អន្តរជាតិ
បេក្ខជនឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប៉េកាំង រិះគន់ចិនថា មិនគួរឱ្យទុកចិត្ត
21, Oct 2021 , 7:29 pm        
រូបភាព
បេក្ខជនអគ្គរដ្ឋទូតអាម៉េរិកប្រចាំចិន លោក Nicholas Burns ថ្លែងក្នុងកិច្ចប្រជុំព្រឹទ្ធសភា។ រូបថត AFP
បេក្ខជនអគ្គរដ្ឋទូតអាម៉េរិកប្រចាំចិន លោក Nicholas Burns ថ្លែងក្នុងកិច្ចប្រជុំព្រឹទ្ធសភា។ រូបថត AFP
ដោយ៖ ឡាយ ស្រីពេជ្រ
 
បេក្ខជនឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns នៅថ្ងៃទី២០ ខែតុលា បានចោទចិនចំៗក្នុងកិច្ចប្រជុំព្រឹទ្ធសភាថា ជាអ្នកឈ្លានពាន និងមិនគួរឱ្យទុកចិត្ត​។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបេក្ខភាពរបស់ខ្លួន លោក Burns រិះគន់ចិនជុំវិញរឿងជាច្រើនយ៉ាច្រើន ហើយទទូចថា ការបង្កើនការការពារចំពោះតៃវ៉ាន់ប្រឆាំងនឹងការគំរាមរបស់ចិន គួរតែជាអាទិភាពរបស់អាម៉េរិក។

 
លោក Nicholas Burn ត្រូវបានប្រធានាធិបតី ចូ បៃឌិន ជ្រើសរើសឱ្យកាន់តំណែងអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ជំនួសលោក Terry Branstad ។ នៅថ្ងៃទី២០ ខែតុលា លោក Burns បង្ហាញខ្លួនចំពោះមុខគណៈកម្មាធិការកិច្ចការការបរទេសព្រឹទ្ធសភាដែលមានតួនាទីអនុម័តបេក្ខភាពរបស់ខ្លួន។ ចំក្នុងការផ្ដល់សក្ខីកម្ម លោក Burns បានរិះគន់ចិនមិនប្រណីមាត់ឡើយចាប់តាំងពីបញ្ហាកោះតៃវ៉ាន់ និងទំនាស់ព្រំដែនចិន-ឥណ្ឌា។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក Burns ប្រកាសប្រឆាំងដាច់ខាតចំពោះការរំលោភបំពានតាមផ្លូវអាកាសរបស់យន្តហោះចម្បាំងចិនចូលទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ជាច្រើនលើក។ លោក Burns លើកឡើងថា អាម៉េរិក ពិតជាមិនអាចទុកចិត្តចិនលើបញ្ហាតៃវ៉ាន់បានទេ ហើយការទទួលខុសត្រូវរបស់អាម៉េរិក គឺត្រូវធ្វើឱ្យកោះតៃវ៉ាន់ក្លាយជាកោះមួយដែលពិបាកនឹងបង្ក្រាប ឬមិនអាចឈ្លានពានបាន។
 
លោក Burns ដែលជាអ្នកការទូតអាជីពម្នាក់ធ្លាប់ធ្វើការនៅក្នុងរដ្ឋាភិបាលបក្សធំៗទាំងពីរ និយាយដោយមិនស្ទាក់ស្ទើរទៀតថា ចិនជាអ្នកឈ្លានពានឥណ្ឌានៅតាមបណ្តោយព្រំដែនជួរភ្នំហិមាល័យ បំពារបំពានវៀតណាម ហ្វីលីពីន និងប្រទេសផ្សេងទៀតនៅសមុទ្រចិនខាងត្បូង ហើយនឹងជប៉ុននៅសមុទ្រចិនខាងកើតទៀតផង។ លើសពីនេះទៅទៀត ទីក្រុងប៉េកាំង ក៏ចាប់ផ្តើមយុទ្ធនាការបំភិតបំភ័យប្រឆាំងនឹងអូស្រ្តាលី និងចំពោះលីទុយអានីថ្មីៗនេះផងដែរ។
 
មិនទាន់អស់ឡើយ លោក Burns បន្តថា ការប្រល័យពូជសាសន៍នៅស៊ីនជាំង ការរំលោភបំពាននៅទីបេ ការបំបិទស្វ័យភាព និងសេរីភាពរបស់ហុងកុង និងការគំរាមតៃវ៉ាន់ ជារឿងអយុត្តិធម៌ហើយត្រូវតែបញ្ឈប់ ។
 
ចំពោះមុខសមាជិកព្រឹទ្ធសភាអាម៉េរិក លោក Burns ក៏អះអាងថា អំណាចរបស់ចិនមិនគួរត្រូវគន់គូរហួសហេតុឡើយ ព្រោះចិនមានមិត្តភក្តិតិចតួចណាស់ និងគ្មានសម្ព័ន្ធមិត្តពិតប្រាកដទេ។ លោកប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាម៉េរិកថា អាម៉េរិកមិនគួរនិយាយលើសពីភាពខ្លាំងរបស់ចិន ឬមើលស្រាលភាពខ្លាំងរបស់ខ្លួនឡើយ តែអ្វីដែលចាំបាច់នោះគឺការជឿជាក់លើអាម៉េរិក គឺជាប្រទេសដ៏រឹងមាំមួយ៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com