ជាតិ
យូណេស្កូ សាទរចំពោះសារាច​រហាម​​វាយកម្ទេច និងបំផ្លាញសំណង់បេតិកភណ្ឌនៅកម្ពុជា
15, Oct 2021 , 3:44 pm        
រូបភាព
Photo by UNESCO
Photo by UNESCO
អង្គការយូណេស្កូ បាន​សាទរចំពោះ​​សារាចរ​ទប់ស្កាត់ការវាយកម្ទេច និងបំផ្លាញសំណង់បេតិកភណ្ឌនៅកម្ពុជា របស់រាជរដ្ឋាភិបាល។ សម្រាប់​យូណេស្កូ ​សារា​ចរនេះនឹងចូលរួមបន្ថែមទៀត ក្នុងការ​ពង្រឹងតុល្យភាព​រវាងកំណើនទីក្រុង និងការអភិវឌ្ឍ​ប្រកបដោយចីរភាព ក៏ដូចជានឹងលើកកម្ពស់ ការគោរពជាសកល ចំពោះសិទ្ធិវប្បធម៌សម្រាប់ទាំងអស់គ្នា តាមរយៈការស្តារ និងអភិរក្សសំណង់បេតិកភណ្ឌវប្បធម៌។

 
សារាចរនេះ ក៏ជាការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១១ ដែលបញ្ជាក់ពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ សម្រាប់ការធ្វើឱ្យទីក្រុងមានសុវត្ថិភាព និង​មានភាពធន់​​។ អង្គការយូណេស្កូ បញ្ជាក់ដូច្នេះ៖«បេតិកភណ្ឌទីក្រុង ដែលមានទាំងសមាសធាតុរូបី និងអរូបី  បានបង្កើត​ជាធនធានសំខាន់ក្នុងការលើកកម្ពស់ភាពរស់រវើក និងភាពធន់នៃតំបន់ទីក្រុង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបង្រួបបង្រួមសង្គម ក្នុងបរិយាកាសដែលផ្លាស់ប្តូរ»។
​ស្របតាមច្បាប់ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ដែលបានប្រកាសឱ្យប្រើប្រាស់នៅឆ្នាំ១៩៩៦ សារាចរនេះមានគោលបំណងអភិរក្សអគារបេតិកភណ្ឌទីក្រុង រួមមានអគារសាសនាអគារសាធារណៈ អគារឯកជន អគារលំនៅដ្ឋាន និងផ្ទះបុរាណ ព្រមទាំងកំណត់នូវអនុសាសន៍ ដើម្បីការពារការបំផ្លាញ និងគ្រប់ទម្រង់នៃការកែប្រែ​ ឬការខូចខាតរូបរាង នៃអគារបេតិកភណ្ឌទីក្រុង។ 
 
អង្គការយូណេស្កូ បានបញ្ជាក់ទៀតថា កម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ក្នុងនោះមានតំបន់អង្គរ, ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះក្នុងបញ្ជី​​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ អង្គការនេះ បញ្ជាក់ទៀតថាខ្លួនបាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអភិរក្សតំបន់បេតិភកភណ្ឌពិភពលោកទាំងនេះ ​  ហើយក៏បានប្តេជ្ញាបន្តផ្តល់ជំនួយបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធក្នុងការអភិរក្ស និងអភិរក្សបេតិកភណ្ឌវប្បធម៌ និងទីក្រុងផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា សម្តេច ហ៊ុន សែន បានចេញសារាចណ៍ ដោយហាមមិនឱ្យមានការវាយបំផ្លាញ ឬប្តូររូបរាង និងធ្វើឱ្យខូចសោភ័ណភាព ចំពោះអគារបេ​តិកភណ្ឌទាំងនៅក្នុង និងក្រៅតំបន់ការពារឡើយ។ ការចេញសារាចរហាមឃាត់នេះ ក្រោយពី   រដ្ឋាភិបាលបានពិនិត្យឃើញ មានសំណង់អគារបេតិកភណ្ឌមួយចំនួន ត្រូវបានរងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ ដោយការការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិវឌ្ឍ និងការអភិរក្ស។

Tag:
 យូណេស្កូ
 សំណង់បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com