អន្តរជាតិ
កេនយ៉ា ច្រានចោលការសម្រេចរបស់ ICJ ដែលប្រគល់ដែនទឹកសម្បូរធនធានឱ្យសូម៉ាលី
13, Oct 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ឡាយ ស្រីពេជ្រ
 
ប្រធានាធិបតីកេនយ៉ា អ៊ូហ៊ូរូ កេនយ៉ាតា (Uhuru Kenyatta) បានប្រកាសទាត់ចោលសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលសម្រេចប្រគល់ឱ្យដែនទឹកមានជម្លោះនៃមហាសមុទ្រឥណ្ឌាទៅឱ្យសូម៉ាលី។ ដែនទឹកប្រទាញប្រទង់នេះ ត្រូវដឹងថា សម្បូរទៅដោយធនធានប្រេងនិងឧស្ម័នធម្មជាតិ។ នេះគឺជាសេចក្តីសម្រេចចុងក្រោយរបស់ ICJ លើជម្លោះព្រំដែនសមុទ្រអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។

 
ក្នុងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលប្រកាស​នៅថ្ងៃទី១២ ខែតុលា កេនយ៉ាទទួលបានតែចំណែកតូចមួយនៃផ្ទៃសមុទ្រដែលមានជម្លោះនៅមហាសមុទ្រឥណ្ឌា ខណៈផ្ទៃទឹកភាគច្រើន ត្រូវកំណត់ជាកម្មសិទ្ធិរបស់សូម៉ាលី។ ក្នុងការប្រកាសដែលធ្វើឡើងនៅទីក្រុងឡាអេ ចៅក្រម ICJ សម្រេចថា តំបន់ជម្លោះដែលមានផ្ទៃដីប្រមាណ១០ម៉ឺនម៉ែត្រការ៉េ មិនមានព្រំដែនដែលបានព្រមព្រៀងគ្នាជាធរមានឡើយ ហើយតុលាការក៏គូសខ្សែបន្ទាត់ព្រំដែនថ្មីមួយស្រដៀងការទាមទាររបស់សូម៉ាលី។
 
ភ្លាមៗក្រោយការប្រកាសនេះ ប្រធានាធិបតីកេនយ៉ា អ៊ូរូហ៊ូ កេនយ៉ាតា ក៏ប្រកាសបដិសេធទាំងស្រុងហើយមិនទទួលស្គាល់លទ្ធផលនៅក្នុងសេចក្តីសម្រេចរបស់ ICJ ។ ចំណែកក្នុងសុន្ទរកថាតាមទូរទស្សន៍បន្ទាប់ពីសេចក្តីសម្រេចនេះ ប្រធានាធិបតីសូម៉ាលី Mohamed Abdullahi Mohamed  ប្រកាសទទួលយក និងជំរុញឱ្យទីក្រុងណៃរ៉ូប៊ីចាត់ទុកសេចក្តីសម្រេចរបស់តុលាការជាឱកាសពង្រឹងទំនាក់ទំនងប្រទេសទាំងពីរវិញ។ 
 
ផ្ទុយទៅវិញ លោក កេនយ៉ាតា អះអាងថា សេចក្តីសម្រេចនេះមានលក្ខណៈជាល្បែងផលបូកសូន្យដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបន្ថែមថា វាក៏នឹងបង្កផលប៉ះពាល់ផ្នែកសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយអាចធ្វើឱ្យស្ថានភាពសន្តិភាពនិងសន្តិសុខកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងតំបន់ខាងកើតនៃទ្វីបអាហ្រ្វិក។ មេដឹកនាំកេនយ៉ា ចង់ឱ្យមានការចរចាដើម្បីដោះស្រាយបញ្ហាជំនួសវិញ។
 
សូម៉ាលី បានសម្រេចអូសកេនយ៉ាឡើង ICJ តាំងពីឆ្នាំ២០១៤ ជុំវិញជម្លោះដែនទឹកដែលសម្បូទៅដោយធនធានប្រេង និងឧស្ម័នធម្មជាតិសម្បូរបែប។ ការសម្រេចរបស់ ICJ ជាសាលក្រមសម្រេចចុងក្រោយ ហើយមិនអាចប្តឹងជំទាស់បានទេ។ ទោះបីជាយ៉ាងនេះក៏ដោយ រដ្ឋមួយ អាចតវ៉ាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាន ប្រសិនបើប្រទេសមួយផ្សេងទៀតមិនគោរពតាមសេចក្តីសម្រេច៕

Tag:
 កេនយ៉ា
  សូម៉ាលី
© រក្សាសិទ្ធិដោយ thmeythmey.com