ជាតិ
អាជ្ញាធរភ្នំពេញ មិនទាន់កំណត់ពេល លើកលែងការបង្ហាញបណ្ណចាក់វ៉ាក់សាំងឡើយ ក្រៅពីកុមារ និងយុវវ័យ
18, Oct 2021 , 8:59 pm        
រូបភាព
ដោយ៖ វ៉ា សុភានុត

ការបង្ហាញបណ្ណចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ និងផ្សារឯកជន និងទីតាំងនានា នៅតែបន្ត លើកលែងតែកុមារ និងយុវវ័យ។

 
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗនៅថ្ងៃទី១៨ តុលា ថា អាជ្ញាធរ កំពុងតាមដានការវិវត្តនៃជំងឺកូវីដ-១៩នេះ ដូច្នេះអាជ្ញាធរមិនទាន់កំណត់ពេល លើកលែងកាត្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងសាធារណៈឡើយ ដោយរង់ចាំមើលស្ថានភាពជាក់ស្ដែង។
 
លោក មាសភក្ដី មានបាននិយាយដូច្នេះថា៖ «មើលតាមស្ថានភាពនៃការអនុវត្ត ជាមួយនឹងស្ថានភាពនៃការចូលរួមប្រជាពលរដ្ឋហ្នឹងកម្រិតណា បណ្ដើរៗតគ្នាទៀត រហូតទៅដល់ការគ្រប់គ្រង ការរីករាលដាល។ អត្រាស្លាប់អត្រាអីសរុបទាំងអស់វាពាក់ព័ន្ធនឹងកូវីដទាំងអស់ វាធូរស្បើយកម្រិតណា ចឹងយើងមិចអាចនេះទុកមុន ដឹងហើយជំងឹនេះថ្មី»។
 
កាលពីដើមខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ តម្រូវឱ្យប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅទទួលវ៉ាក់សាំង ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ និងផ្សារឯកជន និងទីតាំងនានាដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។
 
ប៉ុន្តែសម្រាប់កុមារ និងយុវវ័យ ដែលមានអាយុក្រោម ១៨ឆ្នាំ  ត្រូវបានអាជ្ញាធរភ្នំពេញ លើកលែងការបង្ហាញកាតចាក់វ៉ាក់សាំង រាល់ពេលចេញ-ចូលថ្នាក់រៀន បណ្ណាល័យ បណ្ណាគារ អាហារដ្ឋាន តូបអាហារ និងតូបភេសជ្ជៈ ដែលមានទីតាំងក្នុងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។ អាជ្ញាធរលើកលែងបែបនេះ ក្រោមហេតុផលថា ក្រុមមនុស្សក្នុងវ័យនេះ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅឡើយ។
 
បច្ចុប្បន្នកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១១៦ ៨៦០នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន ១១១១៤៩ នាក់ និងអ្នកស្លាប់សរុប ២៦៧០នាក់។ ករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ១៩ ៣៦៥នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com