កីឡាអន្តរជាតិ
អន្តរជាតិ
ចាប់ខ្លួនប្តីអត្តពលិកកេនយ៉ា Tirop ដែលត្រូវបានគេសម្លាប់ក្នុងផ្ទះ បានហើយ
15, Oct 2021 , 2:00 pm        
រូបភាព
ប៉ូលីសប្រទេសកេនយ៉ាបានចាប់ខ្លួនប្តីរបស់ កីឡាការិនី Agnes Jebet Tirop ម្ចាស់កំណត់ត្រាពិភពលោកវិញ្ញាសារត់ចម្ងាយឆ្ងាយ ដែលត្រូវបានគេចាក់សម្លាប់នៅផ្ទះរបស់នាង។ ទោះស្ថិតក្រោមការស៊ើបអង្កេតនៅលើយ លោក Emmanuel Rotich ដែលជាប្តី ត្រូវបានគេជឿជាក់ថាជាជនដៃដល់ក្នុងឃាតកម្មនេះ។


 
លោក Emmanuel Rotich ដែលត្រូវជាប្តីរបស់ Tirop ត្រូវបានចាប់ខ្លួន និងយកទៅឃុំបណ្តោះអាសន្ន ខណៈលោកជាប់ជាជនសង្ស័យលើករណីឃាតកម្មលើភរិយាខ្លួន។ បើតាមមន្ត្រីប៉ូលីសម្នាក់ Rotich នឹងប្រឈមមុខនឹងការចោទប្រកាន់នៅពេលការស៊ើបអង្កេតត្រូវបានបញ្ចប់។
 
Tirop ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះនាក្រុង Iten តំបន់ Elgeyo Marakwet ជាមួយនឹងស្នាមចាក់លើផ្ទៃពោះ និងក កាលពីថ្ងៃទី១២ ខែតុលា។ លោក George Kinoti ប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាស្វាមីរបស់ Tirop លោក Rotich ស្ថិតក្នុងទីឃុំឃាំង បន្ទាប់ពីជនសង្ស័យរូបនេះរត់គេចខ្លួនក្រោយមានឃាតកម្ម។
 
បើតាមការប្រធានផ្នែកស៊ើបអង្កេតខាងលើ មានតំរុយច្រើនដែលបង្ហាញថាលោក Rotich ជាជនដៃដល់សម្លាប់ប្រពន្ធខ្លួន បើទោះការស៊ើបអង្កេតមិនបញ្ចប់នៅឡើយក្តី។
កីឡាការិនីវ័យ២៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកជាអត្តពលិកកំពូលមួយរូបរបស់កេនយ៉ា តាមរយៈការឈ្នះមេដាយសំរឹទ្ធិពិភពលោក ពីរលើកលើវិញ្ញាសាររត់ចម្ងាយ១ម៉ឺនម៉ែត្រ។ សម្រាប់វិញ្ញាសាពិភពលោក World Cross Country Championships វិញ Tirop ធ្លាប់ឈ្នះមេដាយមាស១ និងប្រាក់២។
 
Tirop បានដើរគ្រវីទង់ជាតិកេនយ៉ា នាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ និងបានទទួលចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារត់ចម្ងាយ៥ ០០០ម៉ែត្រ។
 
លោកស្រី Julius Yego អតីតប្រធានក្រុមអត្តពលិកកេនយ៉ាបានប្រាប់កម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ BBC World Service ថា“ នាងគឺជាក្មេងស្រីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលពិតជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីក្លាយជាអត្តពលិកកំពូលម្នាក់នៅលើពិភពលោក” ។

Tag:
 Agnes Jebet Tirop
© រក្សាសិទ្ធិដោយ thmeythmey.com