ជាតិ
សិល្បះ
កូនលោក ហ្វុយស្សូ គ្រូសិល្បៈបុរាណ ប្រកាសលក់ផ្ទះ ដើម្បីព្យាបាលឪពុក
20, Oct 2021 , 9:52 am        
រូបភាព
លោក ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ កំពុងសម្រាកព្យាបាលជំងឺសួត ថ្លើម នៅមន្ទីរពេទ្យ
លោក ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ កំពុងសម្រាកព្យាបាលជំងឺសួត ថ្លើម នៅមន្ទីរពេទ្យ
ភ្នំពេញ៖ ដោយសារតែអស់លទ្ធភាព លោក ស៊ូ វណ្ណៈ ត្រូវជាកូនប្រុសពៅរបស់លោក ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ បង្ខំចិត្តដាក់លក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ១៥ម៉ឺនដុល្លារអាម៉េរិក ដើម្បីព្យាបាលឪពុក។


  
លោក ស៊ូ វណ្ណៈ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ស្ថានភាពជំងឺរបស់លោក ស៊ូ សាវ៉ាង បច្ចុប្បន្នបានធូរស្បើយបន្តិច ដោយមិនសូវហត់ខ្លាំង ហើយមិនសូវក្ដៅខ្លួនញឹកញាប់ និងក្អកតិចជាងមុន។ ចំណែកសួតរបស់លោក សាវ៉ាង ត្រូវបានខូចអស់ប្រហែលពី៦០ទៅ៧០ភាគរយ។ បន្ថែមពីនោះ ថ្លើមរបស់លោក ដែលនៅសល់តែមួយចំហៀង ក្រោយការវះកាត់ កាលពីលើកមុននោះ ក៏មានការរលាកដោយមានខ្ទុះ ដូច្នេះត្រូវបូមខ្ទុះនោះចេញផងដែរ។ 
 
លោក វណ្ណៈ ពន្យល់៖«ថ្លើមនោះចង់ចេញជាបូស តែមិនទាន់ចេញមុខ។ យ៉ាងណាត្រូវតែបូមខ្ទុះនោះចេញឱ្យហើយ ព្រោះបើទុកនៅពេលវាធ្លាយ និងមានគ្រោះថ្នាក់ក្នុងរយៈពេល២៤ម៉ោង។ ការព្យាបាលនេះ បានត្រឹមធូរស្រាល តែមិនជាដាច់ទេ បានត្រឹមកុំឱ្យវាវិវឌ្ឍន៍ទៅមុខទៀត ព្រោះគាត់ធ្លាប់ឈឺពីមុន។ ជាទូទៅ ជំងឺរបេងពេលចូលវ័យជរា ជំងឺនោះនឹងវិលមកវិញ ទោះយើងព្យាបាលជាពីក្មេងក៏ដោយ»។
 
លោក វណ្ណៈ បញ្ជាក់ទៀតថា គ្រូពេទ្យនឹងយកខ្ទុះនោះ ទៅវិភាគរកមេរោគបន្ថែមទៀត ថាបង្កឡើងពីជំងឺអ្វីឱ្យពិតប្រាកដ ក្រោយមកទើបគ្រូពេទ្យ ចេញថ្នាំដើម្បីព្យាបាលជំងឺនោះ។ ក្នុងដំណាក់កាលនៃការធ្វើវិភាគខ្ទុះនោះ ត្រូវរង់ចាំរយៈពេលពេញមួយសប្ដាហ៍ ដូច្នេះលោក សាវ៉ាង ត្រូវប្រើថ្នាំមួយប្រភេទ ដើម្បីគ្រប់គ្រងស្ថានភាពជំងឺ។ ក្រោយពីវិភាគរកឃើញថាជាប្រភេទមេរោគអ្វីហើយ គ្រូពេទ្យនឹងប្រើថ្នាំឱ្យត្រូវនឹងជំងឺនោះដើម្បីព្យាបាល។ យ៉ាងណាក៏ដោយ ប្រសិនបើថ្នាំនោះព្យាបាលត្រូវ គ្រូពេទ្យនឹងបន្តព្យាបាលដោយប្រើថ្នាំនោះរយៈពេល៦សប្ដាហ៍ ប៉ុន្តែបើមិនត្រូវគេត្រូវវិភាគរកថ្នាំផ្សេងទៀត។ 
 
«ការព្យាបាលសម្លាប់មេរោគ ត្រូវធ្វើចន្លោះពី៤ទៅ៦សប្ដាហ៍។ ការចំណាយពេទ្យមិនទាន់បានបញ្ជាក់ទេ។ ខ្ញុំសុំពេទ្យយកប៉ាចេញពីបន្ទប់ ICU ព្រោះខ្ញុំអត់មានលទ្ធភាព ប៉ុន្តែព្យាបាលក្នុងបន្ទប់ធម្មតា ក៏ចំណាយខ្ទង់ជាង១ពាន់ដុល្លារដែរ(ក្នុងមួយថ្ងៃ) ហើយត្រូវព្យាបាលពេញ១សប្ដាហ៍។ ការព្យាបាលកន្លងទៅអស់ជាង៣ម៉ឺនហើយ។ បច្ចុប្បន្នត្រូវត្រៀម១ម៉ឺនដុល្លារសម្រាប់ការព្យាបាល១សប្ដាហ៍ តែយើងត្រូវចំណាយលើសនេះ សម្រាប់ការព្យាបាលបន្តទៀត»។ នេះជាការបញ្ជាក់របស់លោក វណ្ណៈ។
 
អត្ថបទទាក់ទង
 
 
ក្រៅពីការព្យាបាលដោយត្រូវប្រើថ្នាំ លោក ស៊ូ សាវ៉ាង ត្រូវបានគ្រូពេទ្យតម្រូវឱ្យស្កេនបន្ថែមទៀត។ ការស្កេនម្ដងត្រូវចំណាយអស់ពី៧០០ ទៅ៨០០ដុល្លារ។
 
កូនប្រុសពៅលោក ហ្វុយស្សូ បញ្ជាក់ទាំងក្រៀមក្រំ៖«បច្ចុប្បន្ននៅក្នុងខ្លួនខ្ញុំមានមិនដល់៣ម៉ឺនទេ ហើយប្រាក់នេះខ្ញុំខ្ចីពីមិត្តខ្លះ ពីអ្នកនេះអ្នកនោះខ្លះ។ ខ្ញុំត្រូវការចំណាយច្រើនទៀត បើខ្ចីគេទៀតក៏គេមិនអាចជួយយើងបានច្រើនដែរ។ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបានគឺលក់ផ្ទះ ដើម្បីបង្វិលប្រាក់សងគេផង និងយកប្រាក់មកព្យាបាលប៉ាផង»។
 
លោក ស៊ូ វណ្ណៈ បន្ថែមថាដោយសារតែជីវភាពខ្វះខាត លោកបានធ្វើលិខិតស្នើសុំទៅបុគ្គលមួយចំនួន ដែលមានលទ្ធភាពក្នុងជួររដ្ឋាភិបាល និងដែលធ្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់លោក រួមទាំងកាកបាទក្រហមកម្ពុជា ដើម្បីសុំជំនួយដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយឡើយ។ យ៉ាងណាក៏ដោយ លោក វណ្ណៈថា លោកក៏ធ្លាប់ទទួលបានថវិកាពីសប្បុរសជនមួយចំនួនដែរ ដែលអាចដោះទាល់បានខ្លះៗ។
 
លោក វណ្ណៈ បន្ថែម៖«ខ្ញុំបានប្រកាសហើយ ប៉ុន្តែយើងមិនប្រើពាក្យទទូចសុំទេ ឱ្យគាត់ជួយតាមលទ្ធភាពសម្រាប់អ្នកដែលគាត់មានទឹកចិត្ត។ ធម្មតាយើងខ្វះខាត យើងតែងតែចង់បានការជួយ ប៉ុន្តែមិនដល់ថ្នាក់ទទូចទេ។ ដូច្នេះខ្ញុំមានអ្វីដោះបានខ្ញុំក៏ដោះតាមដំណើរទៅ។ ប៉ុន្តែប្រសិនបើមានអ្នកចង់ជួយយើងនៅតែទទួល។ យើងមិនរំពឹងថា យើងនឹងមិនលក់ផ្ទះពេលបានជំនួយ ឬយើងលក់ផ្ទះហើយ យើងមិនត្រូវការជំនួយទៀត ក៏ទេដែរ។ ព្រោះការព្យាបាលមានរយៈពេលយូរ យើងត្រូវការថវិកាច្រើន»។ 
 
លោក ស៊ូ វណ្ណៈ ថាក្រោយពីលោកប្រកាសលក់ផ្ទះ រហូតមកដល់ពេលនេះ ពុំទាន់មានអ្នកទាក់ទងទៅលោកនៅឡើយទេ។ យ៉ាងណាក៏ដោយ ប្រសិនបើលោកលក់ផ្ទះនោះបាន ប្រាក់៥០ភាគរយនៃការលក់ផ្ទះ លោកត្រូវសងទៅធនាគារ ហើយប្រាក់៥០ភាគរយទៀត ត្រូវបែងចែកជា២ ដោយលោកត្រូវសងបំណុលផ្សេងៗ ដែលបានខ្ចីទៅព្យាបាលជំងឺឪពុក និងមួយផ្នែកទៀត ត្រូវទុកព្យាបាលជំងឺឪពុកបន្ត៕
 

Tag:
 សិល្បៈ
  បុរាណ
  ជំងឺ
  ស៊ូ សាវ៉ាង
© រក្សាសិទ្ធិដោយ thmeythmey.com