ជាតិ
ជំនន់ទឹកភ្លៀង បានប៉ះពាល់ផ្ទះជាង២ពាន់ខ្នង និងកសិកម្មជាង២០០ហិកតា ក្នុងខេត្តបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។រូបភាពពី រដ្ឋបាលខេត្តបាត់ដំបង។
× បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង រយៈពេលបីថ្ងៃ បានប៉ះពាល់ផ្ទះពលរដ្ឋជាង២ពាន់ខ្នង
និងផលកសិកម្មជាង២០០ហិកតា។ នេះបើតាមលោក សឿម ប៊ុនរិទ្ធី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ដែលបញ្ជាក់ថា គ្រោះទឹកជំនន់នេះ មិនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងមិនមានអ្នកស្លាប់ឡើយ។
លោក សឿម ប៊ុនរិទ្ធី បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ១៥-១៧ តុលាកន្លងទៅ បានជន់លិចដល់ក្រុង-ស្រុកចំនូន៦ រួមមាន ក្រុងបាត់ដំបង ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ។ ក្នុងនោះ ប៉ះពាល់ដល់ផ្ទះចំនួន ២ ៤៦០ខ្នង , លិចដីស្រែចំនួន ១ ៣០០ហិកតា, ដំណាំឧស្សាហកម្ម បន្លែ និងដំណាំរួមផ្សំចំនួន ២៣២,១៨ហិកតា, ស្រូវកំពុងច្រូត ១៣ហិកតា និងជន់លិចចម្ការទុរេនចំនួន ៣ហិកតា ក្នុងស្រុកសំឡូត ប៉ុន្តែមិនធ្វើឱ្យខូចខាតឡើយ។
លោក សឿម ប៊ុនរិទ្ធី បានបញ្ជាក់ថា ក្រោយជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងស្រកចុះ មិនបង្កប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋ និងដំណាំកសិកម្មផ្សេងៗឡើយ ប៉ុន្តែគ្រោះទឹកជំនន់នេះ បានប៉ះពាល់ធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូ៕
Tag:
ThmeyThmey25
គ្រោះទឹកជំនន់
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com