អន្តរជាតិ
តម្លៃធ្យូងថ្មនៅចិន ហក់ឡើងខ្ពស់ ខណៈការផ្គត់ផ្គង់ជួបបញ្ហាដោយសារគ្រោះទឹកជំនន់
13, Oct 2021 , 7:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ចិនដែលជាមហាអំណាចលំដាប់ទីពីររបស់ពិភពលោក កំពុងប្រឈមការឡើងតម្លៃតម្លៃធ្យូងថ្មយ៉ាងគំហុកនៅថ្ងៃទី១៣ ខែតុលា។ ស្របពេលនេះ គ្រោះទឹកជំនន់ថ្មីៗនេះ ក៏បានវាយប្រហារខេត្តផលិតធ្យូងថ្មដ៏សំខាន់ដែលបង្កជាបញ្ហាកាន់តែស្មុគស្មាញដល់ការផ្គត់ផ្គង់បន្ថែមទៀត។



វិបត្តិខ្វះធ្យូងថ្ម កំពុងធ្វើឱ្យរដ្ឋាភិបាលចិនឈឺក្បាលយ៉ាងខ្លាំង។ ខណៈការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ស្របពេលតម្រូវការកើនឡើង តម្លៃធ្យូងថ្មក្នុងប្រទេសដែលជានាំចូលធ្យូងថ្មធំជាងគេបំផុតលើពិភពលោកមួយនេះ ក៏កើនឡើងដែរ។ វិបត្តិថាមពលនេះ បានបណ្តាលឱ្យខ្វះខាតថាមពលខ្លាំងក្នុងប្រទេស ជាពិសេស​ជះឥទ្ធិពលអាក្រក់ដល់​ច្រវាក់ផលិតកម្ម​ ​និងតម្លៃប្រេងឡើងថ្លៃទៅទៀត។
 
​ជុំវិញបញ្ហាកង្វះថាមពលដ៏ដំណំនេះ​ រដ្ឋាភិបាលចិនបានចាត់វិធានជាច្រើនដើម្បីជំរុញការផលិតធ្យូងថ្មនិងគ្រប់គ្រងតម្រូវការអគ្គិសនីនៅតាមរោងចក្រឧស្សាហកម្ម។ ចំណែកក្រុមហ៊ុនផលិតថាមពល និងរោងចក្រថាមពលធ្យូងថ្មផ្សេងទៀត ក៏បាន​ខិតខំបង្កើនបរិមាណធ្យូងថ្មនាំចូលដែរ។
 
អាជ្ញាធរខេត្តដែលជាតំបន់ផលិតធ្យូងថ្មធំៗរបស់ចិនរួមមាន​ខេត្ត​សានស៊ី និងតំបន់ម៉ុងហ្គោលីខាងក្នុង បានដាក់បញ្ជាឱ្យក្រុមហ៊ុនអណ្តូងរ៉ែប្រមាណ២០០កន្លែងបង្កើនទិន្នផលធ្យូងថ្ម។ ប៉ុន្តែការធ្លាក់ភ្លៀងជោគជាំជាបន្តបន្ទាប់ បង្កឱ្យជន់លេចអណ្តូងរ៉ែចំនួន៦០កន្លែងស្ថិតក្នុងខេត្ត​​សានស៊ី។ បើតាមមន្រ្តីខេត្ត​​សានស៊ីដែលថ្លែងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែតុលា ​អណ្តូងរ៉ែចំនួន៤កន្លែងដែលមានសមត្ថភាពផលិតធ្យូងថ្មប្រមាណ ៤,៨លានតោនក្នុងមួយឆ្នាំក៏ត្រូវបានបិទ។ ដំណើរការអណ្តូងរ៉ែជាច្រើនកន្លែងនេះ បានបង្កជាវិបត្តិធ្ងន់ធ្ងរបន្ថែមទៀត។
 
ងាកទៅតម្លៃវិញក៏ហក់ឡើងដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters តម្លៃធ្យូងថ្មចិនមានការកើនឡើងខ្លាំង ដោយនៅទីក្រុងចឹងចូវ តម្លៃធ្យូថ្មកើនរហូតដល់២៥៤,៤៤ដុល្លារ ក្នុងមួយតោន គឺជិតបីដងបើធៀបនឹងតម្លៃឆ្នាំមុន។ កាលពីឆ្នាំ២០២០​​ តម្លៃធ្យូងថ្មចិនក្នុងក្រុង Qinhuangdao មានតម្លៃត្រឹម​៨៣,១០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។
 
ទាក់ទិនការឡើងតម្លៃនេះ ទីក្រុងប៉េកាំងបានប្រកាសថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុនថាមពលអាចលក់ទៅកាន់បណ្តារោងចក្រ ឬក្រុមហ៊ុន​តាមតម្លៃទីផ្សាសម្រាប់ការផ្គត់ផ្គង់ថាមពល។ ការប្រកាសនេះបានផ្លាស់ប្តូរគោលនយោបាយពីមុនដែលអនុញ្ញាតឧស្សាហកម្មទទួលបានការទិញក្នុងតម្លៃថេរជាមួយអ្នកផ្គត់ផ្គង់៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com