ជាតិ
​កំពង់ស្ពឺ និងពោធិ៍សាត់ មានទេសចរទៅលេងច្រើន នាចុងសប្តាហ៍ ​
18, Oct 2021 , 5:41 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
រូបថត៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ: ថ្មីៗ
ទេសចរប្រមាណ ១៣,៨ម៉ឺននាក់ បានដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥-១៧ តុលា ចុងសប្តាហ៍កន្លងទៅ។ ក្នុងចំណោមទេសចរផ្ទៃក្នុងទាំងនោះ មានទេសចរបរទេស​ជាង៣ពាន់នាក់។ នេះបើយោងរបាយការណ៍ស្ថិតិភ្ញៀវទេសចរ របស់ក្រសួងទេសចរណ៍។  ខេត្តព្រះសីហនុ ​​រាជធានីភ្នំពេញ ​កំពត កំពង់ស្ពឺ សៀមរាប ពោធិ៍សាត់ និងខេត្តកែប ជាខេត្តដែលទទួលបានទេសចរច្រើនជាងគេ គឺសរុបជាង១០ម៉ឺននាក់ ឬស្មើជាង៧៥ភាគរយ នៃទេសចរសរុប ដែលចេញដើរកម្សាន្ត​។

 
ព្រះសីហនុ ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺជាង២,៨ម៉ឺននាក់ ខណៈរាជធានីភ្នំពេញ ស្ថិតនៅលេខរៀងទី២ ដោយមានទេសចរដើរកម្សាន្តជាង ២,៥ម៉ឺននាក់។ ចំណែកឯខេត្តកំពត ដែលធ្លាប់ទទួលបានប្រជាប្រិយភាពជាងគេ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ បានធ្លាក់មកនៅលេខរៀងទី៣ ដោយទទួលបានទេសចរជាង១,៨ម៉ឺននាក់។ 
 
កំពង់ស្ពឺ ដែលធ្លាប់ជាខេត្តឆ្លងកាត់របស់អ្នកទេសចរ ក៏បានស្វាគមន៍ភ្ញៀវទេសចរជាង ៨,៥ពាន់នាក់ផងដែរ ខណៈខេត្តសៀមរាប ដែលទើបស្រាកស្រាន្តពីជំងឺឆ្លងជំងឺកូវីដ-១៩នោះ បានទទួលបានលំហូរទេសចរផ្ទៃក្នុង​សរុប ៧,៦ពាន់នាក់ផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ​។  ចំណែកឯខេត្តពោធិ៍សាត់ ក៏មិនអន់ដែរ ដោយខេត្តនេះ ទទួលបានទេសចរជាង៧,៤ពាន់នាក់ ខណៈខេត្តកែប បានទទួលស្វាគមន៍ទេសចរជាង ៧,១ពាន់នាក់។
 
​បើយោងតាមក្រសួងទេសចរណ៍ចំនួនទេសចរផ្ទៃក្នុងដែលបានដើរកម្សាន្តនាចុងសប្តាហ៍កន្លងទៅនេះ ថយចុះប្រមាណ ៤៣,៤៦ភាគរយ ធៀបនឹងថ្ងៃសម្រាកចុងសប្តាហ៍ក្រោយ​ពិធីបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែបើធៀបនឹងតួលេខចុងសប្តាហ៍មុនបុណ្យភ្ជុំវិញ ចំនួននៃទេសចរដើរកម្សាន្តនេះ កើនឡើងជាង១៨ភាគរយ។ 
 
​ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ អះអាងថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត នៅតែបន្តខិតខំផ្សព្វផ្សាយ និងចុះវាយតម្លៃមូលដ្ឋានអាជីវកម្មស្របតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់សេវានានា ដែលក្រសួងទេសចរណ៍បានដាក់ចេញ។ ទន្ទឹមនឹង ការយល់ដឹងពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់ភ្ញៀវទេសចរក៏មានភាពប្រសើរ ជាពិសេសតាមរយៈការបង្ហាញកាតចាក់វ៉ាក់សាំង នៅពេលចូលរមណីយដ្ឋានទេសចរណ៍នានាជាដើម​៕

Tag:
 ទេសចរ
 ព្រះសីហនុ
 កំពត
 កំពង់ស្ពឺ
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com