ជាតិ
សម្ដេច ស ខេង ៖ «បទពិសោធន៍ ដែល ម៉ៅ ធនិន បានធ្វើ ខ្ញុំមិនហ៊ានថា ជាគំរូទេ តែសូមខេត្តនានា ពិនិត្យមើល»
14, Oct 2021 , 8:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីតែងតាំងលោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត កាលពីថ្ងៃទី ១៣ តុលា ២០២១។
សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីតែងតាំងលោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត កាលពីថ្ងៃទី ១៣ តុលា ២០២១។
ភ្នំពេញ៖ សម្ដេច ស ខេង វាយតម្លៃវិជ្ជមានចំពោះកិច្ចការងាររបស់លោក ម៉ៅ ធនិន ដែលដឹកនាំ និងបានដោះស្រាយបញ្ហាពលរដ្ឋ នៅក្នុងខេត្តពោធិ៍សាត់កន្លងមក។ ប្រមុខក្រសួងមហាផ្ទៃរូបនេះ ក៏ស្នើឱ្យអភិបាលខេត្តនានា ពិនិត្យមើលរបៀបបំពេញការងារ របស់លោក ម៉ៅ ធនិន យកទៅអនុវត្តតាមមូលដ្ឋានផងដែរ។



«បទពិសោធន៍ ដែលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានធ្វើ ខ្ញុំមិនហ៊ានថា ឱ្យទៅជាគំរូ សម្រាប់ទូទាំងប្រទេសទេ តែសូមឱ្យខេត្តនានា ពិនិត្យមើល ចំណុចណាធ្វើបាន យើងធ្វើ តែចំណុចណាធ្វើមិនបាន យើងកុំធ្វើ តាមអ្វីដែល ម៉ៅ ធនិន បានធ្វើ»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង នៅក្នុងពិធីតែងតាំង លោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត កាលពីថ្ងៃទី ១៣ តុលា។
 
មុនផ្លាស់ទៅកាន់តួនាទីអភិបាលខេត្តកំពតនេះ លោក ម៉ៅ ធនិន បានដឹកនាំ និងដោះស្រាយបញ្ហាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់យ៉ាងល្អ ដោយទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋ និងអ្នកតាមដានសង្គមផងដែរ។ លោក ម៉ៅ ធនិន បានបង្កើតកម្មវិធីវេទិកាសាធារណៈមួយ ក្នុងខេត្តពោធិ៍សាត់ ដោយប្រមូលយកបញ្ហាពលរដ្ឋមកដោះស្រាយនៅចំពោះមុខ ក៏ដូចជាសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាដើម ដូចជាបញ្ហាទំនាស់ដីធ្លី ទំនាស់ផលប្រយោជន៍ក្នុងគ្រួសារ និងអ្នកដទៃ និងអ្នកមានអំណាចរំលោភបំពានពលរដ្ឋ រួមទាំងសេវាសាធាណៈនានា។
 
ដោយសារមើលឃើញចំណុចវិជ្ជមាននេះ ទើបសម្ដេច ស ខេង ណែនាំឱ្យអភិបាលខេត្តដទៃ យករបៀបការងាររបស់លោក ម៉ៅ ធនិន ទៅអនុវត្តនៅក្នុងមូលដ្ឋានខ្លួន ដើម្បីដោះស្រាយបញ្ហាពលរដ្ឋឱ្យបានត្រឹមត្រូវ។ «គោលដៅដែលយកចង់បាននោះ គឺកាត់បន្ថយជាអតិប្បរមា ឬលុបបំបាត់នូវបញ្ហាប្រឈមនៅមូលដ្ឋាន ទាក់ទងនឹងទំនាស់។ ខ្ញុំមិននិយាយបញ្ហាទាំងអស់ទេ ព្រោះបញ្ហាវាច្រើនណាស់ មិនអាចលុបបំបាត់អស់ទេ។ ប៉ុន្តែបញ្ហារសើបៗ ដូចជាទំនាស់ដីធ្លីនៅសេសសល់ បញ្ហារំលោភអំណាចជាដើម»។ នេះបើតាម រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដែលគ្រោងដាក់យន្តការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ទៅជាការប្រកួតប្រជែងគោលនយោបាយភូមិ ឃុំ សុវត្ថិភាព។
 
សម្ដេច ស ខេង បានផ្ដួចផ្ដើមគំនិតពីការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការដល់ពលរដ្ឋ។ សម្ដេច ស ខេង បានបញ្ជាក់ថា អភិបាលខេត្ត ប្រធានមន្ទីរនានា រហូតដល់មេប៉ុស្តិ៍ និងមេភូមិ អាចចេញមុខដោះស្រាយបញ្ហាពលរដ្ឋបាន ឲ្យតែស្ថិតនៅដែនសមត្ថកិច្ចខ្លួន។ «ការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ចូលទៅក្នុងការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺអាចនឹងធ្វើឱ្យបានមុនការបោះឆ្នោត ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ»។ សម្ដេច ស ខេង ថ្លែងបែបនេះ។
 
បើតាមរដ្ឋមន្រី្តក្រសួងមហាផ្ទៃ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនេះ ពុំមែនផ្តោតតែទៅលើការរក្សាសន្តិសុខមួយមុខទេ តែវាក្ដោបរួមទាំងការផ្តល់សេវាសាធារណៈ ដូចជាការគ្រប់គ្រងស្លាកលេខយានយន្ត សៀវភៅគ្រួសារ និងក្រដាសស្នាមផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានយន្តការដោះស្រាយគ្រោះមហន្តរាយ ឱ្យបានទាន់ពេលវេលាផងដែរ៕

Tag:
 ស ខេង
  អភិបាលខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com