COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ បើមានអ្នកឆ្លងកូវីដ-១៩ នៅរោងចក្រ ផ្សារ សាលារៀន…គឺលែងបិទទាំងមូលទៀតហើយ
22, Oct 2021 , 3:43 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន លែងឱ្យបិទទីតាំងឆ្លងកូវីដ-១៩ ទាំងមូលទៀតហើយ បើសិនជាទីកន្លែងនោះ មានអ្នកឆ្លងត្រឹម២ ឬ៣នាក់។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ តុលា។


«ចាប់ពីពេលនេះទៅ ដំណើការរបស់យើង ឧទាហរណ៍ថា រោងចក្រមួយ មានអ្នកឆ្លង(កូវីដ-១៩) ២ ឬ៣នាក់ អ៊ីចឹងតែ២ ឬ៣នាក់នោះ ទៅសម្រាក(ព្យាបាល)បានហើយ កុំបិទរោងចក្រទាំងមូល»។ នេះជាការពន្យល់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា តាមសាលារៀន ផ្សារ និងកន្លែងអាជីវកម្មផ្សេងៗទៀត ក៏ដូចគ្នាដែរ។
 
ថ្លែងក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន បានបន្ថែមថា៖«(ពីមុន) ផ្សារមានអ្នកលក់ឆ្លង យើងបិទទាំងមូល តែឥឡូវយើងអត់ធ្វើអ៊ីចឹងទៀតទេ យើងយកតែអ្នកដែលមានវិជ្ជមានទៅសម្រាកនៅពេទ្យទៅ រួចហើយបាញ់ថ្នាំសម្លាប់មេរោគហើយ នាំគ្នាលក់ទៀតទៅ»។
  


កន្លងមក រដ្ឋាភិបាល តាមរយៈក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានចុះអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ដោយចុះរករក និងប្រមូលអ្នកជំងឺ និងជាប់ពាក់ព័ន្ធមកធ្វើតេស្តសំណាក ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ រួមទាំងបិទទីតាំងនោះ ទាំងមូលតែម្ដង ។ បើតាមសម្ដេច ហ៊ុន សែន មូលហេតុដែលរដ្ឋាភិបាល ចេញវិធានការបែបនេះ ដោយសារតែគ្រានោះ មិនទាន់មានវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ ឱ្យពលរដ្ឋគ្រប់គ្រាន់។ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងច្រើន ចាក់ឱ្យពលរដ្ឋហើយ ទើបសម្ដេច សម្រេចលែងឱ្យបិទទីតាំងឆ្លងទាំងមូលនេះ។
 
មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាល ក៏កំពុងរៀបចំបើកប្រទេសឡើងវិញ ក្រោយឃើញស្ថានភាពឆ្លងកូវីដ-១៩ ស្រាកស្រាន្តនេះ។ បើស្ដាប់តាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល នៅកិច្ចប្រជុំពេញអង្គនោះ ឱកាសខ្ពស់នៃការបើកដំណើការជាប្រក្រតីឡើងវិញ នូវអាជីវកម្ម សាលារៀន និងកន្លែងកម្សាន្តជាដើម នឹងអាចធ្វើទៅបាននាចុងឆ្នាំនេះ។
 
បច្ចុប្បន្នកម្ពុជា មានប្រជាពលរដ្ឋ ជិត១៣លាននាក់ ដែលបានចាក់វ៉ាក់សាំង២ដូស។ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ១១៧,៥០០នាក់ ខណៈអ្នកជាសះស្បើយ១១២ ,៣៨៣នាក់ និងអ្នកស្លាប់២ ,៧១៥នាក់៕

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com