ជាតិ
លោក ប៉ា សុជាតិវង្ស ត្រៀមឡើងជាទេសរដ្ឋមន្រ្តី
15, Oct 2021 , 8:59 am        
រូបភាព
លោក ប៉ា សុជាតិវង្ស ថ្លែងក្នុងពិធីមួយ កាលពីខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោក ប៉ា សុជាតិវង្ស ថ្លែងក្នុងពិធីមួយ កាលពីខែតុលា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
ប្រមុខរដ្ឋាភិបាល បានដាក់សំណើទៅរដ្ឋសភា ដើម្បីសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប៉ា សុជាតិវង្ស ឲ្យឡើងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។



បច្ចុប្បន្ន លោក ប៉ា សុជាតិវង្ស គឺជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី ហើយលោក ក៏កំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញដែរ។ ឋានៈស្មើទេសរដ្ឋមន្រ្តី ប៉ុន្តែ មិនជាទេសរដ្ឋមន្រ្តីឡើយ ហើយក៏មិនមែនជាសមាជិករដ្ឋាភិបាលដែរ។ 
 
លុះត្រាតែរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ហើយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកជាទេសរដ្ឋមន្រ្តី ទើបលោក នឹងក្លាយជាទេសរដ្ឋមន្រ្តីពេញសិទ្ធិ និងក្លាយជាសមាជិករដ្ឋាភិបាល។ 
 
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ថា៖«នេះជាលើកដំបូងហើយក្នុងជីវិតរបស់ខ្ញុំ [ដែលនឹងធ្វើជាទេសរដ្ឋមន្រ្តី]។ [ការងារ] ធ្ងន់យ៉ាងម៉េច មិនទាន់ដឹងទេ បើមិនលីផង»។ 
 
តំណែងជាទេសរដ្ឋមន្រ្តី មានវិសមិតភាពជាមួយតំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ដូច្នេះ លោក នឹងលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅពេលឡើងជាទេសរដ្ឋមន្រ្តី។
 
លោក ប៉ា សុជាតិវង្ស ដែលបច្ចុប្បនមានវ័យ៦៤ឆ្នាំ ធ្លាប់កាន់តំណែងជាអភិបាលរាជធានីភ្នំពេញពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ លោក ក៏ធ្លាប់ជាប់ឆ្នោតជាតំណារាស្រ្តដែរ កាលពីពេលបោះឆ្នោតឆ្នាំ២០១៨​ និងបានលាលែងពីតំណែងជាតំណាងរាស្រ្តនៅឆ្នាំ២០១៩ រួចទៅធ្វើជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មកដល់សព្វថ្ងៃ។
 
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាន លើរបៀបវារៈមួយចំនួន ដោយក្នុងនោះ ក៏មានរបៀបវារៈអំពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប៉ា សុជាតិវង្ស ធ្វើជាទេសរដ្ឋមន្រ្តីផងដែរ។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានយល់ព្រមលើសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប៉ា សុជាតិវង្ស។ លោក ត្រូវរង់ចាំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីកិច្ចប្រជុំពេញអង្គរដ្ឋសភាសិន មុននឹងព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងលោកជាទេសរដ្ឋមន្រ្តី។ សេចក្តីប្រកាសព័ត៌មាន ពុំបានបញ្ជាក់ឡើយថា រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គនៅពេលណា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com