ជាតិ
កម្ពុជា ប្រាប់«ចលនាមិនចូលបក្សសម្ព័ន្ឋ» ឱ្យបរិហារនយោបាយរើសអើង និងបែងចែកជាតិសាសន៍របស់ពួកមហាអំណាច
14, Oct 2021 , 1:59 pm        
រូបភាព
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ កម្ពុជា បានប្រាប់ឱ្យ «ប្រទេសចលនាមិនចូលបក្សសម្ព័ន្ឋ» ប្តេជ្ញាចិត្តបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលបង្កឡើងដោយពួកមហាអំណាច។ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតំណាងសម្ដេច ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់រំឮកខួបអនុស្សារីយ៍លើកទី៦០ នៃសន្និសីទលើកដំបូង របស់បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ កាលពីថ្ងៃទី១១ -១២ តុលា នៅទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី។

 
«យើងឈរយ៉ាងរឹងមាំរួមគ្នាប្រឆាំងនឹងការដាក់ទណ្ឌកម្មលើរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដោយខុសច្បាប់ ជាឯកតោភាគី ក្រៅប្រព័ន្ធតុលាការ និងការដាក់ទណ្ឌកម្មក្រៅប្រព័ន្ឋសមត្ថកិច្ចរបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោក អ៊ុច បូររិទ្ធ ដែលបានបន្ថែមថា បញ្ហាប្រឈមដែល «ចលនាមិនចូលបក្សសម្ព័ន្ឋ» បានជួបប្រទះកាលពី៦០ឆ្នាំមុន នៅតែបន្តមកដល់បច្ចុប្បន្ន ដោយសារតែការប្រកួតប្រជែងរវាងមហាអំណាចកំពុងឡើងកម្ដៅ ហើយការបែកខ្ញែកសណ្តាប់ធ្នាប់ពិភពលោក កំពុងក្លាយជាការពិត។


រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

បើតាមលោក អ៊ុច បូររិទ្ធ ការបែងចែកជាតិសាសន៍ និងការបង្កើតសម្ព័ន្ធមិត្តចេញមកពីរបៀបវារៈ ភូមិសាស្ត្រនយោបាយ បានធ្វើឱ្យមានសង្គ្រាមបច្ចេកវិទ្យា ពាណិជ្ជកម្ម និងវិស័យលំហសាយប័រ (Cyberspace) និងបានធ្វើឱ្យមានការរើសអើងវ៉ាក់សាំង ដែលបានរឹតត្បិតដល់ការចល័តប្រជាជន ទោះបីវ៉ាក់សាំងអស់ទាំងនោះ ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។
 
«យើងក៏បានឃើញការអនុវត្តន៍បែបជ្រើសរើស (selective application) និងការបកស្រាយអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបម្រើរបៀបវារៈនយោបាយ និងគោលបំណងត្រួតត្រា ដោយពុំបានគិតគូរពីភាពបរិសុទ្ធនៃសន្តិភាព ស្ថិរភាព និងឆន្ទៈរបស់ប្រជាជនក្នុងតំបន់»។ នេះជាការលើកឡើងរបស់លោក បូររិទ្ធ។
 
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវតែប្តេជ្ញាចិត្តក្នុងការបរិហារនយោបាយរើសអើង និងការបែងចែកជាតិសាសន៍ ដែលប្រឆាំងនឹងគោលការណ៍ និងគោលបំណងរបស់សមាជិក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
 


រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

សេចក្តីថ្លែងការណ៍ក្រសួងការបរទេស បានស្រង់សម្ដីលោក អ៊ុច បូររិទ្ធ យ៉ាងដូច្នេះ៖«វាគឺជាការពិតដែលថា ទោះបីជាមានការតាំងចិត្ត និងការតស៊ូយ៉ាងខ្លាំងក្លាពីបងប្អូនប្រុសស្រីរបស់យើង រដ្ឋសមាជិកយើងខ្លះបានទទួលរងគ្រោះដោយសារការជ្រៀតជ្រែកពីបរទេស សង្គ្រាមដើម្បីផលប្រយោជន៍ប្រទេសមហាអំណាច(proxy war) ការផ្លាស់ប្តូររបប សង្គ្រាមស៊ីវិល និងសង្គ្រាមជនជាតិភាគតិច។ ហេតុការណ៍អស់ទាំងអស់នេះវាហួសពីសមត្ថភាពរបស់យើងនៅក្នុងការគ្រប់គ្រងវាសនា និងការពារខ្លួនរបស់យើង។ ជាអកុសល សន្តិភាពនៅតែជាសុបិនដែលមិនអាចសម្រេចបានសម្រាប់ប្រទេសជាច្រើន»។
 
លោក អ៊ុច បូររិទ្ធ បានប្រាប់សមាជិកចលនាមិនចូលបក្សសម្ព័ន្ឋថា កម្ពុជាបានឆ្លងកាត់គ្រប់រសជាតិក្នុងការតស៊ូដើម្បីឯករាជ្យ ការកសាងសន្តិភាព និងការកសាងប្រទេសជាតិ។ «កម្ពុជាបានធ្វើដំណើរលើផ្លូវមួយដ៏វែងឆ្ងាយ ហើយតាមបទពិសោធន៍របស់យើងខ្ញុំ សន្តិភាព ស្ថិរភាព និងសន្តិសុខ គឺមានតម្លៃខ្ពង់ខ្ពស់ឧត្តុងឧត្តមបំផុត ដែលយើងខ្ញុំខឹតខំការពារ និងតស៊ូប្រយុទ្ធប្រឆាំងគ្រប់ការប៉ុនប៉ងតាមរយៈអ្វីដែលគេហៅថា «បដិវត្តន៍ពណ៌» ដកហូតសិទ្ធិកំណត់ជោគវាសនាខ្លួនឯងរបស់យើងខ្ញុំ»។ នេះជាការបញ្ជាក់របសរដ្ឋលេខាក្រសួងការបរទេស ដែលបានបន្ថែមថា សន្តិភាពអាចត្រូវបានចរចាដោយជោគជ័យ ប៉ុន្តែវាមិនអាចត្រូវបានកំណត់ដោយតួអង្គខាងក្រៅ ហើយការកសាងរដ្ឋក៏មិនអាចនាំចូល ឬនាំចេញបាននោះទេ។
 


រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

ពាក់ព័ន្ធនឹងបញ្ហានេះ កម្ពុជាជំរុញ ប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវតែប្រកាន់ជំហរគាំទ្រពហុភាគីនិយម ដើម្បីដំណោះស្រាយបញ្ហាប្រឈមរួម ព្រោះពុំមានប្រទេសណាមួយ អាចដោះស្រាយបញ្ហាទាំងនេះតែឯកឯងបានទេ។
 
កាលពី៦០ឆ្នាំមុន ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើង និងគាំទ្រដោយបណ្តាប្រទេសក្រោយសម័យអាណានិគមនិងក្រោយជម្លោះ ដែលស្រែកឃ្លានឯករាជ្យភាពពិតប្រាកដ អធិបតេយ្យភាព  បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចស្តីពីមាគ៌ាអភិវឌ្ឍន៍សមស្របតាមបរិបទនៃប្រទេសជាតិនីមួយៗ។ ចលនាមិនចូលបក្សសម្ព័ន្ឋ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាជម្រើសមួយ ក្នុងការប្រឆាំងនឹងការបែកបាក់នៃការបែងចែកភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជា ដែលកើតចេញពីសង្គ្រាមត្រជាក់ ។ វាជាបាតុភូតមួយ ដែលរដ្ឋសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ បានចាត់ទុកថាមិនមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាមិនគាំទ្រដល់ពហុភាគីនិយមដែលជាស្នូលនៃអង្គការសហប្រជាជាតិ។

Tag:
 ការទូត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com