ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោងដកចេញការតម្រូវឱ្យយកសំណាករក​កូវីដ-១៩ លើសាច់បង្កកនាំចូល​ពី​ឥណ្ឌា ​
21, Oct 2021 , 8:59 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ ​មានប្រភពពីប្រទេសដែលកូវីដ-១៩ឆ្លងរីករាលដាលខ្លាំង។ រូបថត៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ ​មានប្រភពពីប្រទេសដែលកូវីដ-១៩ឆ្លងរីករាលដាលខ្លាំង។ រូបថត៖ ហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
កម្ពុជា គ្រោងដកចេញការតម្រូវឱ្យយកសំណាករក​កូវីដ-១៩ លើសាច់បង្កកដែលនាំចូល​ពី​ឥណ្ឌា។ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការ​រាលដាលនៃជំងឺ​កូវីដ-១៩ នឹង​ស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំ ចំពោះករណីនេះ។ តាមគម្រោង ការដកចេញការតម្រូវឱ្យយកសំណាករក​កូវីដ-១៩ លើសាច់បង្កក​នាំចូល​ពី​ឥណ្ឌា នឹងចាប់អនុវត្តពីថ្ងៃទី២៥ តុលានេះតទៅ។

 
គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នឹង​ស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំ ចំពោះការដកចេញការតម្រូវឱ្យយកសំណាកសាច់បង្កកនាំចូល​ពីប្រទេសឥណ្ឌា ទៅធ្វើតេស្តរក​កូវីដ-១៩។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ ដែលមានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ-១៩ នៅព្រឹកថ្ងៃទី២១ តុលានេះ។ ព័ត៌មាននេះត្រូវបានចុះផ្សាយនៅទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ 
 
​បើតាមប្រភពដដែល បំណងដកចេញការតម្រូវនេះធ្វើឡើងបន្ទាប់ពី​គណៈកម្មការចំពោះកិច្ច​​រកឃើញថា ក្នុងចំណោមទំនិញសាច់បង្កកនាំចូល​ចំនួន ១៥០កុងទឺន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ-១៩ មានតែ ​​​​​​​​​​​​៣​​​​​​​​​​​​​​​​​​​​​​ ​​​​​​​កុងទឺន័រប៉ុណ្ណោះ​​​​​​​​​​​​ ដែ​​​​​​​លមាន«វិជ្ជមាន» កូវីដ-១៩ ហើយសាច់បង្កកទាំងនោះ​​​​​​​​ត្រូវបានដុតបំផ្លាញចោលកាលពីចុងខែកក្កដា ឆ្នាំ២០២១។ ទន្ទឹមនេះ ​ ​ អត្រា​ឆ្លងនៃជំងឺកូវីដ-១៩ នៅប្រទេសសំខាន់ៗដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា ក៏មានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជា​ដែរ​។
 
​ដ្បិតគ្រោង​ដកចេញតម្រូវការធ្វើតេស្តរកកូវីដ-១៩លើសាច់បង្កកនាំចូលពីឥណ្ឌាមែន ប៉ុន្តែកម្ពុជា នៅតែរក្សាការតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កកដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច​ឥណ្ឌាដដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរកម្ពុជា នៅតែបន្តអនុវត្ត​វិធានការអនាម័យ និងវិធានការសុខាភិបាល លើទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញផងដែរ​។ 
 
បើតាមលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលដឹកនាំដោយ​លោក គុណ ញឹម ប្រធានគណៈកម្មការ នៅថ្ងៃព្រហស្បតិ៍នេះ វិធានការកែសម្រួលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលានេះតទៅ។ ក្នុងករណីស្ថានភាព​ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការទាំងនេះ នឹងអាចដកចេញទាំងស្រុង ចាប់ពីដើមឆ្នាំក្រោយ គឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២​។ 
 
សូមរំឭកថា ​កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៣កុងទឺន័រមាន«វិជ្ជមានកូវីដ-១៩» ពោលគឺប្រមាណ១ខែក្រោយពីកម្ពុជាសម្រេចឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា។ សូមជម្រាបដែរថា កម្ពុជាបានផ្អាកនាំចូលសាច់បង្កក និងទំនិញបង្កកពីប្រទេសឥណ្ឌាជាបណ្តោះអាសន្ន ចាប់ពី១ ឧសភា ឆ្នាំ២០២១ ដោយសារកាលណោះឥណ្ឌាមានការឆ្លងរាតត្បាតខ្លាំងក្លាដោយជំងឺកូវីដ-១៩។ មកដល់ពាក់កណ្តាលខែមិថុនា ទើបកម្ពុជា អនុញ្ញាតឱ្យមានការនាំចូលឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ មានសភាពធូរស្រាល ហើយសាច់បង្កក និងទំនិញបង្កកពីប្រទេសនេះកន្លងមក មានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩៕

Tag:
 សាច់បង្កក
 នាំចូល
 ឥណ្ឌា
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com