ជាតិ
ផ្ទះពលរដ្ឋ៧៤ខ្នង ក្នុងខេត្តកំពត រងការខូចខាតដោយខ្យល់កន្ត្រាក់
22, Oct 2021 , 6:59 pm        
រូបភាព
 ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន៧៤ខ្នង រងការខូចខាត កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ រូបភាពផ្ដល់ដោយ លោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស។
ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន៧៤ខ្នង រងការខូចខាត កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ រូបភាពផ្ដល់ដោយ លោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស។
កំពត៖ ផ្ទះពលរដ្ឋចំនួន៧៤ខ្នង រងការខូចខាតដោយសារភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ បើតាមលោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស បាតុភូតនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឡើយ។


ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានប៉ះពាល់ដល់លំនៅដ្ឋានរបស់ពលរដ្ឋក្នុងឃុំចំនួនបី រួមមានឃុំស្ដេចគង់ខាងលិច ឃុំស្ដេចគង់ខាងត្បូង  និងឃុំស្ដេចគង់ជើង ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត លោក ប៉ វី អភិបាលរងស្រុកបន្ទាយមាស អះអាងថា ក្នុងចំណោមផ្ទះពលរដ្ឋរងគ្រោះ ៧៤ខ្នង មានផ្ទះរងគ្រោះធ្ងន់១១ខ្នង, មធ្យម១៧ខ្នង និងស្រាល៤៦ខ្នង។
 
«អត់មានប៉ះពាល់ដល់អាយុជីវិតពលរដ្ឋទេ គ្រាន់តែមានរបួសប៉ះត្រូវដៃ ឬប៉ះជើងពលរដ្ឋ បន្តិចបន្តួចដែរ»។ នេះជាការបញ្ជាក់របស់លោក ប៉ វី ដោយលោកបន្ថែមថា ក្រោយហេតុការណ៍ខាងលើ អាជ្ញាធរ បានចុះអន្តរាគមន៍ដល់ពលរដ្ឋ ខណៈនៅរសៀលថ្ងៃទី២២ ខែតុលា នេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នឹងចុះទៅពិនិត្យដល់ទីតាំងដោយផ្ទាល់ និងចុះចែកអំណោយជូនពលរដ្ឋផងដែរ។
 
អភិបាលរងស្រុកបន្ទាយមាសរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះមហន្តរាយនានា ដែលកើតមានជាយថាហេតុ ក៏ដូចជាតាមដានដោយយកចិត្តទុកដាក់ លើការព្យាករអាកាសធាតុ និងត្រូវរាយការណ៍ដល់អាជ្ញាធរ ក្នុងករណីជួបគ្រោះមហន្តរាយនានា។
 
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្ពុជានឹងរងឥទ្ធិពលសម្ពាធខ្ពស់ពីចិន និងសម្ពាធទាបពីឥណ្ឌា។ ការណ៍នេះធ្វើឱ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល អាចនឹងមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅបង្គួរ លាយឡំនឹងផ្គររន្ទះ ខណៈរាជធានី-ខេត្តភាគខាងក្រោម និងមានព្រំប្រទល់ជាប់នឹងវៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ ឯបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។ រីឯតំបន់មាត់សមុទ្រអាចនឹងមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ។
 
គួររម្លឹកផងដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២១ ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះពលរដ្ឋក្នុងខេត្តកំពតចំនួន ១៥ខ្នង របើកដំបូល ខណៈគ្រោះរន្ទះបាញ់ សម្លាប់មនុស្ស២នាក់ រងរបួស២នាក់ និងងាប់គោក្របីចំនួន ៣ក្បាលផងដែរ។ នេះបើយោងតាមទិន្នន័យការប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយក្នុងរយៈពេល៨ខែ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត៕
 
 
 

Tag:
 ThmeyThmey25
  គ្រោះមហន្តរាយ
  កំពត
  រំលំផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com