អន្តរជាតិ
នាវាកងទ័ពជើងទឹកចិននិងរុស្ស៊ី បើកឆ្លងកាត់ច្រកសមុទ្រជប៉ុន
20, Oct 2021 , 11:59 am        
រូបភាព
នាវាចម្បាំងចិនដែលបើកកាត់ច្រកសមុទ្រជប៉ុនជាមួយនាវារុស្ស៊ី។ រូបថត Global Times
នាវាចម្បាំងចិនដែលបើកកាត់ច្រកសមុទ្រជប៉ុនជាមួយនាវារុស្ស៊ី។ រូបថត Global Times
ដោយ៖ ឡាយ ស្រីពេជ្រ
 
នាវាកងទ័ពជើងទឹកចំនួន ១០ គ្រឿងមកពីចិននិងរុស្ស៊ីធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រជប៉ុនដែលខណ្ឌចែកដែនកោះសំខាន់របស់ជប៉ុននិងកោះហុកកៃដូភាគខាងជើងកាលពីថ្ងៃទី១៨ ខែតុលា។​ រដ្ឋាភិបាលជប៉ុន បានឃ្លាំមើលយ៉ាងដិតដល់សកម្មភាពទាំងនោះ ឯអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនអះអាងថា មិនមានការបំពានដែនទឹកជប៉ុន និងច្បាប់អន្តរជាតិណាមួយទេ។

 
ជាលើកទីមួយ នាវាកងទ័ពជើងទឹកចិននិងរុស្ស៊ីដែលធ្វើដំណើររួមគ្នាកាត់ច្រកសមុទ្រ Tsugaru ដែលខណ្ឌសមុទ្រជប៉ុនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក។
 
អនុប្រធានលេខាធិការគណៈរដ្ឋមន្ត្រីលោក Yoshihiko Isozaki ប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែតុលាថា រដ្ឋាភិបាលជប៉ុនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្មភាពរបស់នាវាកងទ័ពជើងទឹករបស់ចិននិងរុស្ស៊ីជុំវិញជប៉ុនជាមួយការយកចិត្តទុកដាក់យ៉ាងខ្ពស់។ ជប៉ុន នឹងបន្តឃ្លាំមើលឱ្យអស់ពីសមត្ថភាពនៃសកម្មភាពទាំងនោះទាំងនៅក្នុងដែនទឹកនិងដែនអាកាសជុំវិញប្រទេស។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនលើកឡើងថា មិនមានការបំពានលើដែនទឹករបស់ជប៉ុននិងច្បាប់អន្តរជាតិណាមួយទេ នៅពេលនាវាទាំងនោះបើកឆ្លងកាត់ច្រកសមុទ្រ ។
 
ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនត្រូវបានញាំញីដោយជម្លោះទាមទារលើប្រជុំកោះតូចមួយនៅសមុទ្រចិនខាងកើត។ ជប៉ុន ក៏មានជម្លោះដែនដីជាមួយរុស្ស៊ីផងដែរ។ ជម្លោះនេះអាចជាកត្តាមួយដែលរុស្ស៊ីនិងចិនរួមគ្នាធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រជប៉ុនដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរចាប់ពីថ្ងៃទី១៤-១៧ ខែតុលាដែលរួមមាននាវាចម្បាំង និងនាវាគាំទ្ររបស់កងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំង បានបង្កើតទំនាក់ទំនងយោធានិងការទូតកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលទំនាក់ទំនងរបស់ប្រទេសទាំងពីរជាមួយបស្ចិមប្រទេសមិនសូវល្អដូចគ្នា៕

Tag:
 ជប៉ុន
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com