ជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ថ្នាំនិងជីកសិកម្មឡើងថ្លៃ ព្រោះប្រទេសផលិត ខ្វះលទ្ធភាពផ្គត់ផ្គង់
21, Oct 2021 , 2:57 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបក្នុងប្រអប់) និងរូប កសិករក្នុងភូមិធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រមូលផលស្រូវរបស់ខ្លួន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រូបក្នុងប្រអប់) និងរូប កសិករក្នុងភូមិធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ប្រមូលផលស្រូវរបស់ខ្លួន។
ភ្នំពេញ៖ បច្ចុប្បន្នថ្នាំកសិកម្ម និងជីកសិកម្ម កើនតម្លៃខ្ពស់នៅលើទីផ្សារ។ ការកើនឡើងតម្លៃនេះ ដោយសារប្រទេសផលិតមិនមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់ ខ្វះវត្ថុធាតុដើមផលិត  ការកាត់បន្ថយកម្លាំងពលកម្មផលិត និងការចំណាយពេលច្រើនក្នុងការដឹកជញ្ជូនជាដើម។



ស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ វិស័យកសិកម្មនៅតែអាចដំណើរការធម្មតា ខណៈអាជីវកម្មតូចធំមួយចំនួនត្រូវបានបិទទ្វារ ជាពិសេសវិស័យទេសចរណ៍។ ដ្បិតវិស័យកសិកម្មអាចដំណើរការទៅពិតមែន ប៉ុន្តែវិស័យនេះ បានជួបបញ្ហាការឡើងថ្លៃថ្នាំ និងជីកសិកម្ម។ ការកើនតម្លៃនៅពេលនេះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មពន្យល់ថា ដោយសារបញ្ហាមួយចំនួនរបស់ប្រទេសផលិត។ 
 
បញ្ហាធ្វើឱ្យថ្នាំនិងជីកសិកម្មឡើងថ្លៃ បណ្ដាលមកពីប្រទេសផ្គត់ផ្គង់ធំៗ ខ្វះវត្ថុធាតុដើមទៅដល់ប្រទេសផលិតថ្នាំ និងជីកសិកម្មនាំចេញ ខណៈប្រទេសផលិតដូចជាប្រទេសចិន វៀតណាម ថៃ កាត់បន្ថយកម្លាំងពលកម្មផលិត ដោយសារបញ្ហាជំងឺកូវីដ-១៩។
 
ស្របពេលការកាត់បន្ថយកម្លាំងផលិត តម្រូវការជីកសិកម្ម និងថ្នាំកសិកម្ម នៅតែមានតម្រូវនៅប្រទេសកសិកម្មផ្សេងទៀត ក្រៅពីប្រទេសកម្ពុជា ដែលការផ្គត់ផ្គង់មិនអាចបំពេញតាមតម្រូវការបាន ខណៈការដឹកជញ្ជូនទាមទាររយៈពេលយូរ និងតម្លៃខ្ពស់។ ឯការចំណាយលើការវេចខ្ចប់ឡើងវិញ និងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្ដាល​ ជាហេតុធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្ម មានតម្លៃថ្លៃជាងរោងចក្រផលិត។
 
ទន្ទឹមនឹងនេះ តម្រូវការប្រើប្រាស់ក្នុងប្រទេសមានការកើនឡើង ដោយសារអ្នកវិនិយោគមួយចំនួន ពីវិស័យផ្សេងៗងាកមកវិស័យកសិកម្មវិញ ខណៈកម្ពុជាមិនទាន់មានលទ្ធភាពផលិតជីកសិកម្ម បាននៅឡើយ៕

Tag:
 ThmeyThmey25
  ថ្នាំកសិកម្មឡើងថ្លៃ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com