ជាតិ
សេដ្ឋកិច្ច
ច្បាប់ប្រកួតប្រជែង ទប់ស្កាត់អ្នកជំនួញធំៗ មិនឲ្យប្រើឥទ្ធិពលហួសហេតុ ក្នុងទីផ្សារកម្ពុជា
13, Oct 2021 , 7:59 pm        
រូបភាព
ទិដ្ឋភាពខាងក្នុងផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ។ រូបពីវីដេអូដែលបង្ហោះក្នុង Youtube ឈ្មោះ Massachusetts YCL កាលពីឆ្នាំ២០១៩។
ទិដ្ឋភាពខាងក្នុងផ្សារទំនើបអូឡាំព្យ៉ា រាជធានីភ្នំពេញ។ រូបពីវីដេអូដែលបង្ហោះក្នុង Youtube ឈ្មោះ Massachusetts YCL កាលពីឆ្នាំ២០១៩។
ដោយ: ថ្មីៗ
កម្ពុជា បានបង្កើតច្បាប់ថ្មី​១ គឺច្បាប់ស្តីពីការប្រកួតប្រជែង ដែលធ្វើឲ្យអ្នកជំនួញតូចធំទាំងអស់ មានសិទ្ធិស្មើគ្នាលើការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា។

 
 
តាមរយៈច្បាប់ស្តីពីការប្រកួតប្រជែង អ្នកជំនួញមានលុយច្រើន អ្នកជំនួញមានលុយតិច អ្នកជំនួញមានខ្សែបណ្តាញច្រើន អ្នកជំនួញគ្មានខ្សែបណ្តាញ អ្នកជំនួញចាស់វស្សា អ្នកជំនួញថ្មីថ្មោង អ្នកជំនួញមានឥទ្ធិពល អ្នកជំនួញគ្មានឥទ្ធិពល គឺមានសិទ្ធិស្មើគ្នា ក្នុងការធ្វើជំនួញ ឬអាជីវកម្មក្នុងទីផ្សារកម្ពុជា។ 
 
មានមាត្រាខ្លះ ក្នុងច្បាប់ស្តីពីការប្រកួតប្រជែង បានចែងពីការទប់ស្កាត់អ្នកជំនួញធំៗ កុំឲ្យប្រើឥទ្ធិពលហួសហេតុ ឬហួសព្រំដែន។ និយាយមួយបែបទៀតថា អ្នកជំនួញធំៗ មិនអាចធ្វើអ្វីតាមអំពើចិត្តក្នុងទីផ្សារឡើយ។ មាត្រា៩ បានកំណត់ពីសកម្មភាពមួយចំនួន ដែលបុគ្គលមានជំហរឧត្តមភាពលើទីផ្សារ មិនអាចធ្វើបាន ព្រោះសកម្មភាពទាំងនោះ អាចរារាំង រឹតត្បិត ឬ បង្ខូចដល់ការប្រកួតប្រជែងក្នុងទីផ្សារ។ បុគ្គលមានជំហរឧត្តមភាពលើទីផ្សារ សំដៅដល់បុគ្គល ឬអ្នកជំនួញ ដែលមានអំណាចលើទីផ្សារ ហើយគូប្រកួតប្រជែង មិនអាចរារាំងសកម្មភាពរបស់គេបាន។  
 
ផ្អែកលើមាត្រា៩ មានសកម្មភាព៥យ៉ាងសំខាន់ៗ ដែលបុគ្គលមានជំហរឧត្តមភាពលើទីផ្សារ មិនអាចធ្វើបាន រួមមាន ទី១ មិនអាចតម្រូវ មិនអាចបញ្ចុះបញ្ចូលឲ្យអ្នកផ្គត់ផ្គង់ ឬអតិថិជន មិនឲ្យធ្វើអាជីវកម្មជាមួយគូប្រកួតប្រជែង ទី២ មិនអាចបដិសេធការផ្គត់ផ្គង់ទំនិញ ឬសេវាឲ្យគូប្រកួតប្រជែង ទី៣ មិនអាចលក់ទំនិញ ឬសេវា ក្នុងតម្លៃទាបជាងតម្លៃផលិត ទី៤ មិនអាចតម្រូវឲ្យអ្នកទិញ ទិញទំនិញ ឬសេវាផ្សេងៗដោយឡែកបន្ថែម ដែលមិនទាក់ទងនឹងកិច្ចសន្យាក្នុងការទិញ ទី៥ មិនអាចបដិសេធមិនឲ្យគូប្រកួតប្រជែងប្រើប្រាស់មធ្យោបាយចាំបាច់។ 
 
បុគ្គល ដែលបំពានមាត្រា៩ នឹងត្រូវគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.) ព្រមានជាលាយលក្ខណ៍អក្សរ និងផាកពិន័យប្រាក់ពី៣ភាគរយ ទៅ១០ភាគរយនៃផលរបរសរុប ដែលបុគ្គលនោះ ទទួលបានក្នុងអំឡុងបំពានច្បាប់។ បើនៅតែបន្តប្រព្រឹត្តទៀត បុគ្គលនោះ នឹងត្រូវព្យួរ ដកហូត លុបចោលវិញ្ញាបនបត្រ អាជ្ញាបណ្ណ ឬ លិខិតប្រកបអាជីវកម្ម។
 
ច្បាប់ស្តីពីការប្រកួតប្រជែង តម្រូវឲ្យបង្កើតគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញភារកិច្ចពាក់ព័ន្ធនឹងការប្រកួតប្រជែងក្នុងទីផ្សារ។ 
 
យ៉ាងណា បុគ្គលមានជំហរឧត្តមភាពក្នុងទីផ្សារ អា​ចធ្វើសកម្មភាពទាំង៥ ក្នុងមាត្រា៩បាន និងមិនត្រូវបានចាត់ទុកជាការបំពានឡើយ បើគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា យល់ឃើញថា បុគ្គលមានជំហរឧត្តមភាពក្នុងទីផ្សារ បានបំពេញលក្ខខណ្ឌ២យ៉ាង គឺទី១ មានមូលហេតុសមស្របក្នុងការធ្វើសកម្មភាពនោះ ដើម្បីផលប្រយោជន៍ធុរកិច្ចដោយស្របច្បាប់ និងទី២ សកម្មភាពនោះ មិនរារាំង មិនរឹតត្បិត ឬមិនបង្ខូចដល់ការប្រកួតប្រជែងក្នុងទីផ្សារ។  
 
ក្រៅពីនេះ អ្នកជំនួញទូទៅ ក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពមួយចំនួនដែរ។ បើតាមមាត្រា៧ ការព្រមព្រៀងបែងចែកតំបន់ភូមិសាស្រ្តរវាងគូប្រកួតប្រជែង និង ការព្រមព្រៀងបែងចែកអតិថិជនរវាងគូប្រកួតប្រជែង ត្រូវហាមឃាត់។ 
 
បើបុគ្គលណា ឬអ្នកជំនួញណា ប្រព្រឹត្តខុសនឹងមាត្រា៧ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ២ឆ្នាំ និងត្រូវពិន័យប្រាក់ពី៥លានរៀល ទៅ១០០លានរៀល។  
 
រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការដ៏សំខាន់ជាងគេ បានបង្ហាញបំណងបង្កើតច្បាប់ស្តីពីការប្រកួតប្រជែង តាំងពី២០០៦មកម្ល៉េះ។ រហូតដល់ខែតុលា ឆ្នាំ២០២១ ទើបច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានអនុម័តដោយស្ថាប័ននីតិបញ្ញត្តិ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។ ការបង្កើតច្បាប់នេះ គឺដើម្បីធានាឲ្យការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា មានតម្លាភាព។ 
 
រាល់សកម្មភាព ដែលរារាំង រឹតត្បិត ឬ បង្ខូចដល់ការប្រកួតប្រជែង នឹងត្រូវហាមឃាត់ ដើម្បីជំរុញឲ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាព ស្មោះត្រង់ ការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ការបង្កើតធុរកិច្ចថ្មីៗ ដែលកត្តាទាំងនេះ ជួយឲ្យអ្នកប្រើប្រាស់ទទួលបានទំនិញ សេវាមានគុណភាពខ្ពស់ តម្លៃទាប សម្បូរបែប និង មានជម្រើសច្រើន។ នេះជាមាត្រាដំបូងនៃច្បាប់ស្តីពីការប្រកួតប្រជែង៕ 

Tag:
 ទីផ្សារ
  ការប្រកួតប្រជែង
  ច្បាប់ប្រកួតប្រជែង
© រក្សាសិទ្ធិដោយ thmeythmey.com