ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖«កំពង់ផែកម្ពុជា មិនមែនសម្រាប់ប្រទេសណាផ្តាច់មុខទេ គឺសម្រាប់ភាគីទាំងអស់»
18, Oct 2021 , 10:59 pm        
រូបភាព
រូបរង្វង់មូល គឺលោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក (រូបពីក្រសួងព័ត៌មាន) និងទិដ្ឋភាពនាវាចម្បាំងអូស្រ្តាលី ពេលចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)។
រូបរង្វង់មូល គឺលោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក (រូបពីក្រសួងព័ត៌មាន) និងទិដ្ឋភាពនាវាចម្បាំងអូស្រ្តាលី ពេលចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ)។
ដោយ: ថ្មីៗ
នាវាចម្បាំងខ្នាតធំមួយគ្រឿងរបស់កងទ័ពជើងទឹកអូស្រ្តាលី បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។ សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល វត្តមាននាវាចម្បាំងអូស្រ្តាលី បង្ហាញថា កម្ពុជា ទទួលស្វាគមន៍នាវាយោធាគ្រប់ប្រទេស ពោលគឺកំពង់ផែកម្ពុជា មិនមែនបង្កើតឡើងទុកសម្រាប់ឲ្យកងទ័ពចិន ឬកងទ័ពប្រទេសណាមួយផ្តាច់មុខឡើយ។


  
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បំភ្លឺជាថ្មីថា តាំងពីដើមមក កម្ពុជា ប្រកាន់ជំហរពហុភាគីនិយម ហើយកម្ពុជា មិនស្ថិតក្រោមរណបរបស់បរទេសណានោះទេ។ លោក បន្តថា កំពង់ផែរាម រួមទាំងកំពង់ផែដទៃទៀតក្នុងខេត្តព្រះសីហនុ តែងបើកចំហទទួលស្វាគមន៍នាវាសឹក ឬនាវាយោធាពីគ្រប់ប្រទេស ឲ្យតែស្នើសុំមកកម្ពុជា។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា៖«[កំពង់ផែកម្ពុជា] មិនមែនសម្រាប់ប្រទេសណាផ្តាច់មុខតែឯងទេ គឺសម្រាប់ពហុភាគីទាំងអស់។ ប្រទេសលើពិភពលោក ជាមិត្តកម្ពុជាទាំងអស់។ មិនថា [នាវាយោធារបស់] អាម៉េរិក អូស្រ្តាលី បារាំង ឥណ្ឌា ជប៉ុន និង ចិន ជាដើម យើងស្វាគមន៍ទាំងអស់»។
 
កម្ពុជា កំពុងទទួលរងការសង្ស័យជាថ្មីថា នៅកំពង់ផែរាម ខេត្តព្រះសីហនុ មានអគារថ្មី៣ទីតាំង ទើបនឹងត្រូវបានសាងសង់ឡើងសម្រាប់ទុកធ្វើជាមូលដ្ឋានកងទ័ពជើងទឹកចិន។ ការសង្ស័យនេះ កើតចេញអង្គភាពគំនិតផ្តួចផ្តើមដើម្បីតម្លាភាពផ្នែកសមុទ្រក្នុងតំបន់អាស៊ី (Asia Maritime Transparency Initiative)។ 
 
អង្គភាព Asia Maritime Transparency Initiative (AMTI) បានផ្សាយរបាយការណ៍ ក្នុងអំឡុងខែតុលា ឆ្នាំ២០២១នេះ ដោយរបាយការណ៍នោះ បញ្ចូលរូបភាពអគារថ្មីទាំង៣ទីតាំងនៅកំពង់ផែរាម ដែលខ្លួនថតជាប់ដោយប្រព័ន្ធសេថេលឡាយ (Satellite) ឬផ្កាយរណប។ AMTI គឺជាអង្គភាពមួយរបស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាមេរិក (Center for Strategic and International Studies) ឬហៅកាត់ថា CSIS។ 
 
ការចោទថា កម្ពុជា អនុញ្ញាតឲ្យមានកងទ័ពចិនឈរជើងនៅកំពង់ផែរាម ឬចោទថា កម្ពុជា សង់អគារថ្មីទាំង៣ទីតាំង សម្រាប់ទុកបម្រើឲ្យកងទ័ពចិន ត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកជារបៀបវារៈនយោបាយ ជាការភូតកុហក និងជាការកាឡៃព័ត៌មាន។ លោក យល់ថា ព័ត៌មានខុសការពិតរបៀបនេះ យូរៗទៅ គង់តែសាបរលាបដោយខ្លួនឯង។

កាលពីថ្ងៃទី១៥ ខែតុលា លោក ផៃ ស៊ីផាន បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗម្តងរួចមកហើយ ជុំវិញរឿងអគារថ្មីទាំង៣ទីតាំង ដែលទើបសាងសង់នៅកំពុងផែរាម ដោយក្នុងសម្ភាសនាពេលនោះ លោក បកស្រាយថា អគារថ្មីទាំង៣ទីតាំងនោះ សម្រាប់បម្រើឲ្យកងទ័ពកម្ពុជាខ្លួនឯង មិនមែនសម្រាប់កងទ័ពចិនឡើយ។
 
ចំពោះនាវាចម្បាំងប្រភេទ HMAS ANZAC របស់កងទ័ពជើងទឹកអូស្រ្តាលី នឹងត្រូវចតនៅកម្ពុជារយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨នេះ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ នាវានេះ មានបណ្តោយ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ និងមាននាវិក១៥៨នាក់ ដែលដឹកនាំដោយលោកឧត្តមនាវីត្រី ម៉ាល់ វ៉ាយ (Mal Wise)។

នាវាចម្បាំងអូស្រ្តាលីមិនមែនមកដៃទទេឡើយ ដោយនាំយកសម្ភារវេជ្ជសាស្រ្តប្រឆាំងនឹងជំងឺកូវីដ-៩មួយចំនួន មកជូនកម្ពុជា។ ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា កងទ័ពជើងទឹកអូស្រ្តាលី និងតំណាងកងយោធពលខេមរភូមិន្ទកម្ពុជា នឹងរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយស្តីពីស្តីសន្តិភាព និងសន្តិសុខ។ គិតចាប់តាំងពីឆ្នាំ២០១៦មក វា ជាលើកដំបូងហើយ ដែលនាវាចម្បាំងអូស្រ្តាលី ចូលចតនៅកម្ពុជា៕ 

Tag:
 នាវាចម្បាំងអូស្រ្តាលី
  កំពង់ផែរាម
  ទ័ពចិន
  ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com