អន្តរជាតិ
ស្លាប់៥នាក់និងរបួស២នាក់ក្នុងការវាយប្រហារដោយប្រើព្រួញនៅន័រវែស
14, Oct 2021 , 11:45 am        
រូបភាព
ប៉ូលិសន័រវែសដើរកាត់កន្លែងកើតហេតុដែលការបាញ់ព្រួញសម្លាប់មនុស្ស។ រូបថត AFP
ប៉ូលិសន័រវែសដើរកាត់កន្លែងកើតហេតុដែលការបាញ់ព្រួញសម្លាប់មនុស្ស។ រូបថត AFP
បុរសម្នាក់ដែលប្រដាប់ដោយធ្នូនិងព្រួញ បានសម្លាប់មនុស្ស៥នាក់ និងធ្វើឱ្យរបួសពីរនាក់​ក្នុងការ​វាយ​ប្រហារជាបន្តបន្ទាប់នៅក្រុង Kongsberg ប្រទេសន័រវែសនៅថ្ងៃទី១៣ ខែតុលា។ ជន​សង្ស័យ​ត្រូវ​បាន​ឃុំខ្លួន រីឯប៉ូលិសកំពុង ស៊ើបអង្កេតរឿងហេតុបន្ត។

 
ហេតុការណ៍វាយប្រហារដោយបាញ់ព្រួញកើតឡើងនៅតំបន់ដ៏ធំមួយនៃក្រុង Kongsberg ស្ថិតនៅ​ភាគអាគ្នេយ៍ និងមានចម្ងាយ៦៨គីឡូម៉ែត្រពីរាជធានីអូស្លូ។ ក្នុងចំណោមជនរងគ្រោះ ក៏មាន​មន្ត្រី​ប៉ូលិសម្នាក់ដែលស្ថិតនៅហាងមួយនៃកន្លែងកើតហេតុនោះ។
 
«បុរសនោះបានប្រើធ្នូនិងព្រួញ... សម្រាប់ការវាយប្រហារមួយចំនួន»។ មេប៉ូលិសក្រុងលោក Oeyvind Aas បានប្រាប់អ្នកយកព័ត៌មានបែបនេះ មុនបន្តថា ប៉ូលិសកំពុងស៊ើបអង្កេតថា តើ អាវុធផ្សេង​ទៀត​ត្រូវបានជនសង្ស័យនោះប្រើដែរឬយ៉ាងណា។ បើតាមលោក Aas ចំពោះព័ត៌មា​ន​ដែល​ប៉ូលិស​មានក្នុងដៃឥឡូវនេះ បង្ហាញថាជនសង្ស័យខាងលើបានធ្វើសកម្មភាពតែម្នាក់ឯង ហើយប៉ូលិសនឹង​ស៊ើប​អង្កេត​ថា ការវាយប្រហារនេះជាអំពើភេរវកម្មដែរឬទេ។
 
ជុំវិញរឿងនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg បានថ្លែងថា ពេលនេះប៉ូលិសកំពុងគ្រប់គ្រងស្ថានភាពបានហើយ។
 
ទន្ទឹមនេះបន្ទាប់ពីការវាយប្រហារខាងលើ នាយកដ្ឋានប៉ូលិសបានបានបញ្ជាឱ្យមន្រ្តីប៉ូលិស​ទូទាំង​ប្រទេសកាន់អាវុធតាមខ្លួន ខណៈជាធម្មតាប៉ូលិសន័រវេសគ្មានអាវុធទេប៉ុន្តែពួកគេអាចប្រដាប់អាវុធ ឬ​កាន់កាំភ្លើងបាននៅពេលចាំបាច់ណាមួយប៉ុណ្ណោះ។ ប៉ូលិសន័រវែសបញ្ជាក់ថា នេះគ្រាន់តែជា​ការ​ប្រុង​ប្រយ័ត្នបន្ថែម។ រហូតមកដល់ពេលនេះ ប៉ូលិសមិនទាន់បានរក ឃើញព័ត៌មានដែលបង្ហាញថា សន្តិសុខជាតិទាំងមូលត្រូវគំរាមឡើយ។
 
គួរបញ្ជាក់ថា តួលេខអ្នកស្លាប់ខាងលើជាចំនួនដ៏អាក្រក់បំផុតនៅន័រវេសចាប់តាំងពីឆ្នាំ២០១១ ពេល​ដែលជនល្មើសជ្រុលនិយម Anders Behring Breivik បានសម្លាប់មនុស្ស៧៧នាក់ដែល​ភាគច្រើន​ជា​ក្មេងជំទង់នៅជំរំយុវជន៕
 
 

Tag:
 ន័រវែស
© រក្សាសិទ្ធិដោយ thmeythmey.com