អន្តរជាតិ
ម៉ាឡេស៊ីសង្ឃឹមថា អាស៊ាននឹងមានជំហរតែមួយចំពោះសម្ព័ន្ធភាពថ្មី AUKUS
13, Oct 2021 , 7:29 pm        
រូបភាព
ទង់ជាតិរដ្ឋសមាជិកអាស៊ាននៅលេខាធិការដ្ឋានអាស៊ាន។ រូបថត AP
ទង់ជាតិរដ្ឋសមាជិកអាស៊ាននៅលេខាធិការដ្ឋានអាស៊ាន។ រូបថត AP
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Hishammuddin Hussein បង្ហាញក្ដីសង្ឈឹមថា សមាជិកអាស៊ាន​នឹង​ឯកភាពគ្នាច្បាស់លាស់ពីជំហរលើសម្ព័ន្ធភាពថ្មីដែលជាដៃគូសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិករវាងអូស្ត្រាលី-អង់គ្លេស និងអាម៉េរិក (AUKUS) ។ លោក Hishammuddin បារម្ភ ថាការខ្វែង​គំនិត​គ្នា​អាច​នឹង​បង្ក​ឱ្យមានអស្ថិរភាពតំបន់។

 
សម្ព័ន្ធភាពថ្មី AUKUS អូស្ត្រាលី-អង់គ្លេស-អាម៉េរិក ត្រូវបានប្រកាសចេញជារូបរាងក្នុងខែកញ្ញា ហើយ​ភាគីទាំងបីបានព្រមព្រៀងគ្នានឹងផ្ដល់បច្ចេកវិទ្យាសាងសង់​នាវាមុជទឹកដើរ​ដោយ​ថាមពល​នុយក្លេអ៊ែ​រ​ឱ្យអូស្ត្រាលី។ សម្ព័ន្ធថ្មី ត្រូវបានមើលឃើញថា ជាផ្នែកមួយ​នៃការឆ្លើយ​តបទៅ​នឹង​ការ​កើន​ឡើង​អំណាច​របស់ចិនក្នុងតំបន់ ពិសេសនៅសមុទ្រចិនខាងត្បូងដែលជាតំបន់យុទ្ធសាស្ត្រមួយដ៏​សំខាន់។
 
សម្ព័ន្ធភាពថ្មីនេះ ត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លះគាំទ្រ និងខ្លះទៀតប្រឆាំង។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមានថា សម្ព័ន្ធភាពនេះ អាចនាំឱ្យមានការប្រកួតប្រជែង​សព្វាវុធ​ក្នុង​ចំណោម​ប្រទេស​មហាអំណាចក្នុងតំបន់ ខណៈហ្វីលីពីនដែលជាសម្ព័ន្ធមិត្តចាស់ឆ្នាំរបស់អាម៉េរិក បានប្រកាសគាំទ្រ​កិច្ច​ព្រមព្រៀងនេះ​។ ទីក្រុងគួឡាឡាំពួ ចង់ឃើញសមាជិកអាស៊ានមានជំហរស្របគ្នាលើបញ្ហានេះ ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នា។
 
នៅថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី Hishammuddin Hussein បានថ្លែងក្នុងកិច្ចប្រជុំ​សភាថា នៅខែវិច្ឆិកា រដ្ឋមន្រ្តីការពារជាតិអាស៊ាននឹងមានកិច្ចប្រជុំមួយដើម្បី ស្វែងរក​ការ​ឆ្លើយ​តប​រួម​គ្នា​មួយទៅនឹងសម្ព័ន្ធភាពថ្មី AUKUS ។ លោក Hishammuddin ​បានសង្កត់ធ្ងន់ថា៖​ «ការ​យោគ​យល់​គ្នា​រវាងសមាជិកអាស៊ាន នឹងជួយឱ្យពួកយើងអាចតតាំងនឹងមហាអំណាចទាំងពីរ»។ 
 
គួរបញ្ជាក់ថា ចិនបានរិះគន់សម្ព័ន្ធខាងលើថា ជាផែនការដែលនឹងធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ និង​ស្ថិរភាពតំបន់។ ចំណែកឯ អាម៉េរិកឯណោះ បានអះអាងថា​ សម្ព័ន្ធភាពនេះនឹង មិនគំរាម​កំហែង​ដល់​សន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក និងមិនមានបំណងគាបសង្កត់ប្រទេសណាមួយឡើយ៕

Tag:
 ម៉ាឡេស៊ី
  AUKUS
© រក្សាសិទ្ធិដោយ thmeythmey.com