អន្តរជាតិ
ប្រទេស G20 យល់ព្រមផ្ដល់ជំនួយមនុស្សធម៌ឱ្យអាហ្វហ្កានីស្ថាន ខណៈ EU សន្យាឱ្យ១ពាន់លានអឺរ៉ូ
13, Oct 2021 , 4:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំ G20 ។ រូបថត AFP
នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំ G20 ។ រូបថត AFP
មេដឹកនាំបណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ចធំ​បំផុត​ទាំង២០ (G20) បានព្រមព្រៀងធ្វើការរួមគ្នា​ដើម្បី​ទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន។ សហភាពអឺរ៉ុប (EU) បានសន្យាផ្តល់កញ្ចប់ ថវិកាចំនួន១,២ពាន់លានដុល្លារ ហើយអ៊ីតាលីបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនង​ជាមួយក្រុមតាលីបង់។


 
ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន, ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី សុទ្ធតែបានបង្ហាញវត្តមានក្នុងជំនូបពិសេស G20 ស្ដីពីវិបត្តិអាហ្វហ្កានីស្ថាន។ ទីភ្នាក់ងារផ្ដល់​ជំនួយមានគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិជាដើមអះអាងថា អាហ្វហ្កានីស្ថាន​កំពុង​ឈាន​ដល់​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដោយសារជំនួយពីបរទេសត្រូវបានកាត់ផ្ដាច់តាំងពីក្រុមតាលីបង់​ឡើង​កាន់​អំណាចកាលពីខែសីហា។ សេដ្ឋកិច្ចប្រទេសនេះ​ ពឹងផ្អែកលើជំនួយបរទេសជាង៧៥ភាគរយ។ 
 
ក្រោយកិច្ចប្រជុំ មេដឹកនាំប្រទេស G20 ឯកភាពគ្នាផ្ដល់ការគាំទ្រដល់អាហ្វហ្កានីស្ថាន។ សហភាព​អឺរ៉ុប​បានសន្យាផ្ដល់ជំនួយ១,២ពាន់ លានដុល្លារ និងបានយល់ព្រមជាគោលការណ៍ផ្ដល់ជំនួយតាមមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និងធនាគារពិភពលោក។ ជំនួយទាំងនេះ នឹងផ្ដល់អង្គការអន្តរជាតិដែលធ្វើការផ្នែកផ្ដល់ជំនួយដោយផ្ទាល់ ដោយមិនឆ្លងកាត់រដ្ឋាភិបាលតាលីបង់ឡើយ។
 
ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំខាងលើ នាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ជាប្រធាន​ប្ដូរ​វេននៃក្រុមប្រទេស G20 បានលើកឡើងថា ជំនួសឱ្យការទាស់គំនិតគ្នាប្រទេស​សមាជិក​បាន​ឯកភាព​គ្នាផ្ដល់ជំនួយតាមរយៈអង្គការសហប្រជាជាតិ (UN) និងទីភ្នាក់ងារនានារបស់ UN ផងដែរ។ ប៉ុន្តែលោក Draghi ក៏បញ្ជាក់ដែរថា ការធ្វើទំនាក់ទំនងជាមួយក្រុមតាលីបង់​ អាចចៀសមិនរួចឡើយ។
 
«ការដោះស្រាយវិបត្តិមនុស្សធម៌ នឹងត្រូវការទំនាក់ទំនងជាមួយតាលីបង់ ប៉ុន្តែនេះមិនមែន មាន​ន័យថា ពួកគេត្រូវបានទទួលស្គាល់នោះទេ»។ លោក Draghi​ បានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា វាអាច​នឹង​ពិបាកក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្កានីស្ថានដោយគ្មានការចូលរួមជាមួយក្រុមតាលីបង់នោះ។
 
ចំណែក អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានប្រាប់អ្នកយកព័ត៌មានថា ការឈរមើលមនុស្ស​៤០លាននាក់ធ្លាក់ចូលក្នុងភាពច្របូកច្របល់ព្រោះមិនមានការផ្គត់ផ្គង់អគ្គិសនី និងគ្មានប្រព័ន្ធ​ហិរញ្ញវត្ថុ មិនមែនជាគោលដៅដែលសហគមន៍អន្តរជាតិចង់បាននោះទេ។
 
ជាមួយគ្នានោះ មេដឹកនាំ G20 បានសង្កត់ធ្ងន់ពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស និងសេរីភាពជា​មូលដ្ឋាន ជាពិសេសសិទ្ធិរបស់ស្ត្រី និងជនជាតិភាគតិចនៅអាហ្វហ្កានីស្ថាន។ មេដឹកនាំទាំងអស់ ក៏បាន​ផ្ដោត​លើ​បញ្ហាសន្តិសុខដែលប្រឈមនឹងការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម​ដែល​បាន​វាយ​ប្រហារប្រជាជនអាហ្វហ្កានីស្ថានជាបន្តបន្ទាប់៕

Tag:
 G20
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com