COVID-19
អន្តរជាតិ
WHO ប្រកាសក្រុមអ្នកជំនាញថ្មីដើម្បីស៊ើបអង្កេតប្រពភដើមជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀត​
14, Oct 2021 , 2:29 pm        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបថត Xinhua
អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដែលទទួលបន្ទុកស៊ើបអង្កេតពីភ្នាក់ងារបង្កជំងឺថ្មី និងការពារការរាលដាលជំងឺឆ្លងថ្មីនាពេលអនាគត។ អ្នកវិទ្យាសាស្រ្តមួយក្រុមនេះ ក៏ត្រូវស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ ។ WHO ក៏បានលើកឡើងថា នេះអាចជាឱកាសចុងក្រោយក្នុងការកំណត់ប្រភពដើមនៃវីរុស SARS-CoV-2 ហើយជំរុញឱ្យចិនផ្តល់ទិន្នន័យជាក់លាក់ពីករណីដំបូងឆ្លងផងដែរ។



អ្នកជំនាញចំនួន២៦នាក់នៃក្រុមប្រឹក្សាផ្ដល់យោបល់វិទ្យសាស្រ្ត (SAGO) ដែលត្រូវបានប្រកាសដោយ WHO នឹងត្រូវសិក្សាពីប្រភពដើមនៃធាតុភ្នាក់ងារបង្កជំងឺ និងសក្តានុពលនៃជំងឺឆ្លងថ្មីនាពេលខាងមុខ រួមទាំងចាប់ផ្ដើមឡើងវិញការសិក្សាលើប្រភពដើមនៃវីរុស SARS-CoV-2 ដែលជាវីរុសដែលបង្កឱ្យមានជំងឺកូវីដ-១៩ ។
 
សមាជិកចំនួន ២៦នាក់នេះ ត្រូវបាន WHO ជ្រើសរើសចេញពីបេក្ខជនដាក់ពាក្យជាង ៧០០ នាក់ហើយត្រូវឆ្លងកាត់វិញ្ញាសាវិទ្យាសាស្ត្រជាច្រើន។ សមាជិកសំខាន់ៗមានលោក Christian Drosten ជាប្រធានវិទ្យាស្ថានវីរុសវិទ្យាទីក្រុងប៊ែរឡាំង, លោក Yungui Yang នៃវិទ្យាស្ថានហ្សែនរបស់ចិន, លោក Jean-Claude Manuguerra នៃវិទ្យាស្ថានប៉ាស្ទ័រនៅបារាំង និងលោកស្រី Inger Damon មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាម៉េរិកជាដើម។​
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកជួបប្រទះជំងឺឆ្លងកាចសាហាវជាច្រើន។ ក្រៅពីជំងឺកូវីដ-១៩ ដែលកំពុងអុកឡុកពិភពលោក មេរោគបង្កហានិភ័យខ្ពស់ជាច្រើនបានលេចឡើង ឬលេចចេញជាថ្មី ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS) វីរុសផ្តាសាយបក្សី, ជំងឺ Lassa Marburg និង Ebola ជាដើម។
 
«ការលេចចេញមេរោគថ្មីដែលមានសក្តានុពលក្នុងការបង្កឱ្យមានជំងឺរាតត្បាត ជាការពិតនៃធម្មជាតិ ហើយបើទោះបីជាវីរុស SARS-CoV-2 ជាវីរុសចុងក្រោយដែលបានរកឃើញ វានឹងមិនមែនជាវីរុសចុងក្រោយដែលពិភពលោកជួបប្រទះឡើយ»។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO ថ្លែងបែបនេះពីទីក្រុងហ្ស៊ែណែវ។ លោកក៏បានបន្ថែមថា ការយល់ដឹងពីភ្នាក់ងារបង្កជំងឺ នឹងអាចការពារការផ្ទុះជំងឺរាលដាលនាពេលអនាគត។
ទាក់ទងជំងឺកូវីដ-១៩ វិញ ការស៊ើបអង្កេតរកប្រភពដើមមានដំណើរការយឺតបំផុត។ បន្ទាប់ពីការពន្យាពេលជាច្រើនដង​ ក្រុមអ្នកជំនាញអន្តរជាតិរបស់ WHO បានទៅទីក្រុងវូហាននៅខែមករាឆ្នាំ ២០២១ ដើម្បីផលិតរបាយការណ៍ដំណាក់កាលដំបូងរួមគ្នាជាមួយសមភាគីចិន។ ទោះយ៉ាងណា ការស៊ើបអង្កេតប្រឈមនឹងការរិះគន់ ព្រោះខ្វះតម្លាភាពនិងការស៊ើបអង្កេតឱ្យស៊ីជម្រៅលើការសង្ស័យនៃការលេចធ្លាយមេរោគចេញពីមន្ទីរពិសោធន៍ចិន។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅហ្សឺណែវ អគ្គនាយកអង្គការ WHO ក៏បានលើកឡើងថា ការស៊ើបអង្កេតទាក់ទិននឹងប្រភពដើមនៃជំងឺកូវីដ-១៩ ត្រូវបានរារាំងដោយការខ្វះខាតទិន្នន័យទាក់ទងនឹងថ្ងៃឆ្លងដំបូង។  លើសពីនេះទៀត លោក Mike Ryan អ្នកជំនាញគ្រាអាសន្នរបស់ WHO បាននិយាយថា ក្រុមអ្នកជំនាញថ្មីនេះ អាចជាឱកាសចុងក្រោយក្នុងការរកប្រភពដើមនៃកូវីដ-១៩។
​ 
ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សជាង ៤,៨៥ លាននាក់និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុងវូហាន កាលពីខែធ្នូឆ្នាំ ២០១៩ ។ មកទល់នឹងពេលនេះ ប្រភពជំងឺច្បាស់លាស់នៅមិនទាន់រកឃើញនៅឡើយ បើទោះបីជាមានការស៊ើបអង្កេតច្រើនដងមកហើយក្តី៕ 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com