ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ផ្ទេរប្រាក់ច្រឡំ តែគេ មិនព្រមឲ្យវិញ តើគួរប្តឹងទៅតុលាការ ឬសុខចិត្តបោះបង់ចោល?
14, Oct 2021 , 10:50 am        
រូបភាព
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
ថ្មីៗនេះ យើង បានផ្សាយអត្ថបទច្បាប់២ជាប់ៗគ្នា គឺអត្ថបទទី១ និយាយពីអ្នកទទួលប្រាក់ ដែលគេឲ្យផ្ទេរច្រឡំ នឹងអាចត្រូវចោទពីបទលួច បើមិនព្រមផ្ទេរឲ្យគេវិញ និងអត្ថបទទី២ ពន្យល់ពីវិធី ក្នុងការទាមទារប្រាក់ ដែលផ្ទេរច្រឡំយកមកវិញ។ មានករណីអ្នកចង់បានប្រាក់គេ ដែលគេផ្ទេរឲ្យច្រឡំ ទើបមានការចេញផ្សាយអត្ថបទច្បាប់ទី១ ដើម្បីដាស់តឿនថា បើមិនព្រមផ្ទេរឲ្យគេវិញ គឺអាចជាប់ចោទពីបទលួច។ អត្ថបទទី១ ចេញផ្សាយ ក៏ធ្វើឲ្យអ្នកអាន កើតចម្ងល់ថា «ចុះធ្វើដូចម្តេច ទើបអាចបានប្រាក់ ដែលផ្ទេរច្រឡំមកវិញ?»។ ចម្ងល់ក្នុងអត្ថបទច្បាប់ទី១ នាំឲ្យចេញផ្សាយអត្ថបច្បាប់ទី២ ដើម្បីពន្យល់ពីវិធីទារប្រាក់ ដែលផ្ទេរច្រឡំមកវិញ ដោយវិធីទារប្រាក់មកវិញនោះ ក៏មានការពឹងពាក់តុលាការដែរ។ ក្រោយអត្ថបទច្បាប់ទី២ ចេញផ្សាយ ស្រាប់តែអ្នកអានខ្លះ លើកឡើងថា បើប្តឹងទៅតុលាការ គឺអាចចំណាយប្រាក់អស់ច្រើនជាងប្រាក់ ដែលផ្ទេរឲ្យគេច្រឡំនោះទៀត ដូច្នេះ ប្រាក់តិចតួច ដែលផ្ទេរឲ្យគេច្រឡំ សុខចិត្តចាត់ទុកជាការបោះបង់ចោលទៅចុះ។



តើគួរប្តឹងទៅតុលាការ ឬមិនប្តឹង? តើការប្តឹងទៅតុលាការ ដើម្បីទាមទារតែប្រាក់ដែលផ្ទេរឲ្យគេច្រឡំ ឬដើម្បីទាមទារអ្វីផ្សេងៗទៀត ដែលមានតម្លៃជាងប្រាក់នោះ? លោកមេធាវី កុយ គន្ធី ជាម្ចាស់អត្ថបទច្បាប់ទាំង២ ដែលចេញផ្សាយកាលពីលើកមុន បានសរសេរអត្ថបទច្បាប់លើកទី៣នេះទៀត ដើម្បីផ្តល់ហេតុផលថា គួរប្តឹងទៅតុលាការ ឬមិនប្តឹង? ហើយក្រៅពីការទាមទារប្រាក់មកវិញ តើអ្វី ដែលសំខាន់ជាងប្រាក់ ដែលត្រូវតែទាមទារដែរនោះ?

មានអ្នកអានជាច្រើន គិតថា បើប្រាក់តិចជាង៥០ដុល្លារ ឬត្រឹម៥០ដុល្លារ ឬលើស៥០ដុល្លារតិចតួច មិនបាច់ទាមទារមកវិញទេ ព្រោះត្រូវបង់សេវាធនាគារ ដើម្បីឲ្យគេទាមទារយកប្រាក់មកវិញផង ហើយបើសិនជាទារមិនបាន ត្រូវចំណាយប្រាក់ថែមទៀតនៅតុលាការ ដូចជាត្រូវបង់ពន្ធលើពាក្យបណ្តឹង និង ការចំណាយបន្ទាប់បន្សំដទៃទៀត ជាដើម។ ការពិត គឺអ៊ីចឹងមែន។ បើប្រាក់ ដែលផ្ទេរឲ្យគេច្រឡំ មានចំនួន៥០ដុល្លារ ហើយទម្រាំទារបាន៥០ដុល្លារមកវិញ គឺត្រូវចំណាយលើសប្រាក់ ដែលបាននោះទៅទៀត។ តើមានប្រយោជន៍អ្វី ដែលទៅចំណាយឲ្យអស់កម្លាំង?

«ជួនកាល ការប្តឹងផ្តល់ មិនមែនដើម្បីសំណងជាប្រាក់ទេ តែវាជាការទាមទារសិទ្ធិមួយដែលត្រូវគេបំពាន។ ដូច្នេះ ប្រាក់មិនសំខាន់ទេ តែសិទ្ធិសំខាន់ជាងប្រាក់ទៅទៀត។ ការប្តឹង ជាការព្រមានដល់អ្នកដទៃកុំឲ្យចង់បានប្រាក់របស់គេទទេៗ និង ដើម្បីទាមទារឲ្យសមាជិកក្នុងសង្គមមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ដែលនេះជាតម្លៃមួយដ៏ខ្ពស់សម្រាប់ចងមនុស្សរាល់រូបឲ្យរស់នៅដោយសុខដុមនឹងគ្នា។»

ឧបមាថា ធនាគាររបស់អ្នកទទួលប្រាក់ បានជូនដំណឹងទៅអ្នកទទួលថា ម្ចាស់ប្រាក់ស្នើសុំប្រាក់វិញ តែអ្នកទទួល មិនព្រមផ្ញើប្រាក់ត្រឡប់ឲ្យម្ចាស់វិញ ទោះបីដឹងថាប្រាក់នោះមិនមែនជាប្រាក់របស់ខ្លួនត្រូវបានក៏ដោយ។ មានវិធី២ ដែលត្រូវដោះស្រាយនៅតុលាការ គឺ ការទាមទារតាមបណ្តឹងរដ្ឋប្បវេណី និង ការចោទប្រកាន់តាមបណ្តឹងព្រហ្មទណ្ឌ។ ដូចពោលខាងលើ បើម្ចាស់ប្រាក់ទាមទារប្រាក់តាមបណ្តឹងរដ្ឋប្បវេណី នោះម្ចាស់ប្រាក់ ត្រូវចំណាយប្រាក់ទៅលើពន្ធបណ្តឹង និង ការចំណាយលើការស៊ើបអង្កេត។ ការចំណាយនេះ អាចមានចំនួនច្រើនធៀបទៅនឹងប្រាក់ទាមទារត្រឡប់មកវិញ។

ម្ចាស់ប្រាក់នៅមានជម្រើស១ទៀត ដើម្បីចោទប្រកាន់អ្នកទទួលប្រាក់ នោះគឺបណ្តឹងព្រហ្មទណ្ឌ។ «បណ្តឹងព្រហ្មទណ្ឌ មិនទាមទារឲ្យម្ចាស់បណ្តឹងបង់ប្រាក់ពន្ធអ្វីទេ។ ពន្ធ និងការចំណាយដទៃទៀតសម្រាប់ចាត់ការបណ្តឹងជាបន្ទុករបស់រដ្ឋ»។ តែមុននឹងប្តឹងបទព្រហ្មទណ្ឌ ម្ចាស់បណ្តឹង ត្រូវសិក្សាថា តើខ្លួនមានឱកាសនឹងឈ្នះក្តីនេះដែរ ឬទេ? ម្ចាស់បណ្តឹងត្រូវប្រមាណជាមុនថា អ្នកទទួលអាចប្រព្រឹត្តបទលួច។ ដូច្នេះ ម្ចាស់ប្រាក់ត្រូវសិក្សាបន្តទៀតថា តើធាតុអ្វីខ្លះ ដែលផ្សំគ្នាទៅបានជាបទលួច? ម្ចាស់បណ្តឹងត្រូវស្វែងរកនិយមន័យនៃបទលួចនៅក្នុងក្រមព្រហ្មទណ្ឌ។

មាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

បើអានមាត្រា៣៥៣ នេះ គេអាចបំបែកវាបានជា ៣ផ្នែក គឺ (១) អំពើដកហូតទ្រព្យ ឬ វត្ថុរបស់អ្នកដទៃ (២) ដោយទុច្ចរិត  និង (៣) ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ម្ចាស់ប្រាក់ត្រូវមើលធាតុទាំង៣ផ្នែកនេះ ហើយក្រឡេកទៅមើលរឿងផ្ទេរប្រាក់ដោយច្រឡំ ថា វាស៊ីគ្នាដែរឬទេ។

(១) តើការផ្ទេរប្រាក់ដោយច្រឡំ ជាអំពើដកហូតទ្រព្យ ឬ វត្ថុរបស់អ្នកដទៃដែរ ឬទេ? អ្នកទទួលច្បាស់ជានិយាយថា គេ មិនបានដកហូតយកប្រាក់អ្នកណាទេ និងមិនបានអន្ទងឲ្យអ្នកណាផ្ញើប្រាក់មកខ្លួនឡើយ។ ការនិយាយរបស់អ្នកទទួលប្រាក់ពិតជាត្រូវអ៊ីចឹងមែន។ តែឧបមាថា នៅពេលធនាគារបានជូនដំណឹងទៅអ្នកទទួលថាគេ បានច្រឡំផ្ញើប្រាក់ទៅឲ្យខ្លួន ហើយអ្នកទទួលបានផ្ទៀងផ្ទាត់គណនីរបស់ខ្លួន រួចដឹងថាប្រាក់នោះមិនមែនជាប្រាក់របស់ខ្លួន តែបែរជាចង់កិបកេងប្រាក់នោះមិនឲ្យគេវិញ តើការនិយាយថាខ្លួនមិនបានដកហូតនៅតែត្រូវ ឬខុស? មនុស្សទូទៅប្រហែលគិតថា ការកិបកេងប្រាក់ទុកវាស្មើនឹងការដកហូតប្រាក់គេទុក។ នៅក្នុងមាត្រា៣៥៣ ខាងលើ ការដកហូត គឺជាការដកហូត «តាមគ្រប់មធ្យោបាយ» ដូចជាទៅចាក់សោទូគេយកប្រាក់ ការបន្លំយកប្រាក់ ជាដើម។ ដូច្នេះ បើដឹងថាប្រាក់មិនមែនជាប្រាក់របស់ខ្លួន ហើយមិនព្រមឲ្យគេវិញ នោះជាការ «ដកហូត» យកប្រាក់អ្នកដទៃហើយ។

(២) តើការដកហូតនោះ ធ្វើឡើងដោយគំនិតទុច្ចរិតដែរឬទេ? អ្នកទទួលប្រាក់ច្បាស់ជានិយាយថា ខ្លួនមិនបានប្រព្រឹត្តអំពើទុច្ចរិតដើម្បីបានប្រាក់នោះទេ។ អ្នកទទួលមុខជានិយាយថា ខ្លួននៅសុខៗ ប្រាក់នោះវាហូរចូលគណនីរបស់ខ្លួនដោយខ្លួនឯង។ តែឧបមាដូចខាងលើ ធនាគារ សុំឲ្យអ្នកទទួល ផ្ទេរប្រាក់ឲ្យម្ចាស់ប្រាក់វិញ តែអ្នកទទួល នៅតែធ្វើមិនដឹងមិនឮ តើការនិយាយថាខ្លួន មិនទុច្ចរិតបានទៀតដែរ ឬទេ?  ពាក្យទុច្ចរិតនេះ សំដៅដល់សភាពផ្លូវគំនិតរបស់អ្នកទទួល តើអ្នកទទួលមានគំនិតល្អក្នុងការធ្វើមិនដឹងមិនឮ ចំពោះការសុំឲ្យផ្ទេរប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញទេ? មនុស្សទូទៅ ច្បាស់ជានិយាយថា គាត់ មានគំនិតមិនល្អក្នុងការកិបប្រាក់របស់គេ។ ការកិបនេះ គឺបង្ហាញពីសភាពផ្លូវគំនិតទុច្ចរិតហើយ។

(៣) តើការដកហូតប្រាក់នោះមានបំណងយកវាមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែរ ឬទេ? អ្នកទទួលប្រាក់ប្រហែលជាពិបាកដោះសា បើសភាពផ្លូវចិត្តដូចពោលខាងលើបញ្ជាក់ថា ទុច្ចរិត។ លើកលែងតែអ្នកទទួលមានហេតុផលត្រឹមត្រូវថាខ្លួន មិនទាន់មានប្រាក់គ្រប់គ្រាន់ដើម្បីផ្ទេរទៅម្ចាស់ដើមវិញ ទើបមនុស្សទូទៅគិតថា អ្នកទទួល គ្មានបំណងទុកប្រាក់នោះជាកម្មសិទ្ធិរបស់ខ្លួន។

កាលណាសំណួរទាំង៣ឆ្លើយតបគ្រប់ហើយ នោះបទលួចនឹងកើតមានឡើងចំពោះអ្នកទទួល ទោះបីខ្លួនហៅថា ការទទួលប្រាក់នោះជាអ្វីក៏ដោយ។ នៅអត្ថបទក្រោយ យើង នឹងនិយាយអំពីថា តើតុលាការនឹងចាត់ចែងបណ្តឹងនេះរបៀបណា។

កំណត់ចំណាំ៖ អត្ថបទនេះសម្រាប់ជាការអប់រំប៉ុណ្ណោះ ហើយមិនគួរយកទៅប្រើជំនួសឱវាទផ្លូវច្បាប់បានទេ។ អ្នកដែលមានបញ្ហាទាក់ទងនឹងរឿងនេះ គួរស្វែងរកការប្រឹក្សាជាមួយមេធាវីដែលមានឯកទេសក្នុងរឿងនេះ។

Tag:
 ច្បាប់
  ផ្ទេរប្រាក់ច្រឡំ
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com