កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា ចែកផ្លូវពីណាហ្គា នៅចុងខែនេះ ក្រោយ២០ឆ្នាំ ជាកីឡាករ និងគ្រូបង្វឹក
19, Oct 2021 , 12:21 pm        
រូបភាព
ភ្នំពេញ៖ លោក មាស ចាន់ណា ចែកផ្លូវពីក្លិបណាហ្គាវើល នៅចុងខែតុលានេះ បន្ទាប់ពីផុតកិច្ចសន្យា។ នេះបើតាមក្លិបណាហ្គាវើល បានប្រកាសតាមហ្វេសប៊ុកជាផ្លូវការ នាព្រឹកថ្ងៃទី ១៩ តុលា។


 
ក្លិបបាល់ទាត់ណាហ្គាវើល បានសរសេរដូច្នេះថា៖«សូមថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសំរាប់ក្លឹបរបស់យើងកន្លងមកទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ យើងសូមជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត»។

ពេលចាកចេញនេះ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល ក៏បានផ្ដាំផ្ញើឱ្យកីឡាករក្លិបណាហ្គាវើល ត្រូវបន្តប្រឹងហ្វឹកហាត់ និងមានភាពស្មោះត្រង់ ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងកិត្តិយសដែរ។

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក មាស ចាន់ណា បានសរសេរដូច្នេះថា៖«បងសូមអរគុណដល់ប្អូនៗដែលជាកីឡាករណាហ្គាវើលទាំងអស់ ដែលយើងបានរួមរស់ជាមួយគ្នា ហត់នឿយជាមួយគ្នា សប្បាយជាមួយគ្នា។ តែពេលនេះជាពេលវេលាដែលយើងត្រូវបែកគ្នា បាល់ទាត់តែប៉ុណ្ណឹង ។ សូមប្អូនៗបន្តការហ្វឹកហាត់ឱ្យបានល្អ ដើម្បីអាជីពនិងក្តីសុបិន្តរបស់យើង។ បងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើការជាមួយគ្នាម្តងទៀត ។ សូមផ្តាំប្អូនៗថា ភាពស្មោះត្រង់គឹសំខាន់ណាស់សម្រាប់ សាងកេរ្ត៍ឈ្មោះរបស់យើង ដូច្នេះប្អូនៗត្រូវចេះស្រលាញ់គ្នា គោរពគ្នា ឱ្យតំលៃគ្នា និងកែលម្អគ្នា»។
 
លោក មាស ចាន់ណា បានប្រកបអាជីពជាកីឡាករបាល់ទាត់ រយៈពេល១៣ឆ្នាំ និងផ្ដើមតួនាទីជាគ្រូជំនួយ រហូតដល់គ្រូបង្វឹក ៧ឆ្នាំ នៅក្លិបណាហ្គាវើលនេះ។
 

Tag:
 មាស ចាន់ណា
  កីឡាបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com