ជាតិ
ស្ថានភាពទឹកទន្លេសេសាន និង​ទន្លេស្រែពក​ ចាប់ផ្ដើមស្រកចុះ
20, Oct 2021 , 2:57 pm        
រូបភាព
ស្ថានភាពទឹកជំនន់ ក្នុងខេត្តរតនគិរី នៅថ្ងៃទី១៩ ខែតុលា។ រូបភាព សាខាកាកបាទក្រហមខេត្តរតនគិរី។
ស្ថានភាពទឹកជំនន់ ក្នុងខេត្តរតនគិរី នៅថ្ងៃទី១៩ ខែតុលា។ រូបភាព សាខាកាកបាទក្រហមខេត្តរតនគិរី។
ស្ថានភាពទឹកទន្លេសេសាន និងទន្លេស្រែពក ខេត្តរតនគិរី ចាប់ផ្ដើមស្រកចុះហើយ ខណៈអាកាសធាតុស្រឡះ និងមិនមានភ្លៀងធ្លាក់។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា គ្រោះទឹកជំនន់ក្នុងខេត្តរតនគិរី មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយ។


គិតត្រឹមថ្ងៃទី២០ ខែតុលានេះ ស្ថានភាពគ្រោះទឹកជំនន់ក្នុងខេត្តរតនគិរី ចាប់ផ្ដើមប្រសើរវិញ ដោយទន្លេសេសាន និងទន្លេស្រែពក ចាប់ផ្ដើមស្រកចុះវិញ។ «ស្ថានភាពទឹក គឺទន្លេសេសានស្រកហើយ គឺស្រកបានជាងកន្លះម៉ែត្រ អ៊ីចឹងវាក្រោមប្រកាសអាសន្ន។ ចំណែកទន្លេស្រែពក ក៏ស្រកដែរ ប៉ុន្តែស្រកតិច»។ នេះជាការអះអាងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
 
ទាក់ទងនឹងគ្រោះទឹកជំនន់ក្នុងខេត្តរតនគិរីនេះ អភិបាលខេត្តរូបនេះ លើកឡើងថា​ មិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបណ្ដាលឱ្យបាត់បង់អាយុជីវិតពលរដ្ឋនោះឡើយ។ ដ្បិតបច្ចុប្បន្នស្ថានភាពទឹកក្នុងខេត្តរតនគិរី ចាប់ផ្ដើមធូរស្បើយ ប៉ុន្តែអាជ្ញាធរ នៅតែបន្តតាមដាន និងត្រួតពិនិត្យស្ថានភាពបន្តទៀតផងដែរ។
 
បើតាមរបាយការណ៍រដ្ឋបាលរតនគិរី នៅថ្ងៃទី១៩ ខែតុលា ជំនន់ទឹកភ្លៀងក្នុងខេត្តរតនគិរីបណ្ដាលមកពីឥទ្ធិពលព្យុះ និងមូសុងនិរតីខ្លាំង ធ្វើ​ឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ប៉ះពាល់ដល់ស្រុកលំផាត់ តាវែង អណ្ដូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ។ ទន្ទឹមនឹង​នេះ គ្រោះធម្មជាតិនេះ បានប៉ះពាល់ពលរដ្ឋជាង២ពាន់គ្រួសារ ដោយជម្លៀសពលរដ្ឋ​ចំនួន ៧៧គ្រួសារទៅទីទួលសុវត្ថិភាព។
 
របាយការណ៍ដដែល បន្តថា​ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យជន់លិចលំនៅដ្ឋានពលរដ្ឋ ៩៨២ខ្នង, សាលារៀន៥ខ្នង, វត្តអារាម៣កន្លែង, តូបលក់អីវ៉ាន់៧៥តូប និងរោងជាងសិប្បកម្មផ្សេងៗ ១៣កន្លែង។ ក្រៅពីនេះផ្ទៃដីស្រែចំនួន ១ ០៧៧ហិកតា បានលិចលង់ ខណៈគោ ២៤៨ក្បាល, ជ្រូក ១១៦ក្បាល, មាន់ទា ១ ០៦៥ក្បាល ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ បន្ថែម​លើ​នេះ​ បានជន់លិចផ្លូវគ្រួសក្រហមប្រវែង ១៥ ៦០០ម៉ែត្រ, ស្ពានបេតុង ១១កន្លែង, លូកាត់ផ្លូវ ១១កន្លែង, អណ្ដូងស្នប់ ៩៣កន្លែង, អណ្ដូងលូ ៣៦៨ និងបង្គន់អនាម័យ ៤៨១៕

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
  រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com