ជាតិ
បក្សីសមុទ្របុលវ័រ ត្រូវបានកត់ត្រាជាលើកដំបូង នៅកម្ពុជា
21, Oct 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែតុលា លោកផល្លី ណាក់ ជាកសិករក្នុងខេត្តរតនគិរី បានប្រទះសត្វ បក្សីសមុទ្របុលវ័រមួយក្បាលហើរចូលក្នុងផ្ទះ និងបានដោះលែងទៅវិញនៅថ្ងៃដដៃល។  បក្សីសមុទ្របុលវ័រ ជាសត្វដែលកម្រនៅដែនទឹកអាស៊ីអាគ្នេយ៍ ដែលបន្តពូជនៅតំបន់កោះតូចៗនៅសមុទ្រចិនខាងកើត និងប៉ាស៊ីហ្វិកខាងលិច និងនៅកោះរីយូឃ្យូភាគខាងត្បូងប្រទេសជប៉ុន។ លោក ថុល សុវណ្ណារិទ្ធ  ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាប បានអះអាងថា វត្តមានបក្សីសមុទ្របុលវ័រនេះ ជាកំណត់ត្រាដំបូងបំផុតសម្រាប់កម្ពុជា។



លោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាប បានបញ្ជាក់ថា​ សត្វបក្សីសមុទ្របុលវ័រ (Bulwer’s Petrel) ត្រូវបានកត់ត្រាដំបូងនៅក្នុងឆ្នាំ២០២១ បន្ទាប់ពីកសិករនៅក្នុងខេត្តរតនគិរី បានជូនដំណឹងដល់ក្រុមការងារជីវិតសត្វស្លាប ។ លោក សុវណ្ណារិទ្ធ បានសន្និដ្ឋានថា បក្សីសមុទ្រនេះ អាចមកតាមព្យុះទីហ្វុង បក់ពីដែនសមុទ្រមកតំបន់ដីគោក។
 
ប្រធានគម្រោងរបស់អង្គការជីវិតសត្វស្លាបរូបនេះ បានបញ្ជាក់ដូច្នេះ៖ « ពេលនេះបក្សីនោះត្រូវបានម្ចាស់ផ្ទះដោះលែងហើយ គេមិនទុកទេ។ បន្ទាប់ពីលែងទើបគាត់ជូនដំណឹងឱ្យក្រុមការងារបានដឹង។ បើនិយាយទៅខ្ញុំក៏មិនបានឃើញផ្ទាល់ដែរ បានត្រឹមមើលតាមរូបថតពីរសន្លឹកនោះប៉ុណ្ណោះ»។
 
បើតាម លោក សុវណ្ណារិទ្ធ សត្វបក្សីនេះ មិនទាន់ទៅណាឆ្ងាយនោះទេ ដោយវាហើរជិតៗផ្ទះរបស់កសិករនៅឡើយ ព្រោះវាមានរបួស។« ពេលនេះខ្ញុំមិនទាន់អាចសន្និដ្ឋានពី​ស្ថានភាពបក្សីសមុទ្របុលវ័រមួយក្បាលនោះទេ ព្រោះខ្ញុំមិនទាន់ឃើញផ្ទាល់ភ្នែក។ តែបើតាមម្ចាស់ផ្ទះប្រាប់ វាដូចជាមានរបួសជើង»។ នេះបើតាមលោក សុវណ្ណារិទ្ធ ដែលបញ្ជាក់ថា អង្គការជីវិតសត្វស្លាប នៅតែពិនិត្យ ហើយតាមដានពីបក្សីនេះបន្ត​៕

Tag:
 បក្សីសមុទ្រ
  បុលវ័រ
  កំណត់ត្រាដំបូង
© រក្សាសិទ្ធិដោយ thmeythmey.com