ជាតិ
«សកម្មភាពយើង គឺជាអនាគតយើង»! កម្ពុជានឹងប្រារព្ធទិវាស្បៀងអាហារពិភពលោក នៅខេត្តព្រៃវែង
15, Oct 2021 , 8:59 pm        
រូបភាព
ទិវាស្បៀងអាហារអាហារពិភពលោកឆ្នាំ២០២០ ក្នុងខេត្តសៀមរាប។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប។
ទិវាស្បៀងអាហារអាហារពិភពលោកឆ្នាំ២០២០ ក្នុងខេត្តសៀមរាប។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាប។
ភ្នំពេញ៖ ក្រសួងកសិកម្ម រួមជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) នឹង​រៀបចំ​ទិវា​ស្បៀងអាហារ​ពិភពលោក​ប្រចាំឆ្នាំ​២០២១ នៅថ្ងៃទី​១៦តុលា ក្នុងខេត្តព្រៃវែង​​។ បើតាមFAO ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតកាន់តែប្រសើរ»។

 
 
ជារៀងរាល់កម្ពុជាតែងប្រារព្ធប្រារព្ធទិវាស្បៀងអាហារពិភពលោក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ FAO ការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ពីតម្រូវការក្នុងការគាំទ្រដល់ការប្រែក្លាយប្រព័ន្ធស្បៀងឱ្យកាន់តែមានប្រសិទ្ធិភាព បរិយាប័ន្ន ធន់ និងប្រកបដោយនិរន្តរភាព។ 
 
សម្រាប់ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០២១ កម្ពុជានឹងធ្វើឡើងនៅទី១៦តុលា នៅក្នុងខេត្តព្រៃវែង ក្រោមវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។   អង្គការ FAO បានបញ្ជាក់ថា ទិវានេះ នឹងមានការចូលរួមធ្វើសកម្មភាពពីគ្រប់ វិស័យពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាប្រព័ន្ធស្បៀង មានលទ្ធភាពផ្គត់ផ្គង់ អាហារគ្រប់គ្រាន់ ដែលមានអាហាររូបត្ថម្ភ ប្រកបដោយសុវត្ថិភាព ធានាដល់ជីវិតមនុស្សគ្រប់រូប ប្រកបដោយសុខមាលភាព ក៏ដូចជាការការពារភពផែនដី ផងដែរ។ 
 
លោក Antonio Schiavone តំណាងស្ដីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ប្រចាំកម្ពុជាលើកឡើងថា៖« ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ឱ្យបង្កើនការយកចិត្តទុកដាក់ ទៅលើការជ្រើសអាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារ ដែលធ្វើឱ្យយើងគ្រប់គ្នា ក្លាយជាផ្នែកសំខាន់មួយ នៃប្រព័ន្ធនេះ»។ 
 
សូមរម្លឹកថា កាលឆ្នាំ២០២០កម្ពុជា ប្រារព្ធទិវាស្បៀងអាហារពិភពលោកនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ«រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពផែនដី»៕ 

Tag:
 thmeythmey25
  ទិវាស្បៀងអាហារពិភពលោក
  world food day
© រក្សាសិទ្ធិដោយ thmeythmey.com