COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
COVID-19៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យលោក ឃួង ស្រេង ពិនិត្យករណីប្រាក់ឧបត្ថម្ភគ្រូពេទ្យ ៥០ដុល្លារ
21, Oct 2021 , 5:08 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យមើលករណីប្រាក់ឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យយកសំណាកកូវីដ-១៩ ក្រោយមានគ្រូពេទ្យចូលទៅត្អូញត្អែរនៅក្នុងទំព័រហ្វេសប៊ុកប្រមុខរដ្ឋាភិបាល។


 
«(ខ្ញុំ) បានប្រាប់ទៅអភិបាលរាជធានី ឃួង ស្រេង ឱ្យពិនិត្យដោះស្រាយហើយ»។ នេះជាសារយ៉ាងខ្លីរបស់សម្ដេច ហ៊ុន សែន តបទៅគណនីហ្វេសប៊ុកឈ្មោះ Pagna Run ដែលអះអាងថា ខ្លួនជាក្រុមការងារគ្រូពេទ្យយកសំណាកកូវីដ-១៩ (RRT) នៅរាជធានីភ្នំពេញ។
 
គ្រូពេទ្យ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pagna Run បានរៀបរាប់ទៀតថា ខ្លួនមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ៥០ក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ។ «សូមសម្ដេចជួយក្នុងការសម្របសម្រួលប្រាក់ឧបត្ថម្ភសំរាប់ មន្ត្រី RRT ដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ៥០$ក្នុង ១ថ្ងៃ ប៉ុន្តែតាំងពីខែធ្នូ ឆ្នាំ២០២០មក មិនទាន់បានទទួលប្រាក់ឧបត្ថម្ភសោះ ក៏ប៉ុន្តែសម្រាប់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលចត្តាឡីស័ក និង មណ្ឌលព្យាបាលកូវីដផ្សេងទៀត បានទទួលប្រាក់ឧបត្ថម្ភរួចរាល់ហើយ។ សូមសម្ដេច មេត្តាជួយដោះស្រាយបញ្ហានេះផង ព្រោះពួកខ្ញុំខិតខំយកសំណាកមិនថាយប់ថ្ងៃ សៅរ៍ អាទិត្យអ្វីទេ ក៏ពួកខ្ញុំមិនដែលត្អូញត្អែដែរ»។ នេះជាការលើកឡើងរបស់គ្រូពេទ្យខាងលើ។
 
ភ្លាមៗនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចូលទៅសួរនាំគ្រូពេទ្យម្នាក់នោះ នៅលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែរ ដើម្បីចង់ដឹងពីទីកន្លែង ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pagna Run កំពុងបំពេញការងារ។
 
«ពួកខ្ញុំជាមន្ត្រី RRT នៅ OD ពោធិ៍សែនជ័យ ប៉ុន្តែមិនថាតែខាងខ្ញុំទេ គឺគ្រប់មន្រ្តីនៅតាម OD ផ្សេងដែលជាក្រុមយកសំណាកនៅតាមសហគមន៍ គឺមិនទាន់បានប្រាក់ឧបត្ថម្ភទាំងអស់គ្នាតាំងពីខែធ្នូ ក្នុង២០២០មកម៉្លេះ»។ នេះជាឆ្លើយតបរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pagna Run ។
 



កន្លងមកសម្ដេច ហ៊ុន សែន បានកែសម្រួល និងកំណត់របបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយក្នុងនោះក្រុមការងារនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមណ្ឌលចត្តាឡីស័កកម្រិតពីរ ទទួលបានថវិកាចន្លោះពី១០ម៉ឺន ទៅ២០ម៉ឺនរៀលសម្រាប់គ្រូពេទ្យ១នាក់ ក្នុង១ថ្ងៃ , បុគ្គលិកអនាម័យពេទ្យពី៧ម៉ឺនទៅ១៤ម៉ឺនរៀល ក្នុង១នាក់ និងក្រុមការងារសម្របសម្រួលសុខាភិបាល នៅតាមទីតាំងសំខាន់ នៃការប្រយុទ្ធប្រឆាំងកូវីដ-១៩ នេះ ក៏ទទួលបានពី៦ម៉ឺន ទៅ១០ម៉ឺនរៀលក្នុង១នាក់ដែរ៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com