ជាតិ
សិល្បះ
សិល្បករចាស់ៗខ្លះ កំពុងរស់ក្នុងជីវភាពទីទាល់ក្រ ទាំងខ្លួនរួបរឹតដោយជំងឺ
20, Oct 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សិល្បករ សិល្បការិនី ជើងចាស់មួយចំនួន ដែលបានបម្រើ និងខំលើកស្ទួយវិស័យសិល្បៈខ្មែរ តាំងពីសម័យបែងសង្គ្រាមភ្លាមៗនោះ ពេលនេះអស់លោក កំពុងរស់នៅយ៉ាងត្រដាបត្រដួស ទាំងដែលខ្លួនរួបរឹតដោយជំងឺ។ សិល្បករទាំងនោះ អះអាងថា គាត់ពុំហ៊ានត្អូញត្អែរប្រាប់ សង្គមឡើយ ព្រោះខ្លាចមហាជន មិនពេញចិត្ត។


លោក នូ ស៊ឹប គឺជាសិល្បករផ្នែកចម្រៀង ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ តាំងពីឆ្នាំ១៩៧៩ម្ល៉េះ។ ចម្រៀងរបស់លោកកាលនោះ គឺសុទ្ធសឹងតែជាចម្រៀងរួបរួមជាតិ គឺច្រៀងដើម្បីប្រមូល ប្រជាជនខ្មែរឱ្យរួបរួមសាមគ្គីគ្នា ក្រោយសម័យប៉ុលពត។ 
 
បច្ចុប្បន្នលោក នូ ស៊ឹប ដែលមានវ័យ៧៤ឆ្នាំ បានកំពុងរស់នៅជាមួយនឹងជំងឺលើសឈាម ជើងឈឺមួយចំហៀង រួមទាំងជំងឺមួយចំនួនទៀត ទាំងក្នុងជីវភាពយ៉ាងត្រដាបត្រដួស។ លោកត្រូវរីងរៃខ្លួន ថែមទាំងខ្ចីប្រាក់គេបន្ថែមផង ដើម្បីព្យាបាលជំងឺទាំងនោះ ប៉ុន្តែនៅតែមិនជា បើទោះបីជាចំណាយអស់ប្រាក់រាប់ម៉ឺនដុល្លារហើយក្ដី។ 


 លោក នូ ស៊ឹប គឺជាសិល្បករផ្នែកចម្រៀង ដែលបានចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ តាំងពីឆ្នាំ១៩៧៩ម្ល៉េះ

ម្ចាស់បទ"អនិច្ចាអ្នកស្រែ" រូបនេះ ថាលោកមិនហ៊ាន អំពាវនាវស្វែងរកជំនួយ ពីសប្បុរសជនទៀតទេ ដ្បិតអី លោកខ្លាចអាប់ឱនដល់កិត្តិយសជាតិ ម្យ៉ាងខ្លាចមហាជនមានការថ្នាំងថ្នាក់ចិត្ត ម្ល៉ោះហើយលោកស៊ូទ្រាំរស់តាមលទ្ធភាពចុះ។
 
លោក នូ ស៊ឹប បញ្ជាក់៖«ចំណាយប្រាក់ព្យាបាលជំងឺអស់ម៉ឺនដុល្លារ ដល់ថៃតែមិនជា។ គេឱ្យវះតែគេមិនធានា ខ្ញុំខ្លាចឈឺកាន់តែធ្ងន់ ទៅច្រៀងមិនបានខ្ញុំក៏មិនវះ។ មានមិត្តភ័ក្ដិជាអ្នកធំៗដែរ តែខ្ញុំមិនហ៊ានពឹងគេច្រើនទេ។ ខ្ញុំក៏មិនហ៊ានអំពាវនាវដល់សាធារណជនដែរ ព្រោះខ្ញុំធ្លាប់និយាយកាលលើកមុនដែរ តែមានគេប្រតិកម្មមកខ្ញុំច្រើន។ ដូច្នេះខ្ញុំមិនហ៊ាននិយាយអ្វីទៀតទេ ស៊ូរស់បែបនេះចុះ»។
 
មិនមានផ្ទះផ្ទាល់ខ្លួន លោក នូ ស៊ឹប បច្ចុប្បន្នកំពុងស្នាក់នៅជាមួយប្អូន ដែលមានជីវភាពខ្វះខាតដែរ។ ដើម្បីអាចមានជម្រកត្រឹមត្រូវ លោកបានប្រមូលប្រាក់ដែលខំសន្សំ ពីការផ្ដល់ជំនួយកាលលើកមុន និងទៅខ្ចីប្រាក់គេខ្លះផង ដើម្បីជួយប្អូនធ្វើផ្ទះ គ្រាន់មានទ្រនំជ្រកកំដរវ័យជរានេះ។ 
 
លោក នូ ស៊ឹប ដែលអះអាងថា លោកច្រៀងបណ្ដើរកាន់កាំភ្លើងបណ្ដើរ ហើយកាលណាមានផ្ទុះអាវុធត្រូវរត់ចូលព្រៃ កាលសម័យមិនទាន់អស់ទាហានប៉ុលពត បច្ចុប្បន្នបានទទួលបានប្រាក់ខែយោធាចូលនិវត្ត ពីរដ្ឋាភិបាល ៦០ម៉ឺនរៀលដែរ។ 
 
«អ្នកជួយជួន២០០ដុល្លារ ជួន១ ០០០ដុល្លារ តែយូរៗមានម្ដង។ មានគេជួយហូរហែដែរ កាលពីមុន។ ខ្ញុំទៅច្រៀងម្ដងបាន៥០ដុល្លារ។ ប្រាក់ដែលគេឧបត្ថម្ភ ខ្ញុំមិនហ៊ានចាយផ្ដេសផ្ដាសទេ សន្សំទុកព្យាបាលជំងឺខ្លះ ហើយជួយប្អូនធ្វើផ្ទះខ្លះ ព្រោះគ្នាក៏ខ្វះខាតខ្ចីគេដែរ»។ នេះជាការអះអាងរបស់លោក នូ ស៊ឹប។
 
ចម្រៀងដែលលោកធ្លាប់បានច្រៀង ក្នុងសម័យបែកសង្គ្រាមភ្លាមៗ និងសម័យបន្តបន្ទាប់រួមមាន”សមរភូមិស្រែកហៅ” “វិលវិញណាកូន” “វិប្បដិសារី” “លោហិតស្ទឹងសែន” ឬ “កំពង់ធំទំព័រថ្មី” “អនិច្ចាអ្នកស្រែ” “ផ្ការោយមុនរដូវ” “សំពៅមនសិការ” និង “និស្សិតក្មេងវត្ត” ជាដើម។
 
ចំណែកលោក ឈុំ ប៊ុនឈឿន ហៅតាចេក ដែលមានជំនាញខាងសិល្បៈកំប្លែង ដឹងនាំរឿង និងល្ខោនបាសាក់នោះ ក៏កំពុងរស់នៅក្នុងជីវភាពខ្វះខាតដែរ។ តាចេក បច្ចុប្បន្នកំពុងតែជួលតូបគេមួយកន្លែង នៅផ្លូវឡើងទៅរមណីយដ្ឋានគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីលក់ផ្លែឈើផ្គត់ផ្គង់ជីវភាព។ តារាកំប្លែងរាងស្គមខ្ពស់រូបនេះ ក៏មិនហ៊ានអំពាវនាវសុំការអាណិតអាសូរពីមហាជនដែរ ដ្បិតអីលោកធ្លាប់ទទួលបានពាក្យចំអកឡកឡាយច្រើន កាលកន្លងមក។
 
«ខ្ញុំធ្លាប់និយាយប្រាប់គេ ពីការខ្វះខាតរបស់ខ្ញុំ តែគេថាខ្ញុំត្អូញត្អែរម្ល៉េះ។ ដូច្នេះខ្ញុំមិនសូវហ៊ាននិយាយទេ។ សុខចិត្តរស់ស្ងប់ស្ងាត់ចុះ។ មានអ្នកខ្លះគេច្រឡំថា ខ្ញុំជាអ្នកមាន ខ្ញុំសុំបញ្ជាក់ថាខ្ញុំមិនមានទេ។ ពេលនេះខ្ញុំមិនមានសល់អ្វីឡើយ សូម្បីផ្ទះដែលខ្ញុំដាក់លក់ ដើម្បីដោះបំណុលគេ ក៏លក់មិនដាច់ដែរ»។ នេះជាការអះអាងរបស់លោក ប៊ុនឈឿន។ 
 
មានវ័យ៦៦ឆ្នាំ លោកតាចេក ដែលបានចូលបម្រើសិល្បៈតាំងពីឆ្នាំ១៩៨១នោះ បច្ចុប្បន្នកំពុងលក់ផ្លែឈើ មានចេក ខ្នុរ ទំពាំងជាដើម ដោយត្រូវជួលតូបដើម្បីលក់ផង និងស្នាក់នៅទីនោះ ជុំគ្រួសារដែលមានសមាជិក៧នាក់ផង។ ទើបតែលក់បានរយៈពេលប្រហែលជាង១ខែ ជាអកុសល លោកត្រូវបានចោរលួចប្រាក់អស់ជាង២លានរៀល រួមទាំងទូរសព្ទរបស់លោក និងកូនអស់២គ្រឿងថែមទៀត ព្រោះតែតូបដែលលោកស្នាក់នៅនោះ មិនមានជញ្ជាំង ឬទ្វារបិទបាំងត្រឹមត្រូវ។
 


លោក ឈុំ ប៊ុនឈឿន ហៅតាចេក ដែលមានជំនាញខាងសិល្បៈកំប្លែង ដឹកនាំរឿង និងល្ខោនបាសាក់

លោក ឈឿន បញ្ជាក់៖«ក្នុងមួយតូបទំហំជាង៣ម៉ែត្រ មួយខែ៥០ដុល្លារ ដល់ពេលនេះមានកូវីដ គេថាលក់មិនសូវដាច់គេក៏ចុះឱ្យ ២តូបគេគិតតែ៥០ដុល្លារទេ។ តូបមានតែដំបូលទេ ហើយយើងត្រូវបាំងស័ង្កសីដោយខ្លួនឯង។ ខ្ញុំចិញ្ចឹមចៅ៤នាក់ រួមទាំងកូនប្រពន្ធ ទាំងអស់គ្នា៧នាក់។ កំពុងតែអត់ហើយ ចោរចូលលួចអស់ប្រាក់ទៀត។ គេលួចពេលយប់ ដេកមិនដឹង។ តូបយើងមិនមានទ្វារត្រឹមត្រូវទេ យើងបាំតែងស័ង្កសី និងឫស្សីបន្តិចបន្តួចគ្រាន់ស្នាក់បាន»។ 
 
កំពុងតែទាល់ក្រម្លឹងហើយ លោកតាចេក អះអាងថា លោកត្រូវគេបោករឿងទិញដីថែមទៀត។ លោកថាប្រាក់ដែលសប្បុរសជន ជួយឧបត្ថម្ភកាលលើកមុន លោកខំសន្សំរហូតទិញបានដី៣ហិកតា នៅជិតជើងភ្នំគិរីរម្យ ដើម្បីទុកដាំដំណាំគ្រាន់ផ្គត់ផ្គង់ជីវភាពពេលខ្លួនជរា។ ទោះជាយ៉ាងណា លោកក៏បានប្ដូរចិត្តលក់ដីនោះវិញ ដើម្បីយកប្រាក់សងធនាគារ ប៉ុន្តែអ្នកដែលទិញដីរបស់លោក តាំងពីឆ្នាំមុនរហូតដល់បច្ចុប្បន្ន ចេះតែពន្យារពេលបង់ថ្លៃដីនោះរហូត។
 
«ក្នុងមួយហិកតាខ្ញុំលក់តម្លៃ ១,៥០០ដុល្លារ ដោយ៣ហិកតាមបាន៤,៥០០ ប៉ុន្តែរយៈពេលមួយឆ្នាំ គេឱ្យខ្ញុំបានតែ១,៦០០ប៉ុណ្ណោះ។ គេតែងសន្យាថា ឱ្យស្អែក រួចលើកទៅខានស្អែក គិតទៅតាំងពីភ្ជុំឆ្នាំមុន ឥឡូវភ្ជុំម្ដងទៀតទៅហើយ។ មើលទៅគេមិនឱ្យទេ។ កាលនោះ ព្រោះតែខ្ញុំទាល់ប្រាក់ខ្លាំងពេក ទើបខ្ញុំលក់។ ខ្ញុំខ្ចីធនាគារ និងឯកជន ប្រហែល២ម៉ឺន។ ខ្ញុំអង្វរធនាគារសុំពន្យារពេលបង់ និងបន្ទូរបន្ថយការបង់ គេក៏ឱ្យខ្ញុំបង់មួយខែ៥០ដុល្លារ រហូតដល់ពេលនេះ។ ផ្ទះនិងដីនៅកណ្ដាលស្ទឹង ក៏លក់មិនទាន់ដាច់»។ នេះជាការពន្យល់របស់លោកតាចេក។
 
តួអង្គល្ខោនបាសាក់រូបនេះ បន្ថែមទៀតថា ទោះលោកលក់ផ្លែឈើដាច់ ឬមិនដាច់ ក៏លោកនៅទ្រាំលក់បន្តទៀតដែរ ព្រោះលោកមិនមានជម្រើសផ្សេង។ ជាធម្មតា លោកអាចលក់ផ្លែឈើដាច់បន្តិចបន្តួចនៅថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ។ យ៉ាងណាក៏ដោយ លោកថាអ្នកធ្វើដំណើរកម្សាន្តភាគច្រើន ខ្ចប់អាហារ និងគ្រឿងបរិភោគពីផ្ទះទៅខ្លួនឯង។
 
ងាកមកអ្នកស្រី ណយ សំណាង ដែលចូលសិល្បៈតាំងឆ្នាំ១៩៧៩ម្ដង។ បច្ចុប្បន្នអ្នកស្រីមានជន្មាយុ៧៦ឆ្នាំ។ ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ វិញ សិល្បការិនីផ្នែកកំប្លែង និងច្រៀងអាយ៉ៃរូបនេះ មានសុខភាពខ្សោយជាងមុន។ 
 


(ឆ្វេង)អ្នកស្រី ណយ សំណាង ដែលចូលសិល្បៈតាំងឆ្នាំ១៩៧៩ ផ្នែកអាយ៉ៃ និងកំប្លែង ថតជាមួយកូនប្រុសឈ្មោះ វណ្ណា សាក់

ដោយសារតែពិបាកនិយាយ ព្រោះសម្ដីមានសភាពត្រដិតខ្លាំង អ្នកស្រី ណយ សំណាង បានឱ្យប្អូនរបស់អ្នកស្រី គឺលោក ណយ ស៊ីថា ប្រាប់ពីស្ថានភាពជីវភាពរស់នៅរបស់ខ្លួន មកកាន់សារព័ត៌មានថ្មីៗវិញ។ លោក ណយ ស៊ីថា ថាបងស្រីរបស់លោក ក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ ប្រែទៅជាមានសុខភាពទ្រុឌទ្រោមជាងមុន ទទួលទានមិនសូវបាន។  ពិសេសជាងនោះទៅទៀត គឺអ្នកស្រី ណយ សំណាង ពិបាកនិយាយជាងមុនខ្លាំង។ 
 
«រាល់ថ្ងៃបានកូនប្រុសគាត់ផ្គត់ផ្គង់ តែគ្នាក៏រកមិនសូវបានដែរ។ គាត់ដើរបានតិចៗ តែនៅក្នុងផ្ទះ។ កន្លងមកមានសប្បុរសជនជួយខ្លះដែរ ប៉ុន្តែពេលនេះមិនមានទេ។ គាត់មានប្រាក់ចូលនិវត្ត៦៤ម៉ឺនរៀល។ យូរៗម្ដង សមាគមអ្នកនិពន្ធខ្មែរជួយគាត់ខ្លះដែរ»។ នេះជាការអះអាងរបស់លោក ណយ ស៊ីថា។
 
មិនមែនមានតែសិល្បករ និងសិល្បការិនី តែ៣រូបខាងលើនេះ ដែលមានបញ្ហានោះទេ ប៉ុន្តែនៅមានសិល្បករ និងសិល្បការិនី និងគ្រូសិល្បៈចាស់ៗជាច្រើនរូបទៀត ដែលកំពុងរស់ក្នុងជីវីតដ៏លំបាក យ៉ាងស្ងៀមស្ងាត់ ក្នុងជ័យជរារបស់ខ្លួន។ 
 
គ្រូសិល្បៈភាគច្រើនបំផុត លោកមិនចង់លើកដៃសុំជំនួយ ឬប្រកាសដល់សាធារណជន អំពីការខ្វះខាតរបស់លោកឡើយ ក៏ព្រោះតែលោកគិតដល់មុខមាត់ជាតិ។ យ៉ាងណាមិញ អស់លោកក៏តែងគិតថា លោកមិនចង់ឱ្យរំខានដល់សាធារណជន ក្រោមហេតុផលថា នរណាក៏ជួបការលំបាក។ អ្វីដែលធ្វើឱ្យគ្រូសិល្បៈមួយចំនួន ទ្រាំរស់យ៉ាងស្ងៀមស្ងាត់ រហូតដល់ថ្ងៃចែកឋាន ក៏អាចមកពីលោក ខ្លាចពាក្យរិះគន់របស់មហាជន ពេលឃើញលោកធ្លាក់ខ្លួន។
 
តើហេតុអ្វីបានជា សិល្បករ សិល្បការិនី ពិសេសគ្រូសិល្បៈវ័យចំណាស់ភាគច្រើន ពេលវ័យជរាទៅ នៅតែក្រ ឬកាន់តែដុនដាប? តើសាធារណជន គួរគិតយ៉ាងណា ចំពោះគាត់ទាំងអស់គ្នា។ តើគួរជួយពួកគាត់ ដោយវិធីណាមួយ ?៕
 
 
 

Tag:
 សិល្បៈ
  សិល្បករ
  ជីវភាព
  ជំងឺ
  ចាស់ៗ
© រក្សាសិទ្ធិដោយ thmeythmey.com