ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់កម្ចី៤០លានដុល្លារដល់កម្ពុជា ដើម្បីជំរុញការផ្តល់ឥណទានដល់​ MSMEs
18, Oct 2021 , 2:32 pm        
រូបភាព
SME bank ។ រូបថត៖ ADB
SME bank ។ រូបថត៖ ADB
ដោយ៖ វ៉ា សុភានុត

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានសម្រាប់សហគ្រាសធុន តូច-មធ្យម(MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ​ ADB ចេញផ្សាយនៅថ្ងៃទី១៨ តុលានេះ។

 
បើតាម ADB កម្ចីនេះវាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួនពីរពីមុន ដែលត្រូវបានអនុវត្តពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព តាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
 
លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ «តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗ ដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ ​សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ»។ នេះជាប្រសាសន៍របស់ អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ ADB។
 
នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមាន កម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល មានតែ ២១,៧ភាគរយ នៃប្រជាពលរដ្ឋពេញវ័យកម្ពុជាប៉ុណ្ណោះ ដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាក ដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ ជារឿយៗ អាជីវកម្មត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែង ដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ នេះបើតាម ADB ហើយស្ថាប័ននេះ បន្តទៀតថា មានតែប្រជាពលរដ្ឋកម្ពុជា ១៨ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ។
 
បើតាមADB អំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩នេះ ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ និង កំណើនឥណទានលឿន ​ បានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ។
 
ADB បន្តគូសបញ្ជាក់ថា កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិតផងដែរ។
 
កំណែទម្រង់ទាំងនោះ ត្រូវបានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥។ កម្មវិធីរងថ្មីនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

Tag:
 កម្ចី
  ហិរញ្ញវត្ថុ
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com