូវបានបង្កើតឡើងនៅស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។ កន្លែងនេះគឺជាចំណុចពិសេស ដែលយើងនឹងព្យាយាមធ្វើឲ្យបានសម្រេច ដើម្បីជាមោទនភាពជាតិកម្ពុជាយើងទាំងមូល ក៏ដូចជាបង្ហាញជូនមិត្តអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពអាចធ្វើទៅបាន ដោយអាចធ្វើឲ្យមានភាពប្រែប្រួលលក្ខណៈពិសេសលើចំណុចមួយចំនួន»។ 
 
ចំពោះគម្រោងសំខាន់ៗ ដូចជាប្រក្រតីទិនការងារ ផែនការសកម្មភាពការងារ នៃគណៈកម្មការជំនាញ ត្រូវបានរៀបចំរួចរាល់ហើយ។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលបានបន្ថែមថា កម្ពុជានឹងធ្វើឱ្យកម្មវិធីបើកស៊ីហ្គេម ឆ្នាំ២០២៣ មានលក្ខណៈអស្ចារ្យ និងទាក់ទាញបំផុតជាងកម្មវិធីផ្សេងៗទៀត។ 
 
«នៅខែក្រោយនេះ CAMSOC នឹងផ្តោតសំខាន់ទៅលើការបញ្ចាំងរូបភាព 3D ជាមួយនឹងអ្នកជំនាញការមកពីប្រទេសចិន ដោយក្នុងនោះ យើងនឹងបន្ស៊ីគ្នាជាមួយការដាក់បញ្ជូលនូវមូលដ្ឋាននៃវប្បធម៌ អរិយធម៌ខ្មែរ ទៅក្នុងបច្ចេកវិទ្យាទំនើប ដើម្បីធ្វើឲ្យផ្ទាំងទស្សនីយភាពនៃពិធីបើកបិទស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កាន់តែអស្ចារ្យ និងជាកំណត់ត្រាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា» នេះបើតាមលោក វ៉ាត់ ចំរើន ៕

Tag:
 វ៉ាត់ ចំរើន
  Sea Game
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com