អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ថា នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយចិនឡើយ
14, Oct 2021 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng អះអាងថា តៃវ៉ាន់នឹងមិនចាប់ផ្តើមធ្វើសង្គ្រាមជាមួយចិនទេ ប៉ុន្តែនឹងការពារខ្លួនឱ្យបានពេញលេញ។ លោក Chiu អះអាងបែបនេះ ខណៈភាពតានតឹងរវាងចិននិងតៃវ៉ាន់កាន់តែកើនកម្តៅនៅក្នុងខែតុលានេះ។


 
«អ្វីដែលច្បាស់បំផុតនោះគឺសាធារណរដ្ឋចិន នឹងមិនចាប់ផ្តើមសង្គ្រាមទេ ប៉ុន្តែប្រសិនបើមានចលនាអ្វីប៉ះពាល់ យើងនឹងតបតយ៉ាងពេញទំហឹង»។ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng ប្រាប់សមាជិកសភាតៃវ៉ាន់ក្នុងកិច្ចប្រជុំគណៈកម្មាធិការសភានៅថ្ងៃទី១៤ ខែតុលា ដោយប្រើឈ្មោះផ្លូវការរបស់តៃវ៉ាន់។លោក Chiu បន្ថែមទៀតថា តៃវ៉ាន់នឹងការពារខ្លួន ប្រសិនបើត្រូវគេវាយប្រហារ ប៉ុន្តែនឹងមិនតបតរហូតក្លាយជាសង្គ្រាមឡើយ ហើយចង់រក្សាស្ថានភាពដើមជាមួយចិន។
 
ភាពតានតឹងផ្នែកយោធារវាងចិននិងតៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន ត្រូវមើលឃើញស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ លោក Chiu ផ្ទាល់ធ្លាប់លើកឡើងថា ចិននឹងមានលទ្ធភាពបង្កើនការលុកលុយទ្រង់ទ្រាយធំលើតៃវ៉ាន់នៅឆ្នាំ២០២៥ ខាងមុខ។
 
ក្នុងកិច្ចប្រជុំដដែល លោក Chiu រៀបរាប់ពីគោលបំណងរបស់ចិនថា ដៃម្ខាងដាក់សម្ពាធលើតៃវ៉ាន់ ហើយដៃម្ខាងទៀតអួតទៅកាន់អ្នកផ្សេងទៀតថា ខ្លួនមានសមត្ថភាពបំភ័យ និងរារាំងកងកម្លាំងយោធាបរទេសមិនឱ្យចូលរួមជាមួយតៃវ៉ាន់បាន។ មន្រ្តីតៃវ៉ាន់រូបនេះ និយាយសំដៅសកម្មភាពយោធាចិនបញ្ជូនយន្តហោះចម្បាំងចូលកៀកតៃវ៉ាន់៤ថ្ងៃជាប់គ្នាកាលពីដើមខែតុលា ហើយដែលទីក្រុងតៃប៉ិចាត់ទុកថាជាការរំខានផ្នែកយោធាពីទីក្រុងប៉េកាំង និងជាការសាកល្បងកម្លាំងតបតរបស់តៃវ៉ាន់។
 
បន្ថែមពីនេះដែរ ក្រសួងការពារជាតិតៃវ៉ាន់នៅក្នុងរបាយការណ៍មួយទៅកាន់សភាមុនការលើកឡើងរបស់លោក Chiu បានព្រមានចិនអំពីវិធានការតបវិញដ៏ខ្លាំងក្លា ប្រសិនបើកងកម្លាំងរបស់ចិនបន្ត ហោះមកក្បែរកោះតៃវ៉ាន់ទៀតនោះ។ នៅថ្ងៃទី ១៣ ខែតុលា ចិនអះអាងចា សកម្មភាពយោធារបស់ខ្លួន គ្រាន់តែដើម្បីការពារសន្តិភាព និងស្ថិរភាព។
 
ទាក់ទិននឹងទំនាក់ទំនងរវាងតៃវ៉ាន់និងអាម៉េរិកវិញ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន ក៏បានបង្ហាញភាពមិនពេញចិត្តទៅលើកិច្ចប្រជុំរវាងប្រេសិតតៃវ៉ាន់ និងមន្ត្រីការទូតជាន់ខ្ពស់អាម៉េរិក ក៏ដូចជាដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកតៃវ៉ាន់ Hsu Yen-pu ទៅកាន់ទឹកដីអាម៉េរិកក្នុងសប្ដាហ៍នេះ៕ 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com