អន្តរជាតិ
លោក បៃដិន ថា អាម៉េរិកនឹងចេញមុខការពារកោះតៃវ៉ាន់
22, Oct 2021 , 3:06 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ដោយ៖ឡាយ ស្រីពេជ្រ 
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន លើកឡើងនៅថ្ងៃទី២១ ខែតុលាថា ​អាម៉េរិក​នឹងចេញមុខ​​ការពារ​កោះ​តៃវ៉ាន់ ហើយអាម៉េរិកមានការប្ដេជ្ញាដើម្បី​ការពារ​កោះ​នេះដែល​ចិន​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន។​

 
«មែន, យើងមានការប្ដេជ្ញាចិត្តធ្វើបែបនោះ។» នេះជាចម្លើយរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ទៅនឹងសំណួរពីទូរទស្សន៍ CNN ថា តើអាម៉េរិកនឹងចេញជួយកោះតៃវ៉ាន់ដែរឬទេ។ សំណួរនេះ កើតឡើងស្របពេលទីក្រុងប៉េកាំងបង្កើនសកម្មភាពរបស់យោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ខណៈដែលទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសផ្សេងមានសកម្មភាពខ្លាំងនៅរយៈពេលចុងក្រោយនោះ។
 
ដូចដឹងស្រាប់ អាម៉េរិក មិនទទួលស្គាល់តៃវ៉ាន់ឡើយ តែអាម៉េរិកមានច្បាប់ដែលចែងពីការផ្ដល់ការការពារដល់ដែនកោះមួយនេះ។ ដូចនេះហើយ ទើបអាម៉េរិកផ្គត់ផ្គង់សព្វាវុធមិនដែលដាច់ឱ្យតៃវ៉ាន់ ទោះជាធ្វើឱ្យចិនក្ដៅស្លឹកត្រចៀកក្ដី។
 
ទាក់ទងនឹងការការពារនេះ ប្រធានាធិបតីអាម៉េរិក អះអាងថា មនុសគ្រប់គ្នា មិនគួរព្រួយបារម្ភអំពីកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោននោះទេពីព្រោះចិន រុស្ស៊ី និងពិភពលោកទាំងមូលដឹងច្បាស់ហើយថាអាម៉េរិកមានកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ 
 
«អ្វីដែលអ្នកត្រូវព្រួយបារម្ភនោះ គឺថាតើពួកគេនឹងចូលរួមក្នុងសកម្មភាពដែលនឹងធ្វើឱ្យពួកគេបង្កើតកំហុសដ៏ធ្ងន់ធ្ងរឬទេ?» លោក បៃឌិន និយាយបែបនេះដោយមិនសំដៅចិន​ ឬរុស្ស៊ី ឬប្រទេសណាឡើយ។ ប៉ុន្តែលោក បៃឌិន បន្ថែមថា មិន​ចង់​មាន​សង្គ្រាម​ត្រជាក់​ជាមួយ​ចិន​ទេ តែលោកគ្រាន់តែចង់ឱ្យចិនយល់ថា អាម៉េរិកនឹងមិនដើរថយក្រោយ និងមិនផ្លាស់ប្តូរទស្សនៈណាមួយឡើយ។
 
ក្នុងខែតុលានេះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng ធ្លាប់លើកឡើងថា ភាពតានតឹងផ្នែកយោធារវាងតៃវ៉ាន់និងចិនស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ លោក Chiu បន្ថែមថា ចិននឹងអាចបង្កើនការឈ្លានពានលក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំ២០២៥ ថែមទៀត។
 
ទាក់ទងរឿងនេះដែរ តំណាងចិនប្រចាំអង្គការសហប្រជាជាតិ ចាង ជុន ប្រាប់អ្នកសារព័ត៌មានថា តៃវ៉ាន់ ជាបញ្ហាដែលសំខាន់ និងងាយនឹងមានជម្លោះបំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយអាម៉េរិក។​ ឯកអគ្គរដ្ឋទូតចិនរូបនេះកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែតុលាថា ចិនកំពុងបន្តការបង្រួបបង្រួមប្រកបដោយសន្តិភាពជាមួយតៃវ៉ាន់ និងកំពុងឆ្លើយបតបទៅនឹងការប៉ុនប៉ងបំបែកខ្លួនរបស់តៃវ៉ាន់ដែលដឹកនាំដោយលោកស្រី Tsai Ing-wen ។
 
អ្នកណាជាអ្នកបង្កបញ្ហា? លោក ចាង និយាយការពារថា ចិនមិនមែនជាអ្នកបង្កបញ្ហាទេ។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនជាពិសេសអាម៉េរិកកំពុងតែចាត់វិធានការដ៏គឃ្លើនដែលនាំឱ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ទៅជាទិសដៅដ៏គ្រោះថ្នាក់។ តាមអ្នកការទូតចិន អាម៉េរិកគួរតែបញ្ឈប់ការអនុវត្តបែបនេះ ហើយការអូសកោះតៃវ៉ាន់ចូលទៅក្នុងសង្រ្គាមប្រាកដជាគ្មានផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ឯអាម៉េរិក ក៏មិននឹងទទួលបានអ្វីពីវានោះដែរ៕
 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com