ជាតិ
៤ឃុំ​ នៃ​ស្រុក​លំផាត់ និង​ស្រុក​កូនមុំ ជន់លិច ខណៈ​ទឹកទន្លេស្រែពក លើសកម្រិត​ប្រកាសអាសន្ន
18, Oct 2021 , 3:40 pm        
រូបភាព
ទន្លេស្រែពក ស្ថិតក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបភាពពី​រដ្ឋបាលខេត្ត​រតនគិរី
ទន្លេស្រែពក ស្ថិតក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបភាពពី​រដ្ឋបាលខេត្ត​រតនគិរី
ភ្នំពេញ៖ ភ្លៀង​ធ្លាក់ជា​បន្ត​បន្ទាប់ បាន​ធ្វើឱ្យ​ជំនន់ទឹក​ភ្លៀង​ជន់​លិចឃុំ​ចំនួន ៤ នៃ​ស្រុក​លំផាត់ និង​ស្រុក​កូនមុំ ខេត្ត​រតនគិរី។ បើ​តាម​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ នៅ​ព្រឹក​ថ្ងៃទី​១៨ តុលានេះ កម្ពស់ទឹក​ទន្លេស្រែពក កើន​ដល់១២.៧៤ម៉ែត្រ ខណៈកម្រិត​ប្រកាសអាសន្នត្រឹម​ ១២.៥០ម៉ែត្រ។



ក្រោយ​កម្ពុជា រងឥទ្ធិពលព្យុះ និង​ឥទ្ធិពល​មូសុង​និរតីខ្លាំង បាន​ធ្វើ​ឱ្យ​បណ្ដាខេត្ត​មួយចំនួន មាន​ភ្លៀងធ្លាក់ជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ក៏​ទទួល​រង​ឥទ្ធិពលខាងលើ ដែលធ្វើឱ្យ​ឃុំ​ចំនួន ៤ នៃស្រុក​លំផាត់ និង​ស្រុកកូនមុំ ជន់លិច​ និងធ្វើឱ្យ​ទន្លេស្រែពក ហក់ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ១២.៧៤ម៉ែត្រ។ 
 
រដ្ឋបាលខេត្ត​រតនគិរី លើកឡើងថា៖«ស្ថានភាពនៃជំនន់ទឹកភ្លៀង និងការហក់ឡើងនៃទឹកទន្លេស្រែពកនេះ បណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ បង្កជាវិសម្ពាធទាបនាំឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា និងការបើកធាទឹកពីអាងស្តុកទឹកស្រែពក៤ ផ្នែកខាងលើទន្លេស្រែពក បង្កជាជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងបានលិចភូមិ ឃុំ មួយចំនួន ដែលស្ថិតនៅតំបន់ទំនាបងាយប្រឈម ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ»។


                           រូបភាពពីរដ្ឋបាលខេត្តរតនគិរី
 
បន្ទាប់ពី​រងផលប៉ះពាល់ដោយសារ​ជំនន់ទឹក​ភ្លៀង​ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពកនៅចំណុចភូមិលំផាត់ ឃុំជ័យឧត្តម  ស្រុកលំផាត់ ដើម្បីអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលាទៅចំពោះសភាពការណ៍ជាក់ស្តែង។ ជាមួយគ្នានេះ អាជ្ញាធរបានជួយអន្តរាគមន៍ ដើម្បីជម្លៀសពលរដ្ឋដែលប្រឈមខ្ពស់មករកទីទួលសុវត្ថិភាពផងដែរ។ 
 
អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមឆ្លើយតបជាបន្ទាន់ចំពោះហេតុការណ៍ដែលបានកើតឡើង និងអំពាវនាវដល់​ពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត៕ 

Tag:
 ទឹកជំនន់
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com